Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់មិត្តភក្តិព្រោះជម្លោះក្នុងការសេពគ្រឿងញៀន នៅខេត្តកណ្តាលមកសម្ងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់ខ្លួន

spot_img

បន្ទាយមានជ័យ ៖ នេះជាផលគ្រោះអាក្រក់មួយនៃការសេពគ្រឿងញៀន ។ ជនល្មើសជាឃាតកបានជក់ម៉ា ហើយបានសម្លាប់មិត្តភក្តិនៅឯខេត្តកណ្តាល រួចរត់គេចខ្លួនមកសម្ងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត ប៉ុន្តែទីបំផុតត្រូកម្លាំងកងរាជវអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតចាប់ខ្លួនបាន។

ការចាប់ខ្លួននេះយោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៣១ ដក.បចខ របស់សាលដំបូងខេត្តកណ្តាលស្តីពីករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

លោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញដឹកនាំដោយលោកតែម្តងបានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យបាន១នាក់ នៅក្នុងបន្ទប់ជួលឈ្មោះ យឺន ចន្ទី ហៅ ទី ភេទ ប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើតភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណ:គេបានមកសម្ងំលាក់ខ្លួនស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌បានឲ្យដឹងថា ៖ តាមការសាកសួររបស់កម្លាំងជំនាញជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៥ រូបគេ ជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ផារ៉ូត និងជនរងគ្រោះឈ្មោះ លី បានជិះម៉ូតូរបស់ជនរងគ្រោះទាំង៣នាក់ទៅជក់គ្រឿងញៀននៅក្នុងព្រៃឬស្សី ខាងក្រោយវត្តពោធិសាត់ខេត្តកណ្តាល ។

ពេលសេពគ្រឿងញៀនរួចក៏មានការទាស់សម្តីគ្នាជាមួយជនរងគ្រោះហើយឈ្មោះទីនិងឈ្មោះ ផារ៉ូត ក៏បានព្រួតគ្នាវាយនិងបានយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះ ហើយយកសោរម៉ូតូចាក់ទៅលើបំពង់កជនរងគ្រោះសម្លាប់បំបិទមាត់តែម្តង។

ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យ បានយកទ្រព្យសម្បត្តិនៅជាប់ខ្លួនរបស់ជនរងគ្រោះ និងជិះម៉ូតូរបស់ជនរងគ្រោះ យកទៅលក់នៅទីក្រុងភ្នំពេញ ។ ក្រោយមកទៀតបានគេចខ្លួនមកធ្វើជាកម្មករសំណង់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន៤ខែ រួចបានគេចទៅលាក់ខ្លួននៅខេត្តសៀមរាបវិញ។ក្នុងអំឡុងពេលរស់នៅខេត្តសៀមរាបរូបគេបានប្រព្រឹត្តបទល្មើសនៅទីនោះម្តងទៀត ហើយបានគេចមកសម្ងំលាក់ខ្លួនមករស់នៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងទៀតថាដោយឈ្មោះ យឺន ចន្ទី ហៅ ទី ជាឃាតករនេះបានមកអស់លក្ខណ៍នៅក្រុងប៉ោយប៉ែតនេះ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំឯកសារបញ្ជូនសំណុំរឿង និងប្រគល់ជនសង្ស័យទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការ បន្តទៅតាមនីតិវិធី ៕ ដោយ ៖ បន្ទាយ

spot_img
×