Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ WWF បង្ហាញហ្វូងសត្វទន្សោងគោព្រៃ រស់នៅច្រើនក្នុងដែនជម្រកសត្វព្រៃស្រែពក

spot_img

ខេត្តមណ្ឌលគិរី៖ គណនីផ្លូវការ របស់ អង្គការកាពារសត្វព្រៃ WWF បានបង្ហាញថា សត្វទន្សោងគោព្រៃ​ ដែលរដ្ឋបាលខេត្តមណ្ឌលគិរី បានសង់រូបសំណាកសត្វនេះ​ នៅលើរង្វង់មូលកណ្តាលក្រុងសែនមនោរម្យនោះ​ ត្រូវបានអង្គការអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជាមួយនេះ រកឃើញថា សត្វប្រភេទនេះ កំពុងមានវត្តមានទាំងហ្វូង នាមូលដ្ឋានខេត្តមណ្ឌលគិរី។

សមាជិក របស់អង្គការ ដាប់បិលយូ ដាប់បិលយូ អែហ្វ (WWF) បានអោយដឹងថា សកម្មភាពចុះល្បាតព្រៃក្នុងទឹកដី នៃស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅ គឺពួកគេបានឃើញសត្វទន្សោងគោព្រៃ មួយហ្វូង កំពុងរស់ក្នុងព្រៃនៃខេត្តមណ្ឌលគិរី។

យោងតាមគណនីផ្លូវការ ដែលបង្ហោះតាមបណ្តាញសង្គមហ្វែសប៊ុក ឬផេក របស់អង្គការកាពារសត្វព្រៃ WWF បានបង្ហោះរូបភាពទាំងរូបថត និងវីដេអូឃ្លីប របស់សត្វទន្សោងគោព្រៃ និងបានរៀបរាប់ថា៖ ខាង​ក្រោម​នេះ​ជា​រូប​ភាព​ នៃ​សត្វ​ទន្សោង​ ដែល​ថតបាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក (SWS) ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​​​​​​ WWF-កម្ពុជា​ ក្នុង​សប្តាហ៍​នេះ។ រូបភាពនេះ បានថតនៅ​ក្នុងអំឡុងពេលក្រុមមន្ត្រីអភិរក្ស បានដើរ​តាម​ខ្សែ​បន្ទាត់​ត្រង់ Line Transect ដើម្បី​កត់​ត្រា​ចំនួន​សត្វ​ក្នុង​តំបន់​ការ​ពារ​។ ប្រភពដដែល បានអោយដឹងទៀតថា ការ​ដើរ​តាមបន្ទាត់​ត្រង់ Line transect ជា​វិធី​សាស្ត្រ​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ ដើម្បី​រាប់​ចំនួន​សត្វ​ព្រៃ​ ដើម្បី​អាច​ឱ្យ​យើង​ដឹង​អំពី​របាយ​ការណ៍ចំនួន​សត្វ​ព្រៃ ដែល​រស់​នៅ​ក្នុង​តំបន់​ការ​ពារ​នោះ​។

ក្រុមការងារស្រាវជ្រាវ នៃអង្គការ WWF ប្រចាំប្រទេសកម្ពុជា​ បង្ហាញក្តីរំភើប​ ក្រោយពេលពួកគេបាន​ឃើញ​ហ្វូង​សត្វ​ទន្សោង​គោព្រៃទាំង​នោះមិនទាន់ផុតពូជ និងមានចំនួនច្រើនក្នុងប្រទេសកម្ពុជានៅឡើយនោះ។ អង្គការ WWF ចាត់ទុកហ្វូងសត្វទន្សោង ដែលបង្ហាញចំនួនច្រើននាឱកាសនេះ ថាជា​ជោគជ័យ ឬជាសញ្ញា​វិជ្ជ​មាន​មួយ​ ក្នុង​ការ​ងារ​អភិរក្ស ដែល​មាន​ការ​ចូល​រួម​ពី​រាជ​រដ្ឋា​ភិបាលកម្ពុជា អង្គការ WWF-កម្ពុជា និង​ដៃ​គូអភិរក្ស​ជា​ច្រើន​ទៀត​។​ WWF អោយដឹងថា សត្វ​ទន្សោង​ ជា​ប្រភេទ​សត្វ​ក្នុងអំបូរ​គោ​ព្រៃ​ ដែល​ស្អាត​សម​សួន​ជាង​គេ​ ហើយ​ក៏​ជា​ប្រភេទ​សត្វ​បុព្វបុរស នៃ​សត្វ​គោ​ស្រុក​ក្នុង​តំបន់​អាស៊ី​អា​គ្នេយិ៍​ផង​ដែរ​។ បន្ថែមលើនេះអង្គការ WWF បានអះអាងថា ប្រទេស​កម្ពុជា​ មាន​ចំនួន​សត្វ​ទន្សោង​ច្រើន​ជាង​គេ​នៅលើ​ពិភព​លោក​ ហើយបច្ចុប្បន្ន​នេះចំនួន​សត្វ​ទន្សោង​មាន​ច្រើន​ក្នុង​តំបន់​ទេសភាព​ខ្ពង់​រាប​ភាគ​ខាង​កើត​ នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​តំបន់​ស្ថិត​ក្រោម​ការ​អភិរក្ស​ ដើម្បី​រក្សា​ចំនួន​សត្វ​ទន្សោង​ឱ្យ​បាន​ឋិត​ថេរ​។

យ៉ាង​ណា​ក៏​ដោយ​ចុះ ចំនួន​សត្វ​ទន្សោង​កំពុង​រង​ការ​កំរាម​កំហែង​ពី​ការ​បាត់​បង់​ជម្រក ដោយ​សារ​ការ​កាប់​ឈើ​ខុស​ច្បាប់​ ការ​ទាញ​យក​រ៉ែ​ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​ទន្ទ្រាន​យក​ដី​ ការ​ដាក់​អន្ទាក់ និង​ការ​បរបាញ់​សត្វ​។ ជាងនេះទៀត ជំងឺ និង​ប៉ារ៉ាសិត ដែល​ឆ្លង​មក​ពី​សត្វ​ស្រុក និង​សត្វ​ផ្សាំង​ ក៏​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​ របស់​សត្វ​ទន្សោង​ផង​ដែរ​។ ផ្តើមពីបញ្ហាខាងលើនេះ ទើប​ អង្គការ WWF ប្រចាំកម្ពុជា​ បានពង្រឹង​ការ​ហាម​ឃាត់​សត្វ​គោ​ចិញ្ចឹម របស់អ្នកស្រុក​ មិនអោយចូល​ទៅក្នុង​តំបន់​ការ​ពារ​ស្នូល​ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក (SWS) និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ (PPWS) ទាំងពេលកន្លងមក និងបន្តមកដល់ពេលបច្ចុប្បន្ន។

” រួម​គ្នា​ការ​ពារ​សត្វ​ព្រៃ​ ដោយ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ និង​មិន​ប្រើ​ប្រាស់​ឈើ​ប្រណិត ” គឺជាសារ ដែល WWF បានបង្ហោះនៅក្នុងផេក (Page) ផ្លូវការ របស់អង្គការអភិរក្សសត្វព្រៃមួយនេះ។

ទោះជាបែបនេះក្តី អង្គការ WWF មិនទាន់បានបញ្ជាក់ច្បាស់ថា ហ្វូងសត្វទន្សោងគោព្រៃ ដែលមន្ត្រីជំនាញបានរកឃើញនោះ​ ថាមានចំនួនប៉ុន្មានក្បាលអោយពិតប្រាកនោះទេ៕ ដែន សីមា

spot_img
×