Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណៈមេធាវី : ការបំពេញ​តួនាទី​របស់លោក​ស្រី ស៊ឹម សុវណ្ណារិទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ មិនមាន​បញ្ហា​វិសមិតភាព​ជាមួយនឹង​ការប្រកប​វិជ្ជាជីវៈ​មេធាវី​ទេ​

spot_img

​ភ្នំពេញៈ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក លី ច័ន្ទ​តុលា បាន​បញ្ជាក់ថា ការបំពេញ​តួនាទី​របស់លោក​ស្រី ស៊ឹម សុវណ្ណារិទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ មិនមាន​បញ្ហា​វិសមិតភាព​ជាមួយនឹង​ការប្រកប​វិជ្ជាជីវៈ​មេធាវី​ទេ​។​

​ការបញ្ជាក់​របស់​ប្រធាន​គណៈមេធាវី​បានធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​បានស្នើ​សុំ​ការបញ្ជាក់​អំពី​វិសមិតភាព​ក្នុងការ​បំពេញ​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ការបំពេញ​តួនាទី​ជា​មេធាវី​ការពារ​សិទ្ធ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​។​

​លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ប្រាប់ CEN នៅ​ល្ងាច​ថ្ងៃទី​៨ ខែធ្នូ ថា គណៈមេធាវី​ទើបតែ​ទទួលបាន​លិខិត​ស្នើសុំ​ការបញ្ជាក់​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នឹង​កំពុងតែ​រៀបចំ​ធ្វើការ​ឆ្លើយតប​ជា​សាធារណៈ​ដើម្បី​បញ្ជាក់​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​។

​ប្រធាន​គណៈមេធាវី​បាន​បញ្ជាក់ថា “​ប៉ុន្តែ​អ្វីដែល​អាច​ប្រាប់​បាន គឺ​បើ​បកស្រាយ​ទៅតាម​អ្វីដែល​មានចែង​នៅក្នុង​ច្បាប់ គឺ​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គឺ​មិនមាន​បញ្ហា​វិសមិតភាព​ជាមួយនឹង​ការប្រកប​វិជ្ជាជីវៈ​មេធាវី​ទេ​។ ដោយសា​មាត្រា ៥៣ និង​មាត្រា ៥៤ នៃ​ច្បាប់​លក្ខន្តិកៈ​មេធាវី គឺ​មិន​មានចែង​ពាក់ព័ន្ធ​ជាមួយនិង​បញ្ហា​ហ្នឹង​ទេ ក្នុងនោះ​គឺ​និយាយ​ពី​វិសមិតភាព​ជាមួយនឹង​មុខងារសាធារណៈ ហើយ​និង​មុខងារ​ជា​តំណាងរាស្ត្រ ប៉ុន្តែ​ដល់ពេល​ក្រុមប្រឹក្សា​ខេត្ត​ជា​មន្ត្រី​អាណត្តិ ហើយ​មិនមែនជា​មន្ត្រី​មុខងារសាធារណៈ​ទេ ហើយ​ជាគោលការណ៍​មិនមាន​បញ្ហា​នឹង​ទេ​”​។​

​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ បានធ្វើ​លិខិត​ស្នើសុំ​ប្រធាន​ន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​អំពី​វិសមិតភាព​ក្នុងការ​របស់លោក​ស្រី ស៊ឹម សុវណ្ណារិទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ការបំពេញ​តួនាទី​ជា​មេធាវី​ការពារ​សិទ្ធ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​។​

​លោក លាង សួគ៌ បាន​ជម្រាបជូន​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា សាលាដំបូង​ខេត្តកំពង់ធំ បានទទួល​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២០៣ ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ ដែលមាន​ជនជាប់ចោទ​២​នាក់ ម្នាក់​នៅក្នុង​ឃុំ ហើយ​ដែល​ជនជាប់ចោទ​ទាំង​២​នាក់ នេះ ត្រូវបាន​ចោទប្រកាន់ ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ (​បទ​ឃាតកម្ម​) ។ នៅពេល​ចាប់ផ្តើម​ពិភាក្សា​ដេញដោល តំណាង​អយ្យការ​បានស្នើ​សុំអោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ ធ្វើការ​ពិចារណា​អំពី​វិ​ស​មិ​ភាព​ក្នុងការ​បំពេញវិជ្ជា​ជីវៈ​ជា​មេធាវី ការពារ​សិទ្ធិ​អោយ​ជនជាប់ចោទ ដោយ​ជនជាប់ចោទ​ខាងលើ មាន​មេធាវី​ការពារ​សិទ្ធិ ឈ្មោះ ស៊ឹម សុ​វណ្ណា​រិ​ទ្ធិ អត្តលេខ​៤៣៦ ដែលជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ ហើយ​ទន្ទឹមគ្នានេះ មេធាវី​រូបនេះ ក៏​កំពុង​កាន់តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លេង​រៀង​ទី​១០​។ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ជួប​បញ្ហា​ដូចខាងលើ ពាក់ព័ន្ធ​នឹង​សេចក្តីណែនាំ​លេខ ០២៧ ស​ណន ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ ដែល​ណែនាំ​អំពី​វិសមិតភាព ក្នុងការ​បំពេញ​តួនាទី​ជា​មេធាវី​ការពារ​សិទ្ធិ​អោយ​ជនជាប់ចោទ ឬ មេធាវី​តំណាង​ដោយ​អាណត្តិ នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ និង​សំណុំរឿង​រដ្ឋប្បវេណី​។​

​ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ សូម​ឲ្យ​ប្រធាន​គណៈមេធាវី មេត្តា​ពិនិត្យ​និង​ផ្តល់​ការបញ្ជាក់​អំពី​វិ​ស​មិ​ភាព​ក្នុង​ការបំពេញ​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ និង ការបំពេញ​តួនាទី​ជា​មេធាវី​ការពារ​សិទ្ធិ ឬ មេធាវី​តំណាង​ដោយ​អាណត្តិ នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ និង សំណុំរឿង​រដ្ឋប្បវេណី ។

​គួរបញ្ជាក់ លោកស្រី ស៊ឹម សុ​វណ្ណា​រិ​ទ្ធិ ត្រូវជា​ភរិយា​របស់លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​យក​កាំបិត​ប៉ុនប៉ង​ចាក់​លើ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ៕​ រក្សាសិទ្ធិដោយ ៖ CEN

មេធាវី ស៊ឹម សុវណ្ណារិទ្ធ
លោក លី ច័ន្ទ តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
spot_img
×