Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ធ្វើការ​ស្ដារឡើងវិញ និង​ការដាំដុះ​បន្លែបង្ការ​ផ្សេងៗ ក្រោយ​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់

spot_img

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ធ្វើការ​ស្ដារឡើងវិញ​និង​ការដាំដុះ​បន្លែបង្ការ​ផ្សេងៗ បានធ្វើ​ឲ្យ​យឺតយ៉ាវ ខណៈ​ជំនន់​ទឹកភ្លៀង​នា​ចុងរដូវ​ស្សា ដែល​បានអូសបន្លាយ​សឹងតែ​ជាង​១​ខែ នៅក្នុង​ខេត្តបាត់ដំបង​ហើយ​ពួកគាត់​ក៏មាន​ការព្រួយបារម្ភ​ពី​តម្លៃ​បន្លែ ខណៈ​ការដាំដុះ​កំពុង​សម្រុក ហើយនឹង​មានការ​ប្រមូល​ផល​ដំណាលគ្នា​បន្លែ​ជុ​ញ​លក់​មិនបាន​ថ្លៃ​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ស្រឡៅ​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ បានលើកឡើង​ប្រាប់ថា នៅ​តំបន់​ពួកគាត់​ក៏បាន​ជួប​បញ្ហា​គ្រោះទឹកជំនន់​លិចលង់​ផ្ទះសម្បែង ផលដំណាំ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដូច​បណ្ដា​ស្រុកភូមិ​ដទៃ​ផងដែរ​នៅក្នុង​ឆ្នាំ​២០២០​នេះ​។ វា​បាន​រំខាន​ដល់​ការរស់នៅ ការប្រកប​របរ​ទទួល​ទាន រួមទាំង​បាន​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​ផងដែរ​។ ដោយសារ​បញ្ហា​ទឹកជំនន់​បានអូសបន្លាយ​ជាច្រើន​ថ្ងៃ ពួកគាត់​មិនអាច​ដាំ​ដំណាំ បាន​លឿន​ដូច​សព្វ​ឆ្នាំ ព្រោះ​ទឹក​នៅ​ដក់​តាម​ដី​ទំនាបៗ​ច្រើន និង​ដី​ជ្រាយ​ពិបាក​ដល់​ការដាំ​បន្លែ ដែល​បញ្ហា​ទាំងអស់នេះ ពួកគាត់​មានការ​ព្រួយបារម្ភ ពី​ការដាំ​មិនបាន​ច្រើនដង​ដូច​រាល់​ឆ្នាំ​និង​កាត់បន្ថយ​នូវ​ប្រាក់ចំណូល​។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ​អាជ្ញាធរខេត្ត ពិសេស​មន្ទីរជំនាញ ជួយ​រក​ទីផ្សារ​និង​បង្កើត​ទីផ្សារ​បន្លែ​ឲ្យ​បាន​ច្រើន ដើម្បី​ពួកគាត់​លក់​បន្លែ​ក្នុងតម្លៃ​សមរម្យ បន្ទាប់ពី​ទូទាត់​នឹង​ការចំណាយ​អស់ ក៏​អាច​សល់​ប្រាក់​ទុក​ផ្គត់ផ្គង់​គ្រួសារ​។ មួយវិញទៀត សូមជួយ​ផលិត​ពូជ​បន្លែ ដើម្បី​ឲ្យ​ពួកគាត់​អាច​ទិញ​ក្នុងតម្លៃ​មួយ​ទទួលយកបាន ខណៈ​គ្រប់​ពូជ​បន្លែ ពេលបច្ចុប្បន្ន​មានតម្លៃ​ខ្ពស់ ហើយ​ពួកគាត់​ក៏​មិនអាច​ផលិត​ខ្លួនឯងបាន ដោយសារ​ពុំមាន​បច្ចេក​ទេស​។​

​ពលរដ្ឋ​នៅ​ភូមិ​អូរ​ស្រឡៅ បាន​និយាយ​បញ្ជាក់ថា ក្រៅពី​ការធ្វើ​ស្រែ​និង​ដាំ​ក្រូចពោធិ៍សាត់ អ្នករស់នៅ​ក្នុង​តំបន់​នេះ ជា​រៀងរាល់ឆ្នាំ​នាំគ្នា​ដាំ​បន្លែ​វិល​ឃុំ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ក្នុង​គ្រួសារ ដោយ​បន្លែ​មានដូចជា ស្ពៃ​ផ្កា (​ផ្កា​ខាត់ណា​) ត្រប់ ត្រកួន ស្ពៃ និង​ម្ទេស​ជាដើម​។​ល​។​ដោយ​ការ​ចំណេញ​បាន​តិច បាន​ច្រើន​ទៅតាម​ទីផ្សារ​ធ្លាក់​ថ្លៃ​និង​ឡើងថ្លៃ​។​

​គួរ​បញ្ជាក់ថា ទឹកជំនន់​កន្លងទៅ​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​និង​ធ្វើ​ឲ្យ​លិចលង់​រង​ការខូចខាត​ដំណាំ​កសិកម្ម របស់​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង អស់​ជាច្រើន​ម៉ឺន​ហិកតា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់នេះ រាជរដ្ឋាភិបាល​បាន​ផ្ដល់នូវ​គ្រាប់​ពូជស្រូវ​និង​ពូជ​ដំណាំ​ផ្សេងៗ ជាច្រើន​តោន ដល់​កសិករ សម្រាប់​ស្ដារ​ការដាំដុះ​ឡើងវិញ បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ទៅវិញ​នេះ​៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×