ភ្នំពេញ៖ អ្នកដឹងរឿងច្បាស់ទម្លាយឱ្យដឹងថា ការជួបសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារ ស្ទើរតែទាំងអស់ត្រូវតែបង់ប្រាក់ជូនមន្ត្រីពន្ធនាគារ ឬ ហៅសាមញ្ញថា ជាប្រាក់មនោសញ្ចេតនា ទើបការជួបសួរសុខទុក្ខនោះ ប្រព្រឹត្តទៅដោយរលូននិងគ្មានការរង្កៀសផ្លូវចិត្ត។
មានការចោទប្រកាន់ និងអះអាងថា ការចូលសួរសុខទុក្ខអ្នកជាប់ឃុំ នៅតាមពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ តម្រូវឱ្យមានការបង់ឱ្យអ្នកយាមជាមុនសិន ទើបអនុញ្ញាតឱ្យចូលសួរសុខទុក្ខបាន។ តែលោកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក៏បានទទួលស្គាល់ថា បញ្ហាទាំងអស់នេះ កាលពីប៉ុន្មានឆ្នាំមុន គឺពិតជាកើតមានមែន ប៉ុន្ដែបច្ចុប្បន្ននេះមិនមានទៀតនោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ ថា ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងតាមបណ្ដាមណ្ឌលអប់រំកែប្រែ ពីសំណាក់សាច់ញាតិអ្នកជាប់ឃុំ មិនត្រូវឱ្យមានការបង់ប្រាក់នោះទេ។
លោក នុត សវនា បានថ្លែងយ៉ាងដូច្នេះថា “យើងព្យាយាមក្រើនរំលឹកមន្ត្រីរបស់យើងនៅគ្រប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការសួរសុខទុក្ខ ជាសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ ចឹងបើគ្មានការហាមឃាត់ទេ ត្រូវតែអនុញ្ញាតឲ្យគេចូលជួបគ្រួសារគេ ហើយបញ្ហាទាំងអស់នេះ យើងមានទាំងបិទផ្លាកនៅតាមខ្លោងទ្វារទៀតថា គ្មានការយកលុយទេចំពោះការសួរសុខទុក្ខ”។
លោក នុត សវនា បានបញ្ជាក់ថា ការយកលុយនោះមិនមែនជាគោលការណ៍នោះទេ ប៉ុន្ដែប្រសិនបើអ្នកចូលសួរសុខទុក្ខ បានឲ្យលុយបន្ដិចបន្ទួចដល់អ្នកយាម គឺពិតជាមានមែនទេ តែនេះជាការផ្ដល់សារគុណ និងជាបង្ហាញពីទឹកចិត្តចំពោះអ្នកចូលជួបអ្នកឃុំប៉ុណ្ណោះ ហើយថវិកាទាំងនោះ គឺមន្ត្រីយកទៅប្រើប្រាស់ដើម្បីថែមទាំង និងសំអាតពន្ធនាគារ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៧ នៅកម្ពុជាមានអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ ជិត៣ម៉ឺននាក់ ជនបរទេសជាង១ពាន់នាក់ ដោយក្នុងនោះរួមមាន ជនត្រូវចោទ ចំនួន៦៧៦៣នាក់ (ស្រី ៦៥៦នាក់) ជនជាប់ចោទចំនួន៣៤៤១នាក់ (ស្រី ៣៣២នាក់) ពិរុទ្ធជន ចំនួន១១០៣៨នាក់ (ស្រី ៩៩០នាក់) ទណ្ឌិត ចំនួន៧១៧២នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះជនបរទេស ចំនួន១១៤៨នាក់ (ស្រី ២៧១នាក់) អនីតិជន ចំនួន១៥៥៥នាក់ (ស្រី៩៨នាក់) ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក់ (ស្រី៧២នាក់)៕ ដោយ៖បញ្ញាស័ក្តិ