Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលចិនផ្តល់ជំនួយជាសម្ភារៈ និងបរិក្ខារ កាត់បន្ថយការបញ្ចេញកាបូន ជូនមកប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង

spot_img

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាព ពិធីប្រគល់សម្ភារៈជានិមិត្តរូប ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន តាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ីនិងបរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជានូវសម្ភារមួយចំនួន រួមមាន អំពូលបំភ្លឺផ្លូវចំនួន២៨០០ដើម សូឡាPV ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០សម្រាប់ សរុបជាទឹកប្រាក់ប្រមាណ៣លានដុល្លាសហរដ្ឋអាមេរិក។

ជំនួយជាសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាជំនួយជាសម្ភារៈទាំងនេះ គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនតែងយកចិត្តទុកដាក់ និងគាំទ្រជាមួយកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ហើយអនុស្សរណៈយោគយល់នៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានចុះហត្ថលេខារួមគ្នាដោយក្រសួងបរិស្ថាន នៃប្រទេសទាំងពីរបានរួមចំណែកក្នុងការចង្អុលបង្ហាញយ៉ាងរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។ អំពូលសូឡាបំភ្លីផ្លូវ ប្រព័ន្ធផលិតថាមពលអគ្គិសនី ម៉ូតូអាគុយ និងសម្ភារបច្ចេកវិទ្យាជឿនលឿន និងសន្សំសំចៃថាមពលផ្សេងទៀត ដែលជាអំណោយរបស់ភាគីចិនលើកនេះ ជឿជាក់ថានឹងអាចរួមចំណែកដល់កិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការការពារបរិស្ថាននៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រទេសចិនខិតខំពុះពារជាមួយផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ នៅតែបន្តផ្តល់ជំនួយជាបរិក្ខារកាត់បន្ថយការបញ្ចេញកាបូននេះ ដល់ភាគីកម្ពុជាដូចក្នុងកិច្ចព្រមព្រៀង ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។ ភាគីកម្ពុជានឹងប្រើប្រាស់សម្ភារបរិក្ខារទាំងនេះ ដែលផ្តល់ដោយភាគីចិនឱ្យបានពេញលេញល្អ ដើម្បីចូលរួមកែលម្អលក្ខខណ្ឌផលិតកម្ម និងជីវភាពរស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាកន្លែងផ្សេងទៀតជាដើម ខិតខំលើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថានជូនដល់ប្រជាជនកម្ពុជា។ ភាគីកម្ពុជានឹងសហការជាមួយភាគីចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារបរិស្ថាន នៃប្រទេសទាំងពីរដើម្បីទទួលបានការអភិវឌ្ឍថ្មីឥតឈប់ឈរ។

ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ីនិងបរិស្ថាន នៃប្រទេសចិនដែលបានផ្តល់ជំនួយសម្ភារៈនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាសម្ភារៈបំភ្លឺខាងលើ នឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានា។ ឯកឧត្តមបានថ្លែងថាគោលដៅសំខាន់ គឺធ្វើឱ្យឪពុកម្តាយសិស្សវិលត្រឡប់មកសាលារៀនដើម្បីហាត់កីឡា និងមានឱកាសអាចជជែកពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ។ ឯកឧត្តមបន្តថាម៉ូតូអាគុយ និងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ ត្រូវបានយកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍ និងតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្តប់លើ (១) កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន (២) ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន (៣) ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (៤) កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (៥) ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការ កម្ពុជា-ចិន (៦) ការរៀបចំតំបន់បញ្ចេញកាបូនតិច និង (៧) ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិ ជាដើម៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×