Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារកណ្តាល​កម្ពុជា​និង​ធនាគារកណ្តាល​ឡាវ ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​

spot_img

​ធនាគារកណ្តាល​កម្ពុជា និង​ធនាគារកណ្តាល​ឡាវ​បាន​ជួបប្រជុំ​ទ្វេភាគី​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី សំដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។

​ក្នុងជំនួប​ទ្វេភាគី​នោះ មានការ​អ​ញ្ចើ​ញ​ចូលរួម គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ដឹកនាំ​ដោយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​គណៈប្រតិភូ​ធនាគា​រ​កណ្តាល​ឡាវ ដឹកនាំ​ដោយ លោក Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាល​ឡាវ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ស្ថានភាព​សេដ្ឋកិច្ច ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ ការត្រួតពិនិត្យ​ធនាគារ ជាពិសេស គោលនយោបាយ​និង​វិធាន​ការដែល​ប្រទេស​ទាំងពីរ​អនុវត្ត​ក្នុងពេលដែល​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​ធនាគារកណ្តាល​ឡាវ និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច តាមរយៈ​ការរក្សា​ស្ថិរភាព​ថ្លៃ និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម ដើម្បី​គាំទ្រ​ការផ្តល់​សន្ទនីយ​ភាព​របស់​វិស័យ​ធនាគារ​ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​។

​ជាមួយគ្នានេះ ធនាគារកណ្តាល​ទាំងពីរ ក៏បាន​ចូលរួម​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​ប្រជាជន​ក្រីក្រ​និង​ក្រុមហ៊ុន​-​សហគ្រាស ដែល​ទទួលរង​ការធ្លាក់ចុះ​ចំណូល ដោយបាន​បន្ធូរបន្ថយ​បញ្ញត្តិ​កម្ម​មួយចំនួន ដែល​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើងវិញ​បាន​។

​ទន្ទឹមនេះ ធនាគារកណ្តាល​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​បានរួម​ចំណែក​ពង្រឹងសមត្ថភាព​ជំនាញ តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង​និង​ជំនាញ និង​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។ គួរ​រំលេច​ថា បច្ចុប្បន្ន ធនាគារពាណិជ្ជ​ខ្មែរ​ចំនួន​២ មាន​វត្ត​មាននៅ​ប្រទេស​ឡាវ និង​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។
​ធនាគារ​រ​កណ្តាល​ឡាវ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​។ ធនាគារកណ្តាល​ឡាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​ធនាគារ​កណ្តាល​ឡាវ​នាពេល​កន្លងមក និង​បាន​ស្នើសុំ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​ការចែករំលែក​បទពិសោធ​ន៍​លើ​ប្រព័ន្ធ​ទូទាត់ ជាពិសេស​ប្រព័ន្ធ​បាគង និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​

​លោក ជា ចាន់តូ បាន​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ឡាវ និង​ធនាគារកណ្តាល​ឡាវ​ដែល​រក្សាបាន​នូវ​មូលដ្ឋានគ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​កណ្តាល​ឡាវ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ធនាគារពាណិជ្ជ​កម្ពុ​ជា​ដែល​កំពុងដំណើរការ​នៅ​ប្រទេស​ឡាវ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​នាពេល​កន្លងមក ព្រមទាំង​លើកទឹកចិត្ត​ដល់​ការធ្វើការ​ចែករំលែក​ព័ត៌មាន ចំណេះដឹង និង​ផ្លាស់ប្តូ​បទពិសោធន៍​តាមរយៈ​ប្រព័ន្ធ​វី​ដែ​អូ ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូ​វីដ​-១៩ មិនទាន់​បានបញ្ចប់​ការរីក​រាលដាល​នៅឡើយ​។

ធនាគារកណ្តាល​ទាំងពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រទេស​ទាំងពីរ ដែល​ឋិត​នៅ​ភូមិ​ផង​របង​ជាមួយ​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×