Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្ត ដល់សមាជិកសមាគមវារីវប្បករ លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹម ដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាព នៃវិបត្តជំងឺឆ្លងកូវីដ១៩

spot_img

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម វេង សាខុន បានលើកទឹកចិត្ត ដល់សមាជិកសមាគមវារីវប្បករទាំងអស់ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹម ដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាព នៃវិបត្តជំងឺឆ្លងកូវីដ១៩នេះ ឲ្យកាន់តែមានប្រសិទ្ធភាព ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចាំបាច់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីតួនាទី របស់សមាគមវារីវប្បករកម្ពុជា ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជា ឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណ:ជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្តប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា “វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា” ។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូបទៀត។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែង របស់សមាគមវារីវប្បករកម្ពុជារួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់រដ្ឋបាលជលផល នូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត រួចកំណត់ចេញអំពីបរិមាណផ្គត់ផ្គង់ និងតម្រូវការច្បាស់លាស់មួយ។

២- ត្រូវពង្រឹង និងពង្រីកបន្ថែមទៀត លើការងារផ្សព្វផ្សាយបច្ចេកទេស បែបបទរដ្ឋបាល និងឯកសារគតិយុត្ត ដែលមានស្រាប់ដល់សមាជិកសមាគម។

៣- ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្ម ដោយត្រូវសហការជាមួលភាគីពាក់ព័ន្ធ និងសមាគម។

៤- ជួយរៀបចំចងក្រងបណ្តុំអាជីវកម្ម ឬបណ្តាញចិញ្ចឹម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបរិមាណផលិត និងតម្រូវការ។

៥- ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត អំពីបច្ចេកទេសចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណាបង្កើនផលិតភាពចិញ្ចឹម ក្នុងផ្ទៃដីស្រះទឹកដដែល ដើម្បីធានាបាននូវសុខុមាលភាព វិបុលភាព និងនិរន្តរភាព នៃវិស័យវារីវប្បកម្មកម្ពុជាក្នុងពេលអនាគតដ៏ខ្លី។

ដោយឡែកចំពោះសមាគមវារីវប្បករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដូចខាងក្រោម៖
១- ត្រូវរួមសហការគ្នាក្នុងរង្វង់សមាគម បង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែបទាំងបរិមាណ និងគុណភាពឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល។

២- រៀបចំបណ្តុំ ឬបណ្តាញអាជីវកម្មចិញ្ចឹមត្រី ឲ្យបានទូលំទូលាយ អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ទាំងកម្មវិធីផលិតកូន កម្មវិធីចិញ្ចឹម និងកម្មវិធីទីផ្សារ។

៣- ខិតខំរួមសាមគ្គីគ្នាអនុវត្តបែបបទបច្ចេកទេស រដ្ឋបាល និងការអនុវត្តច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាព ឆ្លើយតបតាមស្តង់ដារផលិត ដែលជាឱកាសដ៏ល្អសម្រាប់ការប្រកួតប្រជែង។

៤- កាត់បន្ថយភាពអសកម្ម បង្កើនសកម្មភាពជំរុញ លើកទឹកចិត្ត គាំទ្រ និងផ្សព្វផ្សាយអំពីតម្រូវ ការទីផ្សារ បរិមាណ និងតម្លៃក្នុងរង្វង់សមាគមឲ្យបានទូលំទូលាយ។

៥- ត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរ ជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើស នាំចូលផលវារីវប្បកម្មខុសច្បាប់តាមគ្រប់រូបភាព៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×