Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើ​ឲ្យ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់ ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឲ្យ​បាន​ច្រើន​ថែមទៀត​នូវ​ស្តង់ដារ​អន្តរជាតិ មក​ធ្វើជា​ស្តង់ដារ​ជាតិ​

spot_img

​ភ្នំពេញ​៖​ឯកឧត្ដម​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើ​ឲ្យ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់ ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឲ្យ​បាន​ច្រើន​ថែមទៀត​នូវ​ស្តង់ដារ​អន្តរជាតិ មក​ធ្វើជា​ស្តង់ដារ​ជាតិ ពីព្រោះ ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការងារ​ធ្វើ​អធិការកិច្ច ជម្រុញ​ឲ្យ​ទទួលបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង ព្រមទាំង​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​អន្តរជាតិ និង​ជំរុញ​ការនាំចេញ​ផលិតផល​ដែលមាន​ស្តង់ដារ​ទទួលស្គាល់​ជា​អន្តរជាតិ ខណៈ​គណៈកម្មការ​បច្ចេកទេស​ចំនួន​១២ កម្ពុជា បាន​យក​ស្តង់ដារ​អន្តរជាតិ​មក​ធ្វើជា​ស្តង់ដារ​ជាតិ​សរុប​បាន​ចំនួន​៩៦៩ ស្តង់ដារ​ហើយ​។​

​នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា និង​នវានុវត្តន៍ មាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ តាម​ប្រព័ន្ធ Video Conference (Zoom) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ​។

​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​មួយ​ព្រឹក ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា ជា​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ទៅលើ​៖
​ក​.​ស្តង់ដារ​អន្តរជាតិ ISO ផ្នែក​សារធាតុ​និង​ផលិតផល​គីមី​ចំនួន ០៤ ស្តង់ដារ សម្រាប់​“​សុវត្ថិភាព​ប្រដាប់​ក្មេង​លេង​” ដែលជា​ស្តង់ដារ​អនុវត្ត ដើម្បី​ការពារ​សុខមាលភាព​និង​សុវត្ថិភាព​ក្មេង ជាពិសេស​ក្មេង​ដែលមាន​អាយុ​ក្រោម ១៤ ឆ្នាំ អំពី​ហា​នី​ភ័យ​ដែល​កើតចេញពី​ប្រដាប់​ក្មេង​លេង​មិនមាន​រចនាបទ​សមស្រប ផលិត ចេញពី​វត្ថុធាតុដើម ជាពិសេស​សារធាតុ​គីមី​ដែល​ហាមឃាត់ ងាយ​ឆេះ និង​ការប្រើប្រាស់​ខុស​លក្ខខណ្ឌ​និង​គោលដៅ​។​

​ខ​.​ស្តង់ដារ​ភេ​ស្ជ​ជៈ​ទឹកក្រូច​កាបូ​ណាត និង​ស្តង់ដារ​កែសម្រួល​សម្រាប់​ទឹក​ពិសា​ដប CS 009:2005 ។ ស្តង់ដារ​នេះ ផ្តល់​ជា​មូលដ្ឋាន​ដល់ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ផលិត​ក្នុង​ការបង្កើន​គុណភាព និង​សុវត្ថិភាព​ភេសជ្ជៈ​ស្របតាម​តម្រូវការ​របស់​ស្តង់ដារ ដើម្បី​លុបបំបាត់​ផលិតផល​ក្លែងបន្លំ និង​ការពារ​អ្នកប្រើប្រាស់ ដើម្បី​ចូលរួម​កាត់បន្ថយ​ហា​នី​ភ័យ​ផ្នែក​សុខមាលភាព​សាធារណៈ​។​

​គ​.​ស្តង់ដារ​អាស៊ាន​ផ្នែក​បន្លែ​និង​ផ្លែឈើ​ចំនួន ០៣ ស្តង់ដារ សម្រាប់​ផ្លែ​ខ្នុរ ផ្លែ​ល្ពៅ និង​ផ្លែ​ត្រប់ ដែល​ស្តង់ដារ​នេះ​
​ផ្តោតជាសំខាន់​លើ​ការតម្រូវ​សម្រាប់​ទំហំ គុណភាព សុវត្ថិភាព អនាម័យ ការប្រើប្រាស់​ជីរ​និង​ថ្នាំ​កសិកម្ម សារធាតុ​បង្ការ ការ​វេច​ខ្ចប់ ការដាក់​ម៉ាក​និង​ស្លាក​សញ្ញា​សម្រាប់​បន្លែ​និង​ផ្លែឈើ ក្នុងទិសដៅ​ការពារ​សុវត្ថិភាព​អ្នកប្រើប្រាស់ កាត់បន្ថយ​នូវ​ហា​នី​ភ័យ​កើតចេញពី​បន្លែ​និង​ផ្លែឈើ​ដែល​គ្មាន​គុណភាព​និង​សុវត្ថិភាព បង្កើន​ផលិតផល​កសិកម្ម ។​

