Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជា សិរី៖ ទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស

spot_img

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើស ដោយសាធារណជនតាមប្រព័ន្ធអនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer ក្នុងផ្នែកទូទាត់។

ពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” នេះផ្តល់ដោយ មជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។

ជាក់ស្ដែង ដោយមើលឃើញពីការទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ពុំទាន់មានលទ្ធភាពអាចធ្វើការទូទាត់ឆ្លងគ្រឹះស្ថានបាន ហើយគ្រឹះស្ថានភាគច្រើនបានរៀបចំប្រព័ន្ធទូទាត់ សម្រាប់បម្រើសេវាជូនតែអតិថិជន របស់គ្រឹះស្ថានផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលគ្រឹះស្ថានមួយចំនួនទៀត បានសហការផ្តល់សេវាទូទាត់ជាលក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន។

កត្តាទាំងនេះធ្វើឲ្យមានផលពិបាកសម្រាប់អតិថិជន ក្នុងការទូទាត់នឹងផ្ទេរប្រាក់ ថែមទាំងធ្វើឱ្យមានកម្រៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ លោកជំទាវ ជា សិរី បានដឹកនាំផ្ទាល់ ដោយបានអភិវឌ្ឍប្រព័ន្ធបាគង ដែលប្រព័ន្ធនេះដើរតួនាទីជាប្រព័ន្ធទូទាត់កន្លោង (Backbone payment system) សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ទៅនឹងបំណ្តុំរួមតែមួយ។

ប្រព័ន្ធបាគងជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ស្នូល សម្រាប់ផ្តល់លទ្ធភាព ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិក អាចធ្វើប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងប្រព័ន្ធគ្នា ទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព មិនគិតកម្រៃសេវាផ្ទេរប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។

ទន្ទឹមនេះ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន (Blockchain) ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ប្រព័ន្ធបាគង បាននិងកំពុងចូលរួមក្នុងការជំរុញការទូទាត់ (មិនប្រើសាច់ប្រាក់) ដែលយើងសង្កេតឃើញថាតម្រូវការទូទាត់អេឡិចត្រូនិកមានការកើនឡើង ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។

ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀត ដែលធនាគារជាតិនៃកម្ពុជា សម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់៕
រក្សាសិទ្ធិដោយ៖CEN

 

spot_img
×