Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡិចស៊ីស បើកបញ្ច្រាសផ្លូវជ្រុលទៅបុកម៉ូតូឌ្រីមសង់ ឌុបគ្នាពីនាក់ប្តីប្រពន្ធ បណ្ដាលឲ្យស្លាប់ប្តី ចំណែកឯប្រពន្ធរបួសធ្ងន់

spot_img

ភ្នំពេញ÷បុរសម្នាក់ស្រវឹងស្រាបើកបរ រថយន្តឡិចស៊ីស LX450 មួយគ្រឿងក្នុងល្បឿនលឿន បានបើកចូលខុសគន្លងរបស់ការរដ្ឋានដាក់លូ កំពុងសាងសង់ ដោយគេដាក់របាំងដែកពុះចែកមួយចំហៀងថ្នល់ ធ្វើជាផ្លូវទៅមក ជ្រុលទៅបុកនិងម៉ូតូឌ្រីម ជិះដោយប្តីប្រពន្ធ ដុបគ្នាពីរនាក់បណ្តាលឲ្យស្លាប់ប្តីរីឯប្រពន្ធរងរបួសធ្ងន់ ។

ហេតុការណ៍នេះដែរកើតឡើងនៅវេលា ម៉ោង៩និង២០នាទីយប់ ថ្ងៃសុក្រ ទី១៨ ធ្នូ ឆ្នាំ២០២០ ស្តិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុន ណង់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្តី។
អ្នកដែលរងរបួសធ្ងន់មានឈ្មោះ យី សុខគី ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ នៅផ្លូវជាតិលេខ៣ ម្តុំភូមិព្រៃព្រីងសង្កាត់ចោមចៅទឺ២ ខណ្ឌពោធិ៏សែនជ័យ ត្រូវជាប្រពន្ធរស់នៅជាមួយប្តីខាងលើ។

ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ភិន សុផន ភេទប្រុស ជនជាតិខ្មែរ មុខរបរយោធា បញ្ជាការដ្ឋានកងទ័ពជើងគោក កងឯកភាពខុទ្ទកាល័យ ឋានន្តរស័ក្តិ វរសេនីយ៍ទោ។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញ រថយន្តឡិចស៊ីសLX450 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2I.7318 បើកបរដោយបុរស ជាយោធាម្នាក់ស្រវឹងស្រាជោកជាំ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន ចំណែកឯម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1R.7396 ធ្វើដំណើរ២នាក់ប្តីប្រពន្ធពីត្បូងទៅជើងបញ្រ្ចាសទិសគ្នា រីឯចំណុចកើតហេតុ ដែលជាចំណុច ការរដ្ឋានកំពុងដាក់លូ ដោយបើកផ្លូវមួយចំហៀង ហើយផ្លូវមួយចំហៀងនោះ គេដាក់រនាំងដែកពុះចែកគន្លងផ្លូវជា២ សម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលបើកមកគន្លងម្ខាងរបស់ម៉ូតូជនរងគ្រោះ បុកម៉ូតូជនរងគ្រោះ ពេញទំហឹងតែម្តងទើបបណ្តាលឲ្យស្លាប់ប្តីប្រពន្ធរងរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយក្លីនិកឯកជនដឹកទៅសង្គ្រោះ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុ ហើយក៏បាននាំអ្នកបើករថយន្តបង្ក ដោយមានភាពស្រវឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីប្រគល់ឲ្យជំនាញចាត់ការបន្ត។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសាកសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×