Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិរក្ស​សត្វ​អណ្តើក​-​កន្ធាយ មាន​សារៈសំខាន់​ណាស់​ក្នុង​ជំនឿ​វប្បធម៌​ខ្មែរ​

spot_img

​ភ្នំពេញ​៖ សត្វ​អណ្តើក និង​កន្ធាយ​ជា​ប្រភេទ​សត្វ​ល្មូ​ន​ដែលមាន​វត្តមាន​នៅលើ​ភពផែនដី ជាង​២៥០​លាន​ឆ្នាំមុន​មកម្ល៉េះ​។ ពួកវា​តំណាង​ឲ្យ​សត្វ​ដែលមាន​អាយុ​វែង​ជាងគេ​ក្នុង​បណ្តា​សត្វ​ទាំងឡាយ​។ បើតាម​ការផ្សាយ​របស់​អង្គការ Wonders of the Mekong​។​

​យោងតាម​អ្នកស្រី​បណ្ឌិត ចិន ផេស​យ៉ុ​ក (Dr. Chen Pelf Nyok) សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​អភិរក្ស​សត្វ​អណ្តើក​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​លើកឡើងថា អាយុកាល​របស់​សត្វ​អណ្តើក​គឺ​អាស្រ័យ​តាម​ប្រភេទ និង​អម្បូរ​។ អណ្តើក​ដែល​ទទួលបាន​ការមើល​ថែទាំ​ល្អ អាច​រស់​នៅបាន​ចន្លោះ​ពី​១០ ទៅ​១០០​ឆ្នាំ​។ ប្រភេទ​អណ្តើក​យក្ស​ខ្លះ​អាច​រស់នៅ​លើសពី​១៥០​ឆ្នាំ ។ ស្របពេល​ជាមួយគ្នានេះ សត្វ​អណ្តើក និង​កន្ធាយ​ក៏មាន​សារៈសំខាន់​យ៉ាងខ្លាំង​ផងដែរ​នៅក្នុង​ជំនឿ​វប្បធម៌​ខ្មែរ ដោយ​យើង​ឃើញ​ដូនតា​ខ្មែរ​បាន​ឆ្លាក់​រូប​អណ្តើក​ជាច្រើន​នៅតាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត ឬ​កប់​រូប​អណ្តើក​ធ្វើ​ពី​ថ្ម​នៅ​បាត​ខាងក្រោម​ប្រាសាទ​មុនពេល​សាងសង់​ប្រាសាទ​ជាដើម​។ ជំនឿ​លើស​ត្វ​អណ្តើក និង​កន្ធាយ​មិន​ត្រឹមតែ​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​គោរពបូជា​នៅ​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ជា​យូរយារ​ណាស់​មកហើយ​។​

​ជា​អកុសល សត្វ​អណ្តើក និង​កន្ធាយ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​សកលលោក​បាន​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង ដោយ​កត្តា​មនុស្ស​មកលើ​ជម្រក​ធម្មជាតិ​របស់​ពួកវា រួមមាន​៖ ការ​បូម​ខ្សាច់ ការកាប់​ឆ្ការព្រៃ​លិច​ទឹក ការបំពុល សកម្មភាព​នេសាទ​ខុសច្បាប់ ការ​ប្រមាញ់​ហួស​កម្រិត​សម្រាប់​ទុកជា​អាហារ ទុកជា​សត្វ​ចិញ្ចឹម និង​ថ្នាំបុរាណ​។

​យោងតាម​អនុក្រឹត្យ​លេខ​១២៣​អនក្រ​.​បក​. ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៩ ស្តីពី​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុង​រងគ្រោះថ្នាក់រ​បស់​ប្រទេស​កម្ពុជា មាន​ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ទឹកសាប​មួយចំនួន បាន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រងគ្រោះថ្នាក់ និង​ឈានដល់​ការ​ជិត​ផុត​ពូជ ដែល​ទាមទារ​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ និង​អភិរក្ស​។ ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ទឹកសាប​ទាំងនោះ​រួមមាន​៖ អណ្តើក​ហ្លួង ឬ អណ្តើក​សរសៃ (Batagur affinis) អណ្តើកសង្កល់ (Heosemys annandalii) អណ្តើកក្អែក (Siebenrockiella crassicollis) អណ្តើក​សោម (Heosemys grandis) អណ្តើក​ក្បាល​ធំ​/​អណ្តើក​ស្រែ (Malayemys subtrijuga) កន្ធាយ​អាស៊ី (Amyda cartilaginea) និង​កន្ធាយ​ក្បាល​កង្កែប (Pelochelys cantorii) ។​

​អង្គការ Wonders of the Mekong បាន​ឲ្យ​ដឹងថា មាន​អង្គការ​អភិរក្ស​មួយចំនួន មានដូចជា​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​កិច្ចការពារ និង​អភិរក្ស​អណ្តើក​កន្ធាយ នៅ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​សហគមន៍​មូលដ្ឋាន​នានា​។ ដើម្បី​ឆ្លើយតប​នឹង​ការការពារ និង​អភិរក្ស​សត្វ​អណ្តើក និង​កន្ធាយ​ទាំងនេះ​ឱ្យបាន​គង់វង្ស មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវអនុវត្ត​មាន​ជាអាទិ៍ ការស្រាវជ្រាវ និង​ការត្រួតពិនិត្យ រួមជាមួយ​នឹង​