Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនធម្មតា ប្ដឹង​ទាំង​មន្ត្រី​តុលាការ​ប្ដឹង​ទាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក គឹម​លី និង​បក្ខពួក

spot_img

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក គឹម​លី បន្ទាប់ពី​ត្រូវបាន​ប្រជាពលរដ្ឋ ៤ គ្រួសារ ប្ដឹងទៅ​ក្រសួងការពារជាតិ ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ពួកគាត់​ករណី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​រូបនេះ បន្លំ​ឯកសារ និង​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​នោះ ពេលនេះ ត្រូវ លោក ប៉ែន នួន ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ស្រទាប់​យុវវ័យ ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) ព្រមទាំង​ប្ដឹង​មន្ត្រី​តុលាការ​នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាច្រើនរូប​ទៀត​។

​បើ​យោងតាម​ពាក្យបណ្ដឹង ចុះ​ថ្ងៃ​ទឹ​២៤ ខែធ្នូ ឆ្នាំ​២០២០ របស់លោក ប៉ែន នួន បានសរសេរថា កម្មវត្ថុ ៖ សុំ​ប្ដឹង​បុគ្គល​ចំនួន ០៥​រូប មាន ៖

​ទី​១ ៖ លោក ស៊ឹម ពិចិត្រ មាន​តួនាទី​ជា​ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្តឧត្ដរមានជ័យ​។​
​ទី​២ ៖ លោក គង់ រតនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តឧត្ដរមានជ័យ​។​
​ទី​៣ ៖ លោក អ៊ុក គឹម​លី ឋានៈ ឧត្ដមសេនីយ៍ ទោ មាន​តួនាទី​ជា​នាយរង​ទីចាត់ការ ការងារ​ព្រំដែន នៅ​អគ្គបញ្ជាការ​កងទ័ពជើងគោក​។​
​ទី​៤ ៖ លោក យឹម សេន ឋានៈ វរសេនីយ៍ទោ មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់​។​
​ទី​៥ ៖ លោក គឹម សំណាង មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង​។​

​តប​តាម​កម្មវត្ថុ​ខាងលើ ៖ លោក ស៊ឹម ពិចិត្រ ចៅក្រម​ជំនុំជម្រះ និង​លោក គង់ រតនា ព្រះ រាជអាជ្ញា​រង កាន់​សំនុំរឿង​របស់ លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី និង​លោក​ស័ក្ដិ​បួន​កន្លះ ឈ្មោះ យឹម សេន បាន​ប្រើប្រាស់​ឯកសារ​លិខិត​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​ក្លែងបន្លំ ខុស​ទីតាំង​ភូមិ ចុះ​វាស់វែង​ចេញ​ដោយ​លោក គឹម សំណាង អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ ឱ្យទៅ​ឈ្មោះ អ៊ុក គឹម​លី និង​ឈ្មោះ យឹម សេន ជាន់​លើដី​កម្មសិទ្ធិ​របស់​យើងខ្ញុំ និង​ពលរដ្ឋ​ចំនួន ០៤​គ្រួសារ ដែលមាន​លិខិត​កាន់កាប់​ប្រើប្រាស់​ទទួលស្គាល់​ដឹងឮ​ពី​អាជ្ញាធរ​ភូមិ – ឃុំ ។

