Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្លាស់ប្ដូរ​ទីស្ដីការក្រសួង​សាធារណការ​ទៅកាន់​ទីតាំង​ថ្មី ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្ដុំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ឱ្យ​ស្ថិតនៅ​ទីតាំង​តែមួយ​

spot_img

​ភ្នំពេញ​៖ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ​ថា​៖ អគារ​ទីស្ដីការក្រសួង​ថ្មី គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ​ខែមករា ឆ្នាំ​២០២១ ខាងមុខ ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លេខ​០៥៤ សក​.​រប​.​សជណ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ អគារ​ទីស្ដីការក្រសួង​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​៥៩៨ (​ផ្លូវ​ឯកឧត្ដម ជា សុផារ៉ា​) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមខែ​មករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា​៖ ការផ្លាស់ប្ដូរ​ទីស្ដីការក្រសួង​ទៅកាន់​ទីតាំង​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្ដុំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ឱ្យ​ស្ថិតនៅ​ទីតាំង​តែមួយ ដែលមាន​ទីធ្លា​ធំ​ទូលាយ ឆ្លើយតប​ទៅតាម​ទំហំ​ការងារ​នាពេល​បច្ចុប្បន្ន ឆ្លុះបញ្ចាំង​ចក្ខុវិស័យ​នាពេល​អនាគត ជាពិសេស​ទីតាំង​ថ្មី​នេះ​ជួយ​សម្រួល​ដល់​លំហូរ​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​បាន​កាន់តែ​ល្អ ប្រសើរ និង​ផ្ដល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​សេវាសាធារណៈ​ចាំបាច់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ ទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ប្រចាំ​សប្ដាហ៍​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​ការត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​ទៅ​ទីស្ដីការក្រសួង​ថ្មី និង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ថ្នាក់ដឹកនាំ​បាន​ជួបប្រទះ​អំឡុងពេល​អនុវត្ត​ការងារ​របស់ខ្លួន និង​មិនទាន់​អាច​ដោះស្រាយបាន សំដៅ​សម្រួល​ការងារ​ឱ្យមាន​ភាពសាមញ្ញ និង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ក្រសួង​បាន និង​កំពុង​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​សហការគ្នា​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ទាក់ទង​នឹង​ផ្លូវថ្នល់ និង​ស្ពាន​ដល់​កូន​ខ្មែរ​ឱ្យក្លាយ​ទៅជា​វិស្វករ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស របស់​ក្រសួង ព្រមទាំង​បាន​ជំ​រុញឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច​ពិនិត្យ​លទ្ធភាព​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ចាប់ពី​ខែមករា ឆ្នាំ​២០២១ នេះ​តទៅ ក្នុងការ​ចូលរួម​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ​ឱ្យ​កាន់តែ​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​គឺ​៖ មនុស្ស ផ្លូវ ភ្លើង ទឹក​។

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​វ​ឌ្ឍ​ភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​ទូទាំងប្រទេស ជាពិសេស វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​បាន​ចូលរួម​សហការគ្នា​ក្នុង​ភាពជា​ម្ចាស់​លើ​ការអនុវត្ត​គម្រោង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្រសួង​បាន​ទិញ និង​ស្នើសុំ​គ្រឿងចក្រ​ទំនើបៗ​ពី​ក្រុមហ៊ុន​សៀង​ហៃ ដើម្បី​ចែកជូន​តាម​បណ្ដា​មន្ទីរ​រាជធានី​-​ខេត្ត​ទាំង​២៥ និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង សំដៅ​ផ្ដល់​លទ្ធភាព​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​ការកសាង ជួសជុល ថែទាំ និង​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ឆន្ទៈ​និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ឧត្ដមប្រយោជន៍​ជាតិ និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទទួលបន្ទុក​ការងារ​សាងសង់​អគារ​ទីស្ដីការក្រសួង​ថ្មី​នេះ​បាន​ចប់សព្វគ្រប់​តាម​ពេលវេលា​ដែល​បានកំណត់ និង​បាន​ផ្ដាំ ផ្ញើឱ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បន្ថែមទៀត ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ថែរក្សា​អគារ​ថ្មី​នេះ និង​គ្រឿងចក្រ​នានា​ឱ្យ​បានល្អ​បំផុត ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×