Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ”

spot_img

ភ្នំពេញ៖ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោ-បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ” ដោយទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

“ច្បាប់ស្ដីពីការងារ” គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលត្រូវបានប្រកាសឱ្យប្រើចាប់តាំងពីឆ្នាំ ១៩៩៧ មក ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចំនួន ២ លើករួចមកហើយ ដោយក្នុងនោះ ការធ្វើវិសោធនកម្មលើកទី ១ ក្នុងឆ្នាំ ២០០៧ គឺពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែម និងការងារពេលយប់ ខណៈដែល ការធ្វើវិសោនធកម្មលើកទី ២ ក្នុងឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ ។

ស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៨ ឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងរហ័សផ្នែកសង្គម-សេដ្ឋកិច្ច, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំ “សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ” ។ សេចក្ដីព្រាងច្បាប់នៃការធ្វើវិសោធនកម្មលើកទី ៣ នេះ ដែលជាលទ្ធផលនៃការពិភាក្សា និងការផ្ដល់ធាតុចូលពីភាគីពាក់ព័ន្ធ រួមទាំងសហជីពតំណាងកម្មករនិយោជិត សមាគមនិយោជក និង តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ។ ជារួម, សេចក្ដីព្រាងនេះមានគោល-បំណងរៀបចំឱ្យច្បាប់ស្តីពីការងាររបស់កម្ពុជា ឱ្យមានលក្ខណៈត្រដំត្រសងជាមួយប្រទេសក្នុងតំបន់ សំដៅកែលម្អបរិយាកាសវិនិយោគ ដោយផ្តោតសំខាន់លើការ៖

១. កែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងារ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារ ជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ,
២. ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ ឱ្យកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង
៣. ការគិតគូរទិដ្ឋភាពផ្សេងៗដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិត ភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់ និងសកលលោក ជាដើម ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំសេចក្ដីព្រាង ដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រុមការងារធ្វើការកែសម្រួលឯកសារនេះស្របតាមស្មារតីនៃកិច្ចប្រជុំដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×