​ឃ​.​ស្តង់ដារ​អន្តរជាតិ ISO ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ចំនួន ០៤ ស្តង់ដារ ដូចខាងក្រោម​៖
១. ISO 31000:2018 ស្តីពី​ការគ្រប់គ្រង​ហា​នី​ភ័យ​-​គោល​ការណែនាំ ដែល​ស្តង់ដារ​នេះ​ផ្តល់នូវ​គោលការណ៍​ណែនាំ ក្របខណ្ឌ​ការងារ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ហា​នី​ភ័យ​ដែល​កើតមានឡើង​នៅក្នុង​ក្រុមហ៊ុន​/​អង្គភាព ដោយសារ​កត្តា​ផ្ទៃក្នុង​និង​មកពី​ខាងក្រៅ​។​
២. ISO 45001:2018 ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​-​តម្រូវការ​ជាមួយ​ការណែនាំ​សម្រាប់ ការប្រើប្រាស់ ដែល​កំណត់​តម្រូវការ​និង​គោលការណ៍​ណែនាំ ដល់​ក្រុមហ៊ុន​/​អង្គភាព ក្នុង​ការធានា​សុវត្ថិភាព​និង​សុខភាព​ដល់​កម្មករនិយោជិត​នៅ​កន្លែង​បំពេញការងារ និង​បង្ការ​ការកើតឡើង​នូវ​គ្រោះថ្នាក់​ការងារ​។​
៣. ISO/IEC 17011:2017 ការវាយតម្លៃ​ភាព​អនុលោម​-​តម្រូវការ​សម្រាប់​អង្គភាព​វាយតម្លៃ​ទទួលស្គាល់ គឺជា​ស្តង់ដារ ដែល​ផ្តល់​តម្រូវការ​នានា​ជា​មូលដ្ឋាន​ដល់​អង្គភាព​វាយតម្លៃ​ទទួលស្គាល់ ដើម្បី​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​សមត្ថភាព​អង្គភាព​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ផលិតផល​និង​ប្រព័ន្ធ អង្គភាព​អធិការកិច្ច មន្ទីរពិសោធន៍ អង្គភាព​ផ្តល់​សេវា​ព្យា​សកម្ម (​មាត្រា​សាស្ត្រ​) ។​ល​។​
៤. ISO/IEC/TR 17028:2017 គឺជា​ស្តង់ដារ​ដែល​ផ្តល់នូវ​គោលការណ៍​ណែនាំ​និង​គំរូ​នានា សម្រាប់​ការរៀបចំ scheme ផ្នែក​សេវាកម្ម ដើម្បី​អាច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សេវាកម្ម​អនុលោម​តាម​តម្រូវការ​របស់​ស្តង់ដារ ISO/IEC 17065:2012 ការវាយតម្លៃ​ភាព​អនុលោម – ការតម្រូវ​សម្រាប់​អង្គភាព​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល ដំណើរការ និង​សេវាកម្ម​។​

​ង​.​ស្តង់ដារ​អន្តរជាតិ ISO/IEC សម្រាប់​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​ចំនួន ០៣ គឺជា​ស្តង់ដារ​ដែល​ផ្តោត​អំពី​ទិដ្ឋភាព​ទូទៅ​និង​និយមន័យ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មាន ការកំណត់​តម្រូវការ​សម្រាប់​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មាន និង​ការណែនាំ​នានា​សម្រាប់​ការត្រួតពិនិត្យ​សន្តិសុខ ព័ត៌មាន​។ ស្តង់ដារ​នេះ​ត្រូវបាន​ជ្រើសរើស​ឡើង​សម្រាប់​ការអនុម័ត​ទទួលយក​ជា​ស្តង់ដារ​ជាតិ ផ្អែក​តាម​ការជ្រើសរើស​របស់​ក្រុមការងារ​អាស៊ាន​សម្រាប់​ការធ្វើ​ឲ្យ​ចុះសម្រុង​គ្នា​ក្នុង​តំបន់ និង​ផ្អែក​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ក្រោម​ប្រធានបទ “​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅកាន់​ឧ​ស្សហកម្ម 4.0” ដែល​បាន​បញ្ជាក់ថា ស្របតាម​ភាព​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ការកសាង​និង​អនុវត្ត​នូវ​គោលនយោបាយ បទ​ប្បញ្ញត្តិ ច្បាប់ និង​ស្តង់ដារ​ពាក់ព័ន្ធ ដូចជា​សុវត្ថិភាព​ឌីជីថល គឺជា​កត្តាចាំបាច់​ក្នុង​ការកសាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​

