Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍ នៃការដំឡើងពន្ធ លើផលិតផលថ្នាំជក់, ខណៈការប្រើប្រាស់ថ្នាំជក់ បណ្ដាលឲ្យខាតបង់ទឹកប្រាក់ ៦៤៩លានដុល្លារក្នុងមួយឆ្នាំ

spot_img

ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញរបាយការណ៍មួយថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយ នៅកម្ពុជា មានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតំលៃលក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០%ទៅ៦០% ។

អង្គការCMH បានបន្ថែមទៀតថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់៧៥% នៃតម្លៃបារីលក់រាយ យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩។

ជាងនេះទៀត ការដំឡើងពន្ធថ្នាំជក់ កាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងន័យនេះ អាចបញ្ជក់ថាទុក្ខវេទនារបស់ប្រជាពលរដ្ឋ ក៏បានកាត់បន្ថយ។
ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្ពុជា ៨០% គាំទ្រអោយមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងដំឡើងថ្លៃតម្លៃបារី (ការអង្កេតថ្នាក់ជាតិ របស់ក្រសួងផែនការឆ្នាំ២០១៤ លើមនុស្សពេញវ័យ ស្ដីពីថ្នាំជក់នៅកម្ពុជា) ។ មិនតែប៉ុណ្ណោះ កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ “ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ជាពិសេសក្នុងដំណាក់កាលប្រទេសយើងជួបវិបត្តិកូវីត១៩ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ ”។

គូសបញ្ជាក់ផងដែរថា ពលរដ្ឋកម្ពុជាចំនួន ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឲ្យខាតបង់ទឹកប្រាក់ ៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះពីការសម្រាកជក់បារី និងអវត្តមានពីការងារ។ល។ យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



spot_img
×