Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ ងិន ស៊ុយ​ទ្រី ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដាក់ពន្ធនាគារ​ខេត្តកំពត​

spot_img

​កែប​៖ ជនសង្ស័យ ងិន ស៊ុយ​ទ្រី ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ជាច្រើន យកទៅ​ជេរប្រមាថ​ដល់​ថ្នាក់ដឹកនាំ​កំពូលៗ មាន​ព្រះមហាក្សត្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា និង​អភិបាលខេត្ត រួមទាំង​ស្នងការ​តាម​បណ្តា​ខេត្ត​មួយចំនួន នៅ​ព្រឹក​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​។​

​យោងតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្តកំពត លោក​សេង ម៉ា​ឡាប ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពត បានឃើញ​មាត្រា ២០៦,២១៩,២៦០,៦២១, និង មា​ត្រាង​៦២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ – បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៩៤១ ចុះ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០២០ ។ -​បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ៥៤៩ ចុះ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ របស់​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ដែល​ទាក់ទិន​នឹង​ឈ្មោះ ងិន ស៊ុយ​ទ្រី ហៅ ទី ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត ២៥-០៩ -១៩៩៥ ជាតិខ្មែរ ទីកន្លែង​កំណើត​ភូមិ​កែប ឃុំ​កែប ស្រុក​កែប ខេត្ត​កែប និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ឪពុក​ឈ្មោះ វ៉ែន សុ​វណ្ណា​រេ​ត (​រ​) ម្តាយ​ឈ្មោះ ជា ដា​លី ( រ​) នៅ​លីវ ជា​នីតិជន ទោស​ពីមុន គ្មាន ។
​ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ​, ជេរប្រមាថ​ជា​សាធារណៈ​, ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ទ​ក្រិ​ដ្ឋ​ជាអាទិ៍​, ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង រូបភាព​និង​សម្ភារៈ​អាសអាភាស ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប កាលពី​អំឡុង​ខែតុលា​, វិច្ឆិកា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣០៥, ៣០៧, ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ (​ស្ទួន ) នៃ ច្បាប់​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ មាត្រា ៣៩ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។
​បានឃើញ​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ ១១៦៤ ចុះ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០​។​

​ហេតុដូច្នេះ សម្រេច គឺ ១-​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ ស៊ុយ​ទ្រី ហៅ ទី ខាងលើ​ទៅ​ពន្ធនាគារ ឬ មណ្ឌល​ឃុំខ្លួន​ខេត្តកំពត ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។ ២- ឱ្យ​ប្រធាន​ពន្ធនាគារ ឬ មណ្ឌល​ឃុំខ្លួន​ខេត្តកំពត​ទទួល និង ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។ -​ឱ្យ​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់ សហការ​អនុវត្ត​ឱ្យបាន​ល្អ នៅពេល​ដីកា​នេះ​ត្រូវ​បានបង្ហាញ​ក្នុងករណី​ចាំបាច់​។​

​សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ជាច្រើន​ពី​បណ្ដា​អង្គភាព​មួយចំនួន និង​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​មានការ​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កែប​។
​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ធ្វើឡើង​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែលជា​កន្លែង​រស់នៅរ​បស់​ជនសង្ស័យ​តែម្តង​។ សូមបញ្ជាក់​ផងដែរ​ថា យុវជន​រូបនេះ​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​ជាច្រើន ធ្វើការ​ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន បំពុលសង្គម និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍ ថ្នាក់ដឹកនាំ​កំពូលៗ មាន​ទាំង​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អភិបាលខេត្ត ព្រមទាំង​ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ដោយ​គេ​បាន​សរសេរ​នូវ​ភាសា​អសុរោះ កាត់ត​រូបភាព លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ទាំងនោះ​។

​យុវជន ងិន ស៊ុយ​ទ្រី បាន​សារភាពថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​ម្នាក់​កាលពីដើមឆ្នាំ​២០១៦ ក្រោយមក​នាង​បាន​ផ្លាស់ប្ដូរ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​របស់​ពួកគេ​បាន​ត្រូវ​ឃ្លាតឆ្ងាយ និង​ដោយសារ​នារី​នោះ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជាច្រើន​ផ្សេងទៀត ធ្វើ​ឱ្យគេ​កើត​ចិត្ត​ប្រចណ្ឌ ហើយ​ក៏បាន​បង្កើត​គណ​នី​ក្លែងក្លាយ ដោយ​ប្រើ​ឈ្មោះ​របស់​នាង ឪពុក និង​ជា​មិត្តភក្តិ​របស់​នាង​ជាច្រើន​ទៀត ដើម្បី​ធ្វើការ​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូលៗ ក្នុង​ចេតនា​ដើម្បី​ទម្លាក់កំហុស​ឱ្យ​នាង ព្រមទាំង​មិត្ត​ភ​ក្កិ និង​ដៃគូរ​ស្នេហា ក៏ដូចជា​គ្រួសារ​របស់​នាង​ផង​។
​បច្ចុប្បន្ននេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ក្រើនរំឭក​ដល់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​មាន​ក្រមសីលធម៌​ក្នុងការ​ប្រើប្រាស់ កុំ​ប្រើ​ដើម្បី​ធ្វើជា​ទីលាន​បញ្ចេញ​កំហឹង​សងសឹក​ស្នេហា ដែលនាំឱ្យ​អាប់ឱន​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង​កុំ​ព្យាយាម​ប្រើ​ដើម្បី​ប្រព្រឹត្ត​បទល្មើស ព្រោះ​មិនអាច​គេច​ចេញពី​សំណាញ់​ច្បាប់​បានឡើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×