Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អូឡាំពិក​កម្ពុជា វាយតម្លៃ​ខ្ពស់ ចំពោះ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មហាសន្និបាត​របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) ឆ្នាំ​២០២០​នេះ ដែល​មានការ​ផុសផុល​ច្រើន ពិសេស​គឺ​សុន្ទរកថា​គន្លឹះ​សំខាន់ៗ​របស់​ប្រធាន OCA គឺ​ព្រះអង្គម្ចាស់ Sheikh Ahmad ដែល​បាន​ថ្លែង​អំពី​របៀបវារៈ គឺជា​លើក​ទី​១​ហើយ​ដែល​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន​ប្រជុំ​ដោយ​មិនបាន​ជួបជុំគ្នា គឺ​ធ្វើតាម Online ដោយសារ​កូ​វីដ​-១៩ និង​សូម​ឲ្យ​មានការ​អត់ធ្មត់​ទៅដល់​ប្រទេស​ទាំងអស់ ដែល​មិនបាន​ជួបជុំគ្នា ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានផ្តល់​ខ្លឹមសារ​ជារួម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា នៅក្នុង​នោះ​ក៏មាន​សារ​គន្លឹះ​របស់​ប្រធាន​អូឡាំពិក​អន្ដរជាតិ​លោក​បណ្ឌិត Thomas Bach បាន​ថ្លែង​សារ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​សម្រាប់​ចលនា​អូឡាំពិក​ទូទាំង​ពិភពលោក ដែល​ជួប​បញ្ហា​កូ​វីដ​-១៩ គឺ​សូម​ឲ្យ​ប្រទេស​ទាំងអស់ យក​បញ្ហា​ទាំងអស់នេះ​ធ្វើជា​មេរៀន និង​ជា​បទពិសោធន៍​សម្រាប់ធ្វើ​ការពង្រឹង​សាមគ្គីភាព​ជាមួយ​គ្រួសារ​កីឡា​អូឡាំពិក​ទាំងអស់ គឺ​សូម​ឲ្យ​អត់ធ្មត់ និង​ត្រូវមាន​ស្មារតី​ក្នុងការ​អភិវឌ្ឍ​ចលនា​អូឡាំពិក​ឲ្យ​ទៅ​មុខជា​បណ្ដើរៗ​។ ដោយសារ​មាន​ស្មារតី​អូឡាំពិក ស្មារតី​រួបរួមគ្នា ស្មារតី​សាមគ្គីភាព​គ្នា​គ្រប់​និន្នាការ​ទាំងអស់ បានធ្វើ​ឲ្យ​ចលនា​អូឡាំពិក​នៅរស់ និង​ជំរុញ​ការអភិវឌ្ឍ​បាន ពិសេស​គឺ​សូម​ឲ្យ​ប្រទេស​ទាំងអស់ មាន​ស្មារតី​ចូលរួម​លេង​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២១ ដែល​ត្រូវ​រួមគ្នា​ធ្វើ​ឲ្យ​ការប្រកួត​នេះ​កើតឡើង ប៉ុន្តែ​ការប្រកួត​មាន​សុវត្ថិភាព​សម្រាប់​អ្នកចូលរួម​ទាំងអស់ ។​

​នៅក្នុង​បេក្ខភាព​ប្រកួតប្រជែង​ទីក្រុង DOHA និង​ទីក្រុង Riyadh ដែល​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ កីឡា​អាស៊ី ឆ្នាំ​២០៣០​នោះ គឺ​ទីក្រុង DOHA ទទួលបាន​ជោគជ័យ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ី​ឆ្នាំ​២០៣០ ខណៈ​ទីក្រុង Riyadh គឺ​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០៣៤ ។ ការបោះឆ្នោត​មានការ​ប្រកួតប្រជែង​ខ្លាំង សម្រាប់​ប្រទេស​ទាំងពីរ ដែលមាន​លក្ខណៈសម្បត្តិ និង​ធនធាន​ខ្ពស់ ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីប​នេះ​។​
​ចាប់ពី​ខែមេសា ដល់​ខែធ្នូ ឆ្នាំ​២០២១ គឺមាន​ការប្រកួត (Games) ច្រើនណាស់ បន្ទាប់ពី​មានការ​ពន្យារពេល​ពី​ឆ្នាំ​២០២០ ដូច្នេះ​ការប្រកួត​ទាំងអស់ ពិសេស​ម្ចាស់ផ្ទះ​ត្រូវបាន​រឹតបន្តឹង ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​កីឡាករ​-​កីឡាការិនី និង​ប្រតិភូ​ចូលរួម ហើយ​កាត់បន្ថយ​រឿង​មិនចាំបាច់​មួយចំនួន ជុំវិញ​ការចូលរួម​នេះ​។ ប្រទេស​ទាំងអស់​បាន​មូលមតិ​គ្នា​ថា ការស្ដារ​ឡើងវិញ បន្ទាប់ពី​កូ​វីដ​-១៩ ស្ដារ​ចលនា​អូឡាំពិក​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ត្រូវបាន​រៀបចំ​ជា​យុទ្ធសាស្ដ្រ​របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ដោយ​យើង​ជំរុញ​ការអភិវឌ្ឍ ក្រោម​ផែនការ​យុទ្ធសាស្ដ្រ​ស្ដារឡើងវិញ ក្រោយពី​កូ​វីដ​-១៩ ដែល​យើង​ត្រូវ​នាំ​រួមគ្នា​ទាំងអស់ ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ស្ដារ​ការអភិវឌ្ឍ​ទីក្រុង​ឡើងវិញ ទីក្រុង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​នីមួយៗ ដោយ​ត្រូវ​រៀបចំ​ឡើងវិញ តាម​របត់​ថ្មី ប៉ុន្តែ​ត្រូវ​រៀបចំ​សកម្មភាព​នៃ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ហើយ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ប្រទេស​នីមួយៗ ដែល​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ​
​ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាក់ជូន​បន្ថែមទៀត​ថា OCA ក៏បាន​ធ្វើ​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់ខ្លួន ទោះបី​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​-១៩ ប៉ុន្តែ​នៅតែមាន​ដំណើរការ ពិសេស​គឺ​ការត្រៀម​បំរុង​នូវ​ថវិកា​ដើម្បី​រំ​លោះ ឬក៏​ដើម្បី​បន្ដ​ការអភិវឌ្ឍ​របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ក៏ដូចជា​អង្គការ​សាមគ្គី​អូឡាំពិក ដោយ​គេ​មាន​ថវិកាបម្រុង សម្រាប់​ឆ្នាំក្រោយ ទោះបី​ឆ្នាំ​២០២០ មាន​បញ្ហា​កូ​វីដ​-១៩ ប៉ះពាល់​ដល់​ថវិកា​ក៏ដោយ​។ ការព្រួយបារម្ភ​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី គឺ​លទ្ធភាព​ថវិកា​របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ក្នុង​មហាសន្និបាត​អង្គការ​សាមគ្គី​អូឡាំពិក និង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន​អះអាងថា ថវិកា​គឺមាន​គ្រប់គ្រាន់ ក្នុងការ​ទប់ទល់ និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​មាន​និរន្ដរភាព និង​ចីរភាព នៃ​ការអភិវឌ្ឍ​វិស័យ​កីឡា និង​ចលនា​អូឡាំពិក នៅ​អូឡាំពិក និង​ពិភពលោក គឺមាន​ការរៀបចំ​ថវិកា​គ្រប់គ្រាន់ សម្រាប់​ឆ្នាំ​២០២១-២០២២ បន្ទាប់ពី​ធូរស្រាល​ពី​ជំងឺ​កូ​វីដ​-១៩៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×