​ច​.​ស្តង់ដារ​អន្តរជាតិ IEC សម្រាប់​បរិក្ខា​អគ្គីសនី​ប្រើប្រាស់​ក្នុង​លំនៅដ្ឋាន ចំនួន ០៤​ស្តង់ដារ មក​ធ្វើជា​ស្តង់ដារ ជាតិ​របស់​កម្ពុជា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អង្គភាព​ត្រួតពិនិត្យ​ទាំងអស់​វាយតម្លៃ និង​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​បរិក្ខា​ខាងលើ ក្នុងទិសដៅ​ការពារ​អ្នកប្រើប្រាស់ ហា​នី​ភ័យ និង​បរិស្ថាន​ដែល​បង្កដោយ​បរិក្ខារ​ទាំងនោះ​។​

​បន្ទាប់ពី​ឆ្លងកាត់​ការពិភាក្សា​ក្រោម​ក្របខណ្ឌ​បច្ចេកទេស​យ៉ាង​ល្អិតល្អន់​រួចមក អង្គប្រជុំ​បានសម្រេច​អនុម័ត​យក​ស្តង់ដារ​អន្តរជាតិ​ខាងលើ​មក​ធ្វី​ជា​ស្តង់ដារ​ជាតិ ដែល​គិត​សរុប​មកដល់​បច្ចុប្បន្ន ក្រោម​កិច្ចប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ដែលមាន​គណៈកម្មការ​បច្ចេកទេស​ចំនួន​១២ កម្ពុជា បាន​យក​ស្តង់ដារ​អន្តរជាតិ​មក​ធ្វើជា​ស្តង់ដារ​ជាតិ​សរុប​បាន​ចំនួន​៩៦៩ ស្តង់ដារ​ហើយ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេច ដែល​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ទាំងអស់គ្នា និង​ស្នើ​ឲ្យ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់ ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឲ្យ​បាន​ច្រើន​ថែមទៀត​នូវ​ស្តង់ដារ​អន្តរជាតិ មក​ធ្វើជា​ស្តង់ដារ​ជាតិ ពីព្រោះ ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការងារ​ធ្វើ​អធិការកិច្ច ជម្រុញ​ឲ្យ​ទទួលបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង ព្រមទាំង​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​អន្តរជាតិ និង​ជំរុញ​ការនាំចេញ​ផលិតផល​ដែលមាន​ស្តង់ដារ​ទទួលស្គាល់​ជា​អន្តរជាតិ ។ ក្នុងនោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ក៏បាន​ស្នើ​ផងដែរ ដល់​គណៈកម្មការ​បច្ចេក​ទេស​ទាំងអស់​ចងក្រង​ពាក្យ​ពេ​ជ​ន៌​បច្ចេកទេស​នៃ​ភាសារ​បរទេស បកប្រែ​ជា​ភាសា​ខ្មែរ​រួច​បញ្ជូនទៅ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដើម្បី​បកប្រែ​ជា​ភាសារ​ជាតិ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ឯកភាពគ្នា ក្នុងការ​ប្រើប្រាស់​ភាសាជាតិ ។ ដោយឡែក​ទាក់ទង ការពិនិត្យ និង​អនុម័ត​លើ​បទ​ប្បញ្ញត្តិ​បច្ចេកទេស​អគ្គិសនី​សម្រាប់​រៀបចំ​បណ្តាញ និង​សុវត្ថិភាព​អគ្គិសនី​ក្នុង​អគារ​និង​លំនៅដ្ឋាន​នៅ​កម្ពុជា ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្រេច​មិនទាន់​អនុម័ត​នាពេលនេះ​ទេ ដោយសារ​ការជាន់​ភារ​កិច្ចការងារ​គ្នា រវាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​ពិភាក្សា​ឲ្យ​ជ្រះ​ស្រលះ​ជាមុនសិន​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×