Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ៖ ចូលរួមកាត់បន្ថយការស្លាប់ របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់ នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០

spot_img

ភ្នំពេញ៖ ក្នុងឱកាសអបអរទិវាជាតិ មាតា ទារក និងកុមារ នៅឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិកសុខាភិបាល ចូលរួមផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ កាត់បន្ថយការស្លាប់របស់មាតា ការស្លាប់ទារកក្នុងផ្ទៃ ការស្លាប់ទារកទើបនឹងកើត និងការស្លាប់របស់កុមារ អាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។

បើតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែនហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ ទិវាជាតិ​សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ អន្ដរជាតិ សូមជួយ និង​បន្ដជួយ វិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា គោលនយោបាយថ្មីៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបានលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យមកប្រើប្រាស់សេវាសុខាភិបាល​សាធារណៈ កាន់តែច្រើនឡើងៗ ហើយកាន់តែមានជំនឿទុកចិត្តខ្ពស់មកលើប្រព័ន្ធសុខាភិបាលជាតិរបស់យើង។ នេះជាការបោះជំហានថ្មីរបស់ប្រទេសកម្ពុជា ប្រកបដោយឆន្ទៈមោះមុតក្នុងការពង្រីកវិសាលភាពនៃការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល សម្រាប់ប្រជាជនទូទៅ។ ការអនុវត្តគោលនយោបាគាំពារសង្គមនេះ បានជួយដល់កម្មការិនី មន្រ្តីសាធារណៈជានារី និងក្មួយស្រីទាំងអស់ ដែលស្ថិតនៅក្រោមប្រព័ន្ធគាំពារសង្គមទទួលបាននូវការពិគ្រោះ ពិនិត្យ និងព្យាបាល ជំងឺដោយឥតបង់ថ្លៃបានប្រសើរថែមទៀត។ ជាមួយគ្នានឹងសេវាកម្មសុខភាពនេះ រាជរដ្ឋាភិបាលក៏មានផ្តល់នូវថវិកាសម្រាប់ការសម្រាលកូនជូនក្មួយៗបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងពេលសម្រាលកូន និងចិញ្ចឹមទារក ឲ្យមានសុខភាពល្អ ព្រមទាំងលើកកម្ពស់អាហារូបត្ថម្ភ។ ការងារចាំបាច់ដែលយើងត្រូវរួមគ្នាធ្វើ ក្នុងការថែទាំងសុខភាពមាតា ទារក និងកុមារ គឺចាប់ពីពេលមានគភ៌ ពេលសម្រាលកូន និងក្រោយពេលសម្រាល រួមទាំងការពន្យារកំណើតពីកូនមួយទៅកូនបន្ទាប់ផង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់នូវអនុសាសន៍ដូចតទៅ៖ ១. សូមឲ្យស្ដ្រីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិះផ្ទះ តាមកាលកំណត់ និងទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ ។ ២. សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ៣. សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការចំនួន១១មុខ តាមការណែនាំ និងការកំណត់របស់គ្រូពេទ្យ ។ ៤. សូមបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូត្រភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយនឹងការបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ ៥. សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើឲ្យបង្កើនលទ្ធភាពបន្ថែមទៀត ជូនដល់ផ្នែកសុខភាពមាតាទារកកុមារ សុខភាពបន្តពូជ ពន្យារកំណើត ការផ្តល់ថ្នាំបង្ការ អាហារូបត្ថម្ភ និងការពិនិត្យព្យាបាលជំងឺទារកនិងកុមារតូចៗ ជាពិសេសខ្លឹមសារនិងអត្ថន័យនៃទិវានេះឲ្យស្ថិតនៅជាប់នឹងការប្តេជ្ញាចិត្តដ៏រឹងមាំ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×