Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំសម្រុះសម្រួលវិវាទ រវាង លោក ព្រាប សុវត្ថិ និង លោក ម៉ៅ ធនារក្ស

spot_img

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលបញ្ចប់វិវាទ ករណីបណ្តឹង នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ វិច្ឆិកា កន្លងទៅលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានធ្វើការបង្ហាញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយពាក់ព័ន្ធតារាចម្រៀងលោក ព្រាប សុវត្ថិ មានជម្លោះដីធ្លីដោយត្រូវឈ្មោះ ម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី បានបញ្ជាកូនចៅរបស់ខ្លួន ឲ្យទៅវាយកម្ទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ម្ដាយរបស់លោក ព្រាប សុវត្ថិ ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ។

ករណីនេះ យើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់។ ជុំវិញក្ដីក្ដាំនេះតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានដាក់លិខិតមួយដោយគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ដីរបស់ខ្លួនដែលត្រូវឯកឧត្តម ម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរីរំលោភយកជាកម្មសិទ្ធិផងដែរ រហូតមកដល់យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ឡុង ក៏បានបង្ហាញនូវបច្ចុប្បន្នភាពជុំវិញរឿងនេះដោយលោកបានបង្ហាញភ្ជាប់វីដេអូរបស់ប្រជាពលរដ្ឋដែលអះអាងថាដីធ្លីដែលលក់ឲ្យភាគីលោក ព្រាប សុវត្ថិ សុទ្ធជាកម្មសិទ្ធិអាស្រ័យផលពួកគាត់ច្រើនឆ្នាំមកហើយ។ ប្រភពបានបញ្ជាក់ថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនសាធារណជនឲ្យបានជ្រាបអំពីការវិវត្តថ្មីនៃជម្លោះដីរវាងលោក ព្រាប សុវត្ថិ និងលោក ម៉ៅ ធនារក្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។រយៈពេលកន្លងទៅនេះ ជំនួបរវាងលោក ព្រាប សុវត្ថិ និងអាជ្ញាធរខេត្តមណ្ឌលគិរី ដោយលោក ព្រាប សុវត្ថិ បានបញ្ជាក់ថា ដោយសាររឿងនេះមានការសម្របសម្រួលដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ហេតុដូចនេះអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ ដោះស្រាយការងារមួយចំនួន ប៉ុន្តែមិនទាន់បានលទ្ធផលច្បាស់លាស់នៅឡើយទេ។ ខណៈនេះលោក ព្រាប សុវត្ថិ និងម្តាយរបស់លោកកំពុងរង់ចាំលទ្ធផល»។

ប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរបានបន្ថែមថា៖ «លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់អំពីបញ្ហាជម្លោះខាងលើនេះ។

ពាក់ព័ន្ធការចោទប្រកាន់លោក ម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង ឧកញ៉ា អ៊ាង លីអេង ថា បានឃុបឃិតគ្នាដោយប្រើអំណាចមករំលោភបំពានយកដីរបស់ម្តាយរបស់ខ្លួន ធ្វើជាកម្មសិទ្ធិ លោក ម៉ៅ ធនារក្ស បានចេញលិខិតបដិសេធថា លោកពុំបានរំលោភយកដីនេះ នោះទេ ដោយពេលនេះ អាជ្ញាធរកំពុងដោះស្រាយស្វែងរកការពិតហើយ ។ លោក ម៉ៅ ធនារក្ស បាននិយាយថា ដីនេះលោកបានទិញតាំងពីឆ្នាំ ២០១២មកម៉្លេះ ចំណែកលោកព្រាប សុវត្ថិ ទើបទិញកាល ឆ្នាំ២០១៨-២០១៩នេះទេ ដោយមានជនខិលខូច លួចយកដីនេះ ទៅលក់ឲ្យ លោកព្រាប សុវត្ថិ ដូច្នេះ ក៏មានការដោះស្រាយ ហើយលោកមិនបានធ្វើអ្វីឲ្យខុសច្បាប់ ជាមួយលោក ព្រាប សុវត្ថិ ដែរ គឺទុកឲ្យផ្លូវច្បាប់ ជាអ្នកធ្វើការ។លោក ម៉ៅ ធនារក្ស បានបន្តថា បច្ចុប្បន្ននេះខាងឃុំ សែនមនោរម្យ និងអភិបាលស្រុក អូររាំង បានចេញ លិខិតទទួលស្គាល់ថា ដីនេះគឺពិតជាដីរបស់លោកមែន ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×