​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ចៅក្រម​ជំនុំជម្រះ ឈ្មោះ ស៊ឹម ពិចិត្រ និង​ព្រះរាជអាជ្ញារង​លោក គង់ រតនា កាត់ក្ដី​ឱ្យ​ខ្ញុំបាទ ប៉ែន នួន ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ស្រទាប់​យុវវ័យ សងជំងឺចិត្ត អោយទៅ​ឈ្មោះ អ៊ុក គឹម​លី ចំនួន ៤០​លាន​រៀល (​សែសិប​លាន​រៀល​) និង​សង​ជំងឺ​ចិត្រ អោយទៅ​ឈ្មោះ យឹម សេន ៤០​លាន​រៀល (​សែសិប​លាន​រៀល​) និង​ផាកពិន័យ​ចូល​រដ្ឋ ៥​លាន​រៀល (​ប្រាំ​លាន​រៀល​) ដោយ​ចោទប្រកាន់​ខ្ញុំបាទ ពីបទ​” បរិហារកេរ្ដិ៍ ” ដែល​ខ្ញុំបាទ ប៉ែន នួន បាន​ចុះផ្សាយ​តាម​ផេ​ក​អង្គភាព​សា​ព័ត៌មាន​ស្រទាប់​យុវវ័យ ដែល​ខ្ញុំបាទ ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី រងគ្រោះ​ពិតប្រាកដ​មួយរូប​ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ ០៤​គ្រួសារ ដែល​លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី និង​លោក​ស័ក្ដិ បួន​កន្លះ ឈ្មោះ យឹម សេន រំលោភ​យក​អស់ ចំនួន ០៦​ហិកតា ស្ថិត​នៅជាប់​ផ្លូវ​បារាំង ក្នុងភូមិ​ទួល​ស្វាយ​សែន​ជ័យ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។​

​នៅក្នុង​សវនាការ ពលរដ្ឋ​ម្ចាស់​ដី​ចំនួន ០៣​នាក់ បាន​ចូលធ្វើ​សាក្សី សុំ​ឆ្លើយ​បំ​ភ្លី​ជុំវិញ​រឿងរ៉ាវ​បណ្ដឹង​ចោទ​ប្រាន់​របស់លោក អ៊ុក គឹម​លី តែ​ត្រូវបាន​លោក ស៊ឹម ពិចិត្រ ចៅក្រម​ជុំនំជម្រះ បដិសេធ ព្រោះ​គ្មាន​ឈ្មោះ​កោះអញ្ជើញ​អោយចូល​រួម​។​

​យោងតាម​ការចុះផ្សាយ​តាម​ផេ​ក​អង្គភាព​ព័ត៌មាន​ស្រទាប់​យុវវ័យ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ ក្រោម​ចំណងជើង​ថា ៖ ពលរដ្ឋ​ទប់​កំហឹង​មិនបាន ចោទ​លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី ថា ជា​ផ្កាយចោរ លួច និង​ប្លន់ ដី​របស់​ពួកគាត់ យកទៅ​កាយ​ស្រះ សង់ផ្ទះ និង​ដាំ​ដំណាំ ស្ដែងៗ​នៅ​នឹង​មុខ​។​

​ដោយឡែក​ក្នុង​ពាក្យបណ្ដឹង​មួយទៀត​របស់​ប្រជាពលរដ្ឋ ទៅកាន់​ក្រសួងការពារជាតិ បាន​ជម្រាបជូន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ថា ” លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី និង​លោក​វរសេនីយ៍ទោ យឹម សេន យក​អំណាច​ខ្លួន​ជា​យោធា​មក​រំលោភ​យក នឹង​កាយ​ស្រះ​ដាំ​ដំណាំ​ស្វាយ ធ្វើ​ផ្ទះ​នៅ​លើដី​របស់​ពួក​ខ្ញុំ​ទាំង​បំពាន​។ សូមបញ្ជាក់ថា នៅ​ឆ្នាំ ២០១៥ ទីតាំង​ខាងលើនេះ​មាន​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ ២១​គ្រួសារ​នៅលើ​ផ្ទៃដី ១៤០​ហិកតា​ជាមួយនឹង​លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី ។

​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី បាន​ព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ២១​គ្រួសារ ដែលមាន​ការបែងចែក​ព្រំប្រទល់​ច្បាស់លាស់ និង​ចូលរួម​ពី​សំណាក់​លោក ស៊ី ប្រា​សិទ្ធ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អភិបាលរង​ស្រុក​អន្លង់វែង មេឃុំ ជាប់​ព្រំប្រទល់​ទាំងអស់ ការិយាល័យ​ភូមិបាល មេភូមិ និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន បាន​ចូលរួម​ទៅដល់​ទីតាំង​ដី និង​ចូលរួម​ប្រជុំ​ធ្វើ​កំណត់ហេតុ​នៅក្នុង​សាលាស្រុក​អន្លង់វែង ដើម្បី​បញ្ចប់រឿង​រួចរាល់ ។ ប៉ុន្តែ​បែរជា​លោក​ផ្កាយ​ពីរ អ៊ុក​លី បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​របស់ខ្លួន ក្បត់​នឹង​កិច្ចសន្យា​មក​បំពាន​យកសា​ជាថ្មីទៀត ។

​ក្នុងការ​ឆ្លើយបំភ្លឺ​បកស្រាយ​ជាមួយ CEN កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក គឹម​លី បានបញ្ជាក់​ប្រាប់ថា លោក​ធ្វើទៅ​តាមផ្លូវ​ច្បាប់ បើ​ប្រជាពលរដ្ឋ​រកឃើញ​កំហុស ឬក៏​អ្វីដែល​លោក​បំពាន គាត់​ធ្វើទៅ​តាមច្បាប់​ទៅ ។ លោក​បាន​បញ្ជាក់ថា “​រឿងនេះ ជា​រឿង​ដដែលៗ យូរ​មកហើយ ឥឡូវ​ខ្ញុំ​ក៏​កំពុងដំណើរការ​តាមផ្លូវ​ច្បាប់​ទាក់ទង​គាត់​បរិហាកេរ្តិ៍​ខ្ញុំ វា​អត់​មាន​មូលដ្ឋាន ហើយ​គាត់​បំពាន​ខ្ញុំ ខ្ញុំ​ក៏មាន​សិទ្ធិ​របស់ខ្ញុំ​ដែរ បើ​គាត់​រកឃើញ​ចំណុច​ណា​ដែល​ខ្ញុំ​ធ្វើ​ខុស គាត់​ប្តឹង​ខ្ញុំ​ទៅ អត់​បញ្ហា​ទេ ព្រោះ​យើង​រស់នៅ​ក្រោម​ច្បាប់​ដូចគ្នា បើ​អ្នកណា​បំពាន​អ្នកណា អ្នកនឹង​ទទួលខុសត្រូវ ព្រោះ​ខ្ញុំ​អត់​ដែល​បំពាន​គេ​ទេ បើ​រកឃើញថា ខ្ញុំ​បំពាន រក​ភស្តុតាង​មក​ដាក់បន្ទុក​ខ្ញុំ​ទៅ​”​។​

​ទាក់ទិន​នឹង​វិវាទ​ដីធ្លី​រវាង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក គឹម​លី , លោក យឹម សេន ជាមួយ​ប្រជាពលរដ្ឋ ៤​គ្រួសារ ខាងលើនេះ មហាជន​បាន​លើកឡើងថា ការកាត់ក្ដី​របស់​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​សម្រេច​ឲ្យ​ភាគី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក​គឹម​លី​ឈ្នះក្ដី​ពី​ប្រជាពលរដ្ឋ​នេះ អាច​បង្កប់​ជាមួយនឹង​ការប្រើ​អំណាច​តួនាទី និង​ទឹកប្រាក់ ដូច្នេះ​មានតែ អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) នោះទេ ដែល​អាច​លាងជម្រះ​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បក្ខពួកនិយម និង​អំណាច​តួនាទី ក្នុង​រឿងក្ដី​នេះ​បាន ពេលនេះ​មហាជន​កំពុង​រង់ចាំ​មើល​ការអនុវត្ត​នីតិវិធីរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ CEN បាន​ព្យាយាម​ស្វែងរក​ការបំភ្លឺ​ពី​មន្ត្រី​តុលាការខេត្ត​ឧត្ដ​មានជ័យ​ផងដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន ដោយ​មិនមាន​ស្គាល់​លេខ​ទូរស័ព្ទ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×