Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Markets Forum-ACMF) អនុម័តអាទិភាពសំខាន់ៗ សម្រាប់ផែនការសកម្មភាពឆ្នាំ ២០២១ – ២០២៥

spot_img

ភ្នំពេញ៖ លោក សុខ ដារ៉ា អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងក្រោយកិច្ចប្រជុំវេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Markets Forum-ACMF) លើកទី៣៣ តាមប្រព័ន្ធវីដេអូ ដែលត្រូវបានដឹកនាំដោយលោក Tran Van Dzung ប្រធាន ACMF កាលពីថ្ងៃទី៩ធ្នូថា អង្គប្រជុំបានអនុម័តអាទិភាពសំខាន់ៗ សម្រាប់ផែនការសកម្មភាព ACMF ឆ្នាំ ២០២១ – ២០២៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ACMF ២០២៥។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាការងារក្នុងក្របខ័ណ្ឌ ACMF ដែលមានប្រទេសអាស៊ានទាំង១០ជាសមាជិក ព្រមទាំងបន្តតាមដានសកម្មភាពការងារ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) និងដៃគូអភិវឌ្ឍន៍។

អង្គប្រជុំបានអនុម័តអាទិភាពសំខាន់ៗសម្រាប់ផែនការសកម្មភាព ACMF ឆ្នាំ ២០២១ – ២០២៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ACMF ២០២៥ នៃការក្លាយជាទីផ្សារមូលធនអាស៊ានដែលមានអន្តរទំនាក់ទំនង បរិយាប័ន្ន និងភាពធន ដែលរួមមាន៖ (i) លើកកម្ពស់កម្រិតតម្លាភាពនិងឯកសារផ្តល់ព័ត៌មាន (ii) បន្តធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិ (iii) បង្កើនការកសាងសមត្ថភាព (iv) ពង្រីកការប្រាស្រ័យទាក់ទងនិងការយល់ដឹង និង (v) ពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល។

អង្គប្រជុំបានទទួលស្គាល់ពីវឌ្ឍនភាពរបស់ក្រុមការងារ ACMF ស្តីពីការអនុវត្តតំបន់អាទិភាពរយៈពេលខ្លីនិងមធ្យមចំនួន ៦ ដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាពទីផ្សារមូលធនអាស៊ាន ព្រមទាំងទទួលយកការផ្តល់ជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការសហការជាមួយអង្គការគំនិតផ្តួចផ្តើមសញ្ញាបណ្ណអាកាសធាតុ (CBI) ដើម្បីគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាពទីផ្សារមូលធនអាស៊ានដោយផ្តោតលើគំនិតផ្តួចផ្តើមនិរន្តរភាពហិរញ្ញវត្ថុ។

ក្រោមមូលបទនិរន្តរភាពហិរញ្ញវត្ថុ ACMF នឹងស្វែងយល់ពីស្តង់ដារសញ្ញាបណ្ណ ផ្សារភ្ជាប់និរន្តរភាពរបស់អាស៊ានដើម្បីជួយសម្រួលដល់ការបោះផ្សាយសញ្ញាបណ្ណសម្រាប់គោលដៅទាក់ទងនឹងចីរភាព។ ការងារនេះនឹងបំពេញបន្ថែម លើស្តង់ដារសញ្ញាបណ្ណដែល ACMF បានដាក់ចេញរួចដូចជាសញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព។ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមនៃប្រព័ន្ធអេកូនិរន្តរភាពហិរញ្ញវត្ថុក្នុងតំបន់ ACMF នឹងធ្វើការសិក្សាលើការអភិវឌ្ឍចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុបៃតង, និរន្តរភាព, និងអន្តរកាល រួមមួយសម្រាប់អាស៊ាន។

ACMF ក៏នឹងបន្តឃ្លាំមើលការអភិវឌ្ឍអន្តរជាតិ លើការបង្រួបបង្រួមស្តង់ដារឯកសារផ្តល់ព័ត៌មាន ដើម្បីជូនដំណឹងថែមទៀតនូវគំនិតផ្តួចផ្តើមរបស់ ACMF ជុំវិញនឹងឯកសារនិរន្តរភាពសាជីវកម្ម ក្រោមក្របខ័ណ្ឌផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាពទីផ្សារមូលធនអាស៊ាន។

ACMF នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយ WC-CMD ដើម្បីជំរុញរបៀបវារៈនិរន្តរភាពហិរញ្ញវត្ថុ នៅក្នុងទីផ្សារមូលធននៅក្នុងតំបន់។ រួមគ្នាជាមួយ WC-CMD, ACMF មានគោលបំណងដើម្បីគំាទ្រសំឡេងអាស៊ាននៅសន្និសីទ្ធអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ នាចុងឆ្នំា២០២១។ ACMF ក៏បានសម្តែងការកោតសរសើរចំពោះ ADB ក្នុងការគាំទ្រជំនួយបច្ចេកទេសដែលគ្របដណ្តប់លើសកម្មភាពពីឆ្នាំ ២០១៩ ដល់ ២០២១។

ដោយអាណត្តិធ្វើជាប្រធាន ACMF របស់គណៈកម្មការមូលបត្ររដ្ឋវៀតណាមត្រូវផុតឆ្នំា២០២០ នេះ ដូច្នេះ គណៈកម្មការមូលបត្រប្រុយណេ នឹងបន្តធ្វើជាប្រធាន ACMF សម្រាប់ឆ្នាំ២០២១ ដោយមានគណៈកម្មការមូលបត្រកម្ពុជាជាអនុប្រធានផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×