Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្នាស់ហាង Carl’s Jr. សាខាទួលទំពូង សម្តែងការសោកស្ដាយ ដែលបុគ្គលិករបស់ខ្លួន ឆ្លងជំងឺកូវីដ១៩ ហើយត្រូវបិទជាបណ្ដោះអាសន្នដើម្បីអនុវត្តនូវនីតិវិធីសុវត្ថិភាព

spot_img

ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាលបានចេញប្រកាសថារកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូងរួចមក ម្នាស់ហាង Carl’s Jr. សាខាទួលទំពូង បានចេញសេចក្តីជូនដំណឹង លើផេកហ្វេសប៊ុកផ្លូវការ ដោយសម្តែងការសោកស្ដាយ ដែលបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកបម្រើការនៅទីនេះឆ្លងជំងឺកូវីដ១៩ពីបុគ្គលផ្សេងទៀតនៅហាង Pedro។

ម្នាស់ហាង Carl’s Jr. បានលើកឡើងថា វាជាដំណឹងដ៏សោកស្ដាយមួយ ដែលបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកបម្រើការនៅ Carl’s Jr. សាខាទួលទំពូង បានទទួលលទ្ធផលវិជ្ជមាន លើការធ្វើតេស្តរកវីរុសកូវីដ-19 អាស្រ័យហេតុនេះ សាខានេះនឹងត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីអនុវត្តនូវនីតិវិធីសុវត្ថិភាព ក្នុងការធានាបាននូវសុវត្ថិភាពរបស់អ្នករាល់គ្នា។

កាលពីថ្ងៃម្សិលមិញ យើងខ្ញុំបានធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើតេស្តពិនិត្យរកវីរុសកូវីដ-19 ទៅលើបុគ្គលិកសរុបទាំងអស់ 32 នាក់ ដែលបម្រើការនៅក្នុងហាង ព្រមទាំងដាក់ឲ្យធ្វើចត្តឡីស័កចំនួន 14 ថ្ងៃ។ ហើយថ្ងៃនេះផងដែរ យើងខ្ញុំក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបាញ់សម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់នៅក្នុងហាង និងជុំវិញបរិវេណហាង។

សព្វថ្ងៃនេះបុគ្គលិកដែលទទួលបានតេស្ដវិជ្ជមាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គាត់មានសុខភាពល្អដូចធម្មតា ហើយយើងខ្ញុំសូមជូនពរឲ្យគាត់ឆាប់ជាសះស្បើយនាពេលឆាប់ៗខាងមុខនេះ។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងបុគ្គលិកទាំងអស់ឲ្យជួបប្រទះតែសុវត្ថិភាព និងសុខភាពល្អបរិបូរណ៍។

នៅថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងអ្នកជាសះស្បេីយ ចំនួន ១នាក់ ។

ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ចំណែកឯអ្នកជាសះស្បើយម្នាក់ គឺបុរសជនជាតិនេប៉ាល់ ឈ្មោះ ហ្គូរ៉ុង កាម៉ា ស៊ុលទីម អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានជាសះស្បើយ កូវីដ១៩ ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ” ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺនៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២០ ចំនួន៥១សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែម នៅថ្ងៃដដែល ពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៦២៥ សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ១០៧សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុប ទាំងអស់បានចំនួន ១០,៧៧២សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៣០ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

ម្យ៉ាងវិញទៀត សូមអ្នកប៉ះពាល់ទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ អញ្ជើញទៅ ធ្វើតេស្តជាលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទី តាំងនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិច រាជធានីភ្នំពេញ និងនៅតាមមន្ទីរសុខាភិបាល រាជខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)។

ការអំពាវនាវ និងក្រើនរំលឹករបស់ក្រសួងសុខាភិបាល ដោយសង្កេតឃើញថា មានការកើនឡើងនូវអ្នកជំងឺកូវីដ -១៩ ដែលមានការចម្លងបន្តគ្នា ពីកន្លែងមួយទៅកន្លែងមួយ ហើយការរុករកស្រាវជ្រាវ កំពុងតែត្រូវបានធ្វើបន្តយ៉ាងសកម្ម ក្រសួងសុខាភិបាល សូម អំពាវនាវដល់អតិថិជនទាំងឡាយណា ដែលបានចូលទៅទិញសម្លៀកបំពាក់នៅហាង Zando សាខាបឹង កេងកង នៅអំឡុងពេលចាប់ពីម៉ោង ១៩និង៣០នាទីយប់ ដល់ពេលបិទហាង នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ (រាល់ម៉ោងធ្វើការ ) ដើម្បីស្វែងរក វីរុសកូវីដ-១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័កនៅតាម ខេត្ត ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួន កុំឲ្យចម្លងទៅអ្នកដទៃ ឲ្យបានត្រឹមត្រូវជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតនៅក្នុងសហគមន៍។ អាជ្ញាធរថ្នាក់ក្រោមជាតិ មានបន្ទុកទទួលខុសត្រូវលើការចាត់ចែង គ្រប់គ្រង និងតាមដានការធ្វើចត្តាឡីស័កនេះ ដោយបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន ក្នុងការរក្សាការពារខ្លួនកុំឲ្យមានការឆ្លងវីរុសកូវីដ-១៩ មកខ្លួនឯង ទៅអ្នកដទៃ និងនៅក្នុងសហគមន៍ ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍ បានចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។

ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ដែលនៅរាជធានីខេត្ត ដែលដឹងខ្លួនថា ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គល ២នាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះតាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្ត ដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមអញ្ជើញលោកអ្នក ទៅធ្វើតេស្តដោយយកវត្ថុសំណាក និង ពិនិត្យឈាមនៅវិទ្យាស្ថានជាតិ សុខភាពសាធារណៈរាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×