Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​៖ ទំនិញ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​៩​មុខ​អាច​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)

spot_img

​ភ្នំពេញ​៖ លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី ការរៀបចំ​យុទ្ធ​ស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ ទទួល​ធាតុ​ចូល និង​កំណត់​ទិសដៅ​សកម្មភាព​សម្រាប់​ធើ្វ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ។​

​លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ដោយ​អនុវត្តតាម​ការចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រៀបចំ​យុទ្ធសាស្ត្រ​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​ជា​ហត្ថលេខី ហេតុនេះ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​យុទ្ធសាស្ត្រ​ជម្រុញ​ការនាំចេញ​តាម​សេចក្តីប្រកាស លេខ ២៩១ ព​.​ណ​.​អប​.​ប្រក ស្តីពី​ការកែសម្រួល​ក្រុមការងារ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

​ជាមួយគ្នានេះដែរ ក្រុមការងារ​បាន​ជម្រាបជូន​អង្គប្រជុំ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​កន្លងមក លើ​ទំនិញ​ចំនួន ៩​មុខ មានដូចជា​៖ វិស័យ​សម្លៀកបំពាក់ វិស័យ​ស្បែកជើង តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ដំឡើង​កម្មន្តសាល​ធុន​ស្រាល វិស័យ​ចំណីអាហារ​កែច្នៃ វិស័យ​ជលផល វិស័យ​អង្ករ​វិស័យ​ដំឡូង​មី និង​កៅស៊ូ​ធម្មជាតិ ដើម្បី​ជម្រុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន និង​លក្ខខណ្ឌ​ច្រកចូល​ទីផ្សារ​ប្រទេស​ចិន ហើយ​បានធ្វើ​ការសិក្សា​អំពី​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ទៅកាន់​ទីផ្សារ​ប្រទេស​នាំចូល​ធំៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម ជាពិសេស​គឺ​ការសិក្សា និង​វិភាគ​អំពី​ចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បី​កំណត់ថា​ទំនិញ​ណា​ជា​ផលិតផល​ថ្មី ផលិតផល​កំពុង​លូតលាស់ ផលិតផល​មាន​ភាពចាស់ទុំ ដើម្បី​មាន​ភាព​ងាយ​ស្រួយ​ធ្វើការ​ជម្រុញ​ការនាំចេញ​បន្ថែមទៀត​។​

​លើសពីនេះ ក្រុមការងារ ក៏បាន​សិក្សា​អំពី​របប​ពន្ធ (​ពន្ធគយ​នាំចូល​) ទៅតាម​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី (MFN) តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន (ACFTA) តាម​ភាពអនុគ្រោះ​ពិ​សេ​សម្រាប់​កម្ពុជា Preferential tariff for Cambodia (China’s Special preferential duty) និង​តាម​ឋានៈ​ប្រទេស ដែលមាន ការអភិវឌ្ឍន៍​តិចតួច (LDC) ដើម្បី​ពិនិត្យមើល​ការនាំចេញ​តាម​កិច្ចព្រមព្រៀង​មួយណា ដើម្បី​ទទួល​ភាពអនុគ្រោះ​បំផុត និង​បាន​សិក្សា​ផងដែរ​ចំពោះ​របាំង​បច្ចេកទេស​របស់​ប្រទេស​ចិន​ក្នុងការ​នាំចូល​ចំពោះ​ទំនិញ​នីមួយៗ​។​

​ជា​លទ្ធផល អង្គប្រជុំ​បានទទួល​យក​ធាតុ​ចូល​សំខាន់ៗ និង​បានសម្រេច​ធ្វើការ​បញ្ចូល​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ទៅជា​របាយការណ៍​តែមួយ ដោយ​ត្រូវ​កំណត់​មាតិកា​នៃ​របាយការណ៍​នោះ និង​កំណត់​ធ្វើ Factsheet ទំនិញ​គំរូ​សម្រាប់​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត​៕
​រក្សា​សិទ្ធិ​ដោយ​: CEN

spot_img
×