Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដាក់បទបញ្ជា​ម៉ឺងម៉ាត់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ អនុវត្ត​វិធាន​១០​ចំណុច និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ក្នុង​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ ក្នុង​សហគមន៍​

spot_img

​ភ្នំពេញ​៖ លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃទី​៦​ធ្នូ​នេះ បានដាក់​បទបញ្ជា​ទៅដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ គោរព​ទៅតាម​ការណែនាំ​ទាំង​១០​ចំណុច របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា​កន្លងមកនេះ និង​ជាពិសេស​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់​បំផុត​ទៅតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​បាន​ណែនាំ កាលពី​ព្រឹក​ថ្ងៃទី​៦​ធ្នូ​នេះ ។ ដោយឡែក​សម្រាប់​មន្ទីរ​ពាក់ព័ន្ធ ក៏​ត្រូវតែ​អនុវត្ត​ឲ្យ​បានល្អ​ទៅតាម​ការណែនាំ​នេះ​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​_១៩ ខណៈដែល​ជំងឺ​នេះ បាននិងកំពុង​រីក​រា​ល​ដាល​ចូល​សហគមន៍​។​

១០​ចំណុច នៃ​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​យោង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០
​ក្នុងការ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ រួមមាន​៖

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​រង្គ​ភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាណិជ្ជករ អាជីវករ និង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដូចខាងក្រោម​៖

១- ត្រូវធ្វើ​ការផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ ដូចជា​កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ឬ​ការជួបជុំ បែប​សាសនា​ទាំងអស់​។​ល​។ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

២- អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ​មិនឱ្យ​លើសពី​២០​នាក់ ក្នុងករណី​ចាំបាច់ ប៉ុន្តែ​ការជួបជុំ​នេះ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម យ៉ាងតិច​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​។​

៣- ត្រូវ​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ៗ​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។ ក្នុងករណី​លទ្ធផល តេស្ត​អវិជ្ជមាន ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល​។​

៤- ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ឱ្យ​អនុវត្ត វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ក្នុងនោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ ត្រូវ​រៀបចំ​ជែ​ល​ឬ​អាល់កុល​លាងដៃ នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឱ្យធ្វើ​ការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំងអស់ ដោយ​ឈរ​តម្រង់​ជួរ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម មុននឹង​អនុញ្ញាតឱ្យ​ចូលក្នុង​ទីតាំង អាជីវកម្ម​ទាំងនោះ ព្រមទាំង​ត្រូវ​រៀបចំ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់ ក្នុងពេល​អង្គុយ​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្តតាម​ការណែនាំ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

៥- ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ទីតាំង​អាជីវកម្ម​មួយ ចំនួន​ដូចជា ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា​។​

៦- ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ដែល​បញ្ជូន​មកពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​រស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការតាមដាន​សុខភាព​។​

៧- អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មិនមាន​ការចាំបាច់ មិនត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ក្នុងករណី​ដែលមាន​តម្រូវការ​ចាំបាច់​ជៀស​មិន​ផុត មិនត្រូវ​ឱ្យមាន​ការ​ក​ក​កុញ​តាម​ភ្លើង​ចរាចរណ៍​នានា (​ភ្លើងស្តុប​)​នៅ ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។ )

៨- រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើការ ផ្លាក​រាល់​ការប្រជុំ​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ ចំពោះ​ទីតាំង​ផ្តល់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​ចាំបាច់​ឱ្យមាន​ការ​វាស់​កម្ដៅ ការពាក់​ម៉ាស់ ការ​លាងដៃ​សម្លាប់ មេរោគ និង​រៀបចំ​កន្លែង​អង្គុយ​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មិនឱ្យ​លើសពី​២០​នាក់ ក្នុងពេល​ម្តងៗ​។​

៩- ចំពោះ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ត្រូវ​រៀបចំ​ឱ្យមាន​ការ​វាស់​កម្ដៅ ការពាក់​ម៉ាស់ និង​ការ​លាងដៃ​សម្លាប់ មេរោគ ព្រមទាំង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​។​

១០-​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ផ្សេងទៀត របស់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន​។​

​ទទួលបាន​សេចក្តីណែនាំ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ -​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។
​រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​យ៉ាង​មុតមាំ លើ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់បំផុត ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​សូម​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​សេចក្តីណែនាំ​ខាងលើ​កុំបី​ខាន​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×