Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ព្រមាន​ដក​អាជ្ញាប័ណ្ណ ព្រមទាំង​បិទ​កន្លែង​ព្យាបាល​ឯកជន​ណា មិន​ព្រម​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ ដោយ​នៅតែ​បន្ត​ចេញ​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា អាន​មិន​ដាច់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាស​ផាកពិន័យ​ជា​ប្រាក់​៥០០០.០០០​រៀល (​ប្រាំ​លាន​រៀល​) ឬ​ដក​អាជ្ញាប័ណ្ណ ព្រមទាំង​បិទ​កន្លែង​ព្យាបាល​មិនឱ្យ​បន្តសកម្មភាព​តទៅទៀត ដល់​កន្លែង​ព្យាបាល​ឯកជន​ណា មិន​ព្រម​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ ដោយ​នៅតែ​បន្ត​ចេញ​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​លិខិត​មួយ​ជម្រាប​មក លោក លោកស្រី ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ ស្តីពី​ការ​ក្រើនរំលឹក​ចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ តាម​កុំព្យូទ័រ ដោយ​យោងតាម​សារាចរ​ណែនាំ​លេខ ០៤១ អបស​/​ម​ព ចុះ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ របស់​ក្រសួងសុខាភិបាល ស្តីពី​ការចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ក្រសួងសុខាភិបាល​សូម​ជម្រាបជូន លោក លោកស្រី ដែលជា​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ ឱ្យបាន​ជ្រាបថា រយៈកាល​កន្លងមកនេះ ក្រសួងសុខាភិបាល​បាន សង្កេតឃើញ​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយចំនួន បាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី ការចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ​។ ទន្ទឹមនឹង​នោះដែរ ក៏​នៅមាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយចំនួនទៀត នៅតែ​មិន​ព្រម អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការចេញ​វេជ្ជបញ្ជា​ដោយ​កុំព្យូទ័រ ដោយ​នៅតែ​បន្ត​ការចេញ​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ​។

​លោកជំទាវ​វេជ្ជបណ្ឌិត សូម លោក លោកស្រី ដែលជា​ម្ចាស់​សេវា​សុខា ភិ​បាល​ឯកជន​ទាំងអស់ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្នុង​ការចេញ​វេជ្ជបញ្ជា តាម​កុំព្យូទ័រ​ឱ្យបាន​ទាំងអស់គ្នា​។ ក្នុងករណី​ដែល​នៅមាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​ណាមួយ មិន​ព្រម​គោរព​ទៅតាម ការណែនាំ​ខាងលើនេះ​ទេ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​យ៉ាងហ្នឹង​ម៉ាត់​បំផុត ចំពោះ​កន្លែង​ព្យាបាល​នោះ និង​ធ្វើការ​ជាក​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០ រៀល (​ប្រាំ​លាន​រៀល​) តាម​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួងសុខាភិបាល ឬ​ដកយក​អាជ្ញាប័ណ្ណ​មកវិញ ព្រមទាំង​បិទ​កន្លែង​ព្យាបាល​មិនឱ្យ​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×