Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

spot_img

ភ្នំពេញ៖នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាមួយលោក Alex Sanford អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិលើចំណុចមួយចំនួនដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញគឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចំពោះកិច្ច ដឹកនាំដោយឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម សហការជាមួយភាគីពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ ក្នុងទិសដៅបញ្ចប់សេចក្ដីព្រាងកិច្ចព្រមព្រៀងនេះ និងឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាផ្លូវការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH តាមគម្រោងដែលបានគ្រោងទុក ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×