Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច ហ៊ុន សែន ស្នើឱ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​បកស្រាយ​ឱ្យបាន​ទាន់សភាពការណ៍​ដើម្បី​បន្សាប និង​បំផ្លាញចោល រាល់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​អគតិ​

spot_img

​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើ​សូមឱ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​បកស្រាយ​ឱ្យបាន​ទាន់សភាពការណ៍​ដើម្បី​បន្សាប និង​បំផ្លាញចោល រាល់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​អគតិ ក្រុម​ឱកាសនិយម ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បណ្តាញ​សង្គម​នានា​ដើម្បី​បំពុលបរិយាកាស​សង្គម​និង​ក្រុម​ទុច្ចរិត ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ស្ថាប័ន សារព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​កិត្យានុភាព កិត្តិយស និង​សេចក្តី ថ្លៃថ្នូរ​របស់​ស្ថាប័ន សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព​ដែល​អនុវត្តតាម​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារលិខិត​ផ្ញើជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី “​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​” នា​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា លោក​និពន្ធ​នាយក​សារព័ត៌មាន ជាទី​ស្រឡាញ់​រាប់អាន​ទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ចូលរួម​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដែល​ក្លិប​អ្នក កាសែត​កម្ពុជា បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ជាការ​ជួបជុំ​និពន្ធ​នាយក​នៃ​ស្ថាប័ន​សារព័ត៌មាន ដែល​កំពុង បំពេញការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​ដែល​បាន អនុវត្ត​នាពេល​កន្លងមក និង​កំណត់​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​យល់ដឹង របស់​អ្នកសារព័ត៌មាន ក្នុងការ​បំពេញការងា​រ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយ ការទទួលខុសត្រូវ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព គុណ​តម្លៃ កិត្យានុភាព​របស់​ស្ថាប័ន​ព័ត៌មាន និង​សេរីភាព​ខាង​សារព័ត៌មាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ឆ្នាំ​២០២០ បាន​លើកយក​ប្រធានបទ​ស្តីពី “​តួនាទី​សារព័ត៌មាន ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ គឺ​ពិត​ជាមាន​សារសំខាន់ និង​សម​ស្របតាម​ការវិវត្ត នៃ​សភាពការណ៍​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន ដែល​សកលលោក​ទាំងមូល​បាននិងកំពុង​ប្រឈម​ទៅនឹង​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​ជំងឺឆ្លង​សកល​ដ៏​កាច​សាហាវ​ដែល​រហូតមក​ដល់ពេលនេះ បាន​បង្ក​គ្រោះ មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សកល សុខភាព​សាធារណៈ និង​បាន​ឆក់យក​អាយុជីវិត​មនុស្ស​នៅ​ទូទាំង​សកលលោក អស់​ជិត​២​លាន​នាក់ ហើយ​មនុស្ស​ជាង​៥៩​លាន​នាក់​ទៀត​កំពុង​ផ្ទុកមេរោគ​កូ​វីដ -១៩ បានធ្វើឱ្យ​ប្រទេស​មួយចំនួន​សម្រេចចិត្ត​ដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន បិទ​ប្រទេស​ផ្អាក​ការឆ្លង កាត់​ដែល​ជាការ​កាត់ផ្តាច់​ស្ទើរតែ​ទាំងស្រុង​នៃ​ប្រព័ន្ធ​សកលភាវូបនីយកម្ម​ធ្វើឱ្យ​សេដ្ឋកិច្ច​សកលលោក មានការ​ធ្លាក់ចុះ​យ៉ាងគំហុក សុខភាព​សាធារណៈ​ត្រូវបាន​គំរាមកំហែង និង​ប្រឈម​ទៅនឹង​ការបាត់បង់​អាយុជីវិត​មនុស្ស​ដែល​មិនអាច​ប៉ាន់ស្មាន​បាន​។​

​ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល កំពុង​ទទួល រងគ្រោះ​មហន្តរាយ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ដ៏​គួរឱ្យ​ព្រួយបារម្ភ ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង និង​ក្រុម​ឱកាសនិយម​មួយចំនួន​ដែល​ប្រឆាំងនឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​ធ្វើការ​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​បំភ្លៃ​ការពិត បំប៉ោង​សភាពការណ៍ បំពុលបរិយាកាស​សង្គម ដើម្បី​បង្ក​ភាពវឹកវរ និង​ចលាចល​នៅក្នុង​សង្គម ហើយ​ទម្លាក់កំហុស​មកលើ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ហើយ​អូសទាញ ប្រទេសជាតិ ឱ្យ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ដើម្បី​បម្រើ​មហិច្ឆតា​លោភលន់​របស់​ពួកគេ​។ ប៉ុន្តែ​រាល់​ឧបាយកល​ដ៏​ពិសពុល​របស់​ក្រុម​អគតិ និង​ពួក​ឱកាសនិយម​ទាំងនេះ​ត្រូវ​បានទទួល​បរាជ័យ​ជា​បន្តបន្ទាប់​ដោយ​ចំណាត់ការ សមស្រប និង​បាន​ទាន់ពេលវេលា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​មានការ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើការ​បកស្រាយ​អំពី​ល្បិចកល​ដ៏​ពិសពុល​របស់​ក្រុម​អគតិ និង​ពួក​ឱកាសនិយម ជូន​ប្រជាពលរដ្ឋ​បាន​យល់ ដឹង​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន និង​ស្ថាប័ន សារព័ត៌មាន ដែល​បាន​ខិតខំ​បំពេញភារកិច្ច​នាពេល​កន្លងមក ទោះបី​សភាពការណ៍​នៅលើ​សកលលោក ក៏ ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ -១៩ ទៅក្នុង​សហគមន៍ ក៏​បងប្អូន​អ្នកសារព័ត៌មាន​បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ជំនះ រាល់​ការលំបាក​នានា ដើម្បី​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន បាន​រហ័ស​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​បានដឹង​ដើម្បី​ស្វែងយល់​អំពី​សភាពការណ៍​ពិត ដែល​បានកើត ឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការវិវត្ត​នៃ​សភាពការណ៍​សកលលោក ជាពិសេស​បានធ្វើការ ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​រហ័ស​ទាន់ពេលវេលា​នូវ​វិធានការ​ទាំងឡាយ​របស់​រដ្ឋាភិបាល ក៏ដូចជា ការអប់រំ និង​វិធានការ​សុវត្ថិភាព​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​រីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព​នាពេល​កន្លងមក​។​

​ទោះបីជា កម្ពុ​ជាមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង​នៅក្នុង​សហគមន៍​ក៏​បញ្ហា​នេះ រាជរដ្ឋាភិបាល​នៅតែ​អាច​គ្រប់គ្រង​សភាពការណ៍​បាន ហើយ​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ គឺ​ចំនួន​អ្នក ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ចំនួន​តិច​ហើយ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ ដោយ​គ្មាន​ប្រជាពលរដ្ឋ ខ្មែរ ឬ​ជនបរទេស​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​ឡើយ​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ដោយមាន ការទទួលខុសត្រូវ និង​កិច្ចសហការ​ល្អ​របស់​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន យកចិត្តទុកដាក់​អនុវត្ត​វិធានការ​បន្ទាន់ និង​ចាំបាច់​មួយចំនួន​របស់​រាជរដ្ឋាភិបាល ព្រមទាំង​មានការ ចូលរួម​យ៉ាងសកម្ម​ពី​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ និង​ឆ្លើយតបបាន​ទាន់ ពេលវេលា​។ កត្តា​ទាំងនេះ ហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​លើកកម្ពស់ ភាពជា​ដៃគូ​មិនអាច​ខ្វះ​បាន​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ការ ថែរក្សា​សុខសន្តិភាព​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ឆ្លងកាត់​បទពិសោធន៍ និង​ឧបសគ្គ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូដ -១៩ សម្តេច សង្ឃឹមថា វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ឆ្នាំ​២០២០​នេះ នឹងមាន​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​ការបំពេញភារកិច្ច​លើ​វិស័យ សារព័ត៌មាន​ក្នុង​បរិបទ​ថ្មី​នៃ​បញ្ហា​ប្រឈម​ការ​រាតត្បាត​សកល ដែលជា​ឧបសគ្គ​នៃ​ការបំពេញភារកិច្ច​រប​ស់ អ្នកសារព័ត៌មាន​និង​ការ​ប្រទាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​មហន្តរាយ​ដល់​សង្គម​ជា​អាទិភាព ។ បញ្ហា​នេះ សម្តេច សូមឱ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​យកចិត្តទុកដាក់​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​បងប្អូន​អ្នកសារព័ត៌មាន​របស់​យើង​ឱ្យ​ដើរ​ទាន់​ការវិវឌ្ឍ បច្ចេកវិជ្ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ជាមួយនឹង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព ដើម្បី​សម្របសម្រួល​ដល់ ការបំពេញភារកិច្ចរ​បស់បង​ប្អូន​អ្នកសារព័ត៌មាន​ប្រកបដោយ​សុ​វត្តិភាព និង​ប្រសិទ្ធភាព​នៅក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​សកល​ដែល​អាច​ប្រឈម​នៅក្នុង​ពេលអនាគត ដែល​មិនអាច​ប៉ាន់ស្មាន​បាន​។ ជាថ្មី​ម្តងទៀត សម្តេច សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​គោរព​ច្បាប់ និង​គោរព​គោលការណ៍ «​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត » និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ និង​វិធានការ សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ច្បាស់ និង​ចូលរួម​ប្រឆាំង ទប់ស្កាត់ និង​លុប បំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​ចូលទៅក្នុង​សហគមន៍​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×