Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា កើន​ដល់​ជិត ៥០​លាន​ក្បាល នៅ​ឆ្នាំ​២០២០​នេះ

spot_img

​ភ្នំពេញ​៖ បើទោះបី​កំពុងស្ថិត​ក្នុងការ​លៈ​ទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ផលិតកម្ម​ចិញ្ចឹមសត្វ ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម ដែលមាន​ដូចជា គោ​-​ក្របី ជ្រូក និង​បក្សី បានបង្ហាញ​ពីស​ន្ទុះ​នៃ​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ គិត​ត្រឹម​ថ្ងៃ​២ ខែធ្នូ ឆ្នាំ​២០២០ មានការ​កើនឡើង​សរុប ១៧,៦០% ពី​ជាង ៤២​លាន​ក្បាល ទៅ​ជាង ៤៩​លាន​ក្បាល បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ទៀតថា កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន ១២៣២​កន្លែង ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​មាន​ចំនួន ៦៨១​កន្លែង មាន​សត្វ​ក្នុង​ស្តុក​ជាង ១៧​លាន កើន​លើស​ឆ្នាំ​២០១៩ ប្រមាណ​ជា ៣៥,៦០%​។ រីឯ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន ៥៤៧​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន ១,៣៣​លាន​ក្បាល កើនឡើង ១៥,៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​គឺមាន​សរុប ៥៤​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន​ជិត ១​ម៉ឺន ៣​ពាន់​ក្បាល​ផងដែរ​។​

​បើតាម​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​នាពេល​ថ្មីៗ​នេះ​ថា ក្នុង​រយៈពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ តម្លៃ​ជ្រូក​នៅ​កម្ពុជា បាន​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​កាលពី​ឆ្នាំមុន ដែល​ធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន និង​កសិករ​ចិញ្ចឹម​ជ្រូក​បង្កើន​ការចិញ្ចឹម​ជា​លំដាប់​។ ម្យ៉ាងទៀត​ដោយសារ​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​វៀតណាម កំពុង​ជួប​បញ្ហា ដែល​បណ្តាល​មក ពី​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ញាំញី​តាំងពី​ឆ្នាំមុន​។​

​គួរ​បញ្ជាក់ថា ក្នុង​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​បាន និង​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វិដ​-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​ទាំង​ផ្នែក​សាកវប្បកម្ម វារីវប្បកម្ម និង​ផលិតកម្ម​ចិញ្ចឹមសត្វ ដើម្បី​រួមចំណែក​បង្កើត​ការងារ បង្កើត និង​បង្កើន​ប្រភព​ចំណូល​ក្នុង​គ្រួសារ និង​ធានា​សុវត្ថិភាព​ស្បៀង​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×