Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃេីញវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី នៅប្រទេសអង់គ្លេស

spot_img

ភ្នំពេញ៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃេីញវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មីនៅប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លង​លឿន​ ភាពធ្ងន់ធ្ងរគ្លីនិក​ ភាពផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់នានា​។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ដោយសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ​ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក​ ខ្ញុំសូមឆ្លៀតឱកាសនេះ​ ជម្រាបជូនបងប្អូនសាធារណជនទាំងអស់​ នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន​ មានដូចតទៅ៖
១.​ ការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩​ ដែលបានបំលែងខ្លួន (Mutation) នេះ​ ដែលធ្លាប់មានការចុះផ្សាយកន្លង​មកដែរ​ លេីការបំប្លែងខ្លួនរបស់វីរុសកូវីដ-១៩​ នេះ។

២.​ វីរុសកូវីដ-១៩​ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង​នូវបំលែងវីរុស ឫ​ វ៉ារ្យ៉ង់ថ្មី។​ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន​ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា​ ហេីយឥឡូវនេះ​ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស​ និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស​ ដែលត្រូវបានគេរកឃើញផងដែរ​ នៅក្នុងប្រទេសដាណឺម៉ាក​ អូស្ត្រាលី​ និងហូឡង់។

៣.​ លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស​ បង្ហាញថា​ ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ​ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរណ៍ពីពេលមុនៗ​ ហេីយរហូតមកដល់បច្ចុប្បន្ននេះ​ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លង​នេះនៅឡេីយ។ ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប​ សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក​ ការឆ្លង​ ការផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង​ និងការតាមដានករណីឆ្លងឡើងវិញ​ (re-infection)​ផងដែរ។

៤.​ ខ្ញុំសុំបញ្ជាក់ជូនផងដែរថា​ ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ​ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ។

៥.​ អ្វីដែលសំខាន់នៅពេលនេះ​ គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩​ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក​ ដោយមជ្ឈមណ្ឌលកូវ៉ាក់​ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់សាំង​ មុនការប្រេីប្រាស់នៅកម្ពុជានោះ​ ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩​ (បំលែងបែបណាក៏ដោយ)​ យេីងត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​ការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ ដោយគ្រប់ៗគ្នា​ ត្រូវចូលរួមអនុវត្តវិធានការ​ ៖
-​ ៣ការពារ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង។
​-​ ៣កុំ​៖​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កុំទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ពេលជួបគ្នាកុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ ឫកុំឱបគ្នា​ ជាដេីម។
-​ ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ដោយចេះកែប្រែឥរិយាបទ​ និងទម្លាប់នៃការរស់នៅ​ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩​ តាមការណែនាំខាងលេីនេះ។
-​ ការប្រហែសខ្លួន​ ដោយមេីលស្រាលលេីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ដោយទុកខ្លួនឯង​ ឲ្យវីរុសកូវីដ-១៩​ សប្បាយចិត្ត​ អាចវ៉ៃលុកដោយសេរីមកលេីសរីរាង្គខ្លួនឯង​ ធ្វេីឲ្យធ្លាក់ខ្លួនឈឺ​ និងអាចមានសភាពធ្ងន់ធ្ងរ​ អាចស្លាប់បាត់បង់ជីវិតបាន​ ប្រសិនបេីនៅតែប្រហែសខ្លួន​ មេីលស្រាលលេីលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩​ នេះ​។

លោកជំទាវវេជ្ជបណ្ឌិត​ បានមានប្រសាសន៍ថា​ ខ្ញុំសូមជូនពរឆ្នាំថ្មីសាកល​ ២០២១​ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា​ មានសុខភាពល្អ​បរិបូណ៌​ ចៀសផុតនូវការឆ្លងវីរុសកូវីដ-១៩​ និងជំងឺតម្កាត់ផ្សេងៗទៀត​ ព្រមទាំងមានសុខសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន៕
រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

spot_img
×