ភ្នំពេញ៖ ជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនាទៅលើអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅនៅខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួនចូលក្នុងបន្ទាយមួយ នៅខេត្តកំពង់ស្ពឺ ពេលនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្នហើយ ហើយលោកបានស្នើសូមបងប្អូនទាំងអស់គ្នា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមលុបបំបាត់និទណ្ឌភាព និងអំពើហឹង្សាគ្រប់រូបភាព ជាពិសេសមកលើស្រ្តីនិងកុមារ ហើយត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ ដោយបំពានជួយជនខូចខិលឲ្យរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែទោះយ៉ាងណា លោកដួង តារា ពុំបានបង្ហាញអត្តសញ្ញាណ និងរូបថត ទាហានម្នាក់នោះឡើយ។
លោកដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២០នេះ បានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការថា អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នាដែលបានរួមគ្នាអនុវត្តវិធានការណ៍ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃអោយបានជាប្រចាំទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះកុំអោយមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងអោយសោះ។
លោកបានបន្តថា បងប្អូនចាំបានទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនាទៅលើអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅនៅខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួនចូលក្នុងបន្ទាយមួយ នៅខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នហើយ។
សូមបងប្អូនទាំងអស់គ្នា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមលុបបំបាត់និទណ្ឌភាព និងអំពើហឹង្សាគ្រប់រូបភាព ជាពិសេសមកលើស្រ្តីនិងកុមារ ហើយត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ ដោយបំពានជួយជនខូចខិលឲ្យរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត យើងត្រូវចូលរួមលុបបំបាត់វប្បធម៌ចាស់គំរិល ដែលប្រព្រឹត្តបទល្មើសហើយ រត់ចូលបន្ទាយ ហើយយកឈ្មោះបន្ទាយ ឬក្រសួងស្ថាប័ន មកកាងការពារខ្លួនទាំងបំពានច្បាប់ ព្រោះបទល្មើសដែលប្រព្រឹត្តដោយបុគ្គល មិនពាក់ព័ន្ធនឹងអង្គភាពរបស់រដ្ឋទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកមិនចង់ឃើញពលរដ្ឋស្លូតត្រង់ ក្រីក្ររបស់លោក ត្រូវបានបំពារបំពានដោយអ្នកមានអំណាចណាមួយឡើយ។ ច្បាស់ណាស់ បើការបំពារបំពាននៅតែធ្វើបានជាបន្តបន្ទាប់ គឺកាន់តែលើកទឹកចិត្តឲ្យបុគ្គលនោះ កាន់តែបានចិត្តហើយមិនខ្លាចច្បាប់ឡើយ។
លោកដួង តារា សូមគោរពអរគុណសម្តេចតេជោ ដែលខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីសេចក្តីសុខរបស់ពលរដ្ឋ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នា ជាមន្រ្តីរបស់សម្តេច យើងត្រូវខិតខំឲ្យអស់ពីលទ្ធភាព នឹងកម្លាំងកាយចិត្ត ដើម្បីជួយបន្ធូរបន្ទុករបស់លោក កុំឲ្យលោកឈឺក្បាល ដោយសារការងារ ដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា នៅខាងក្រោម។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្ត អាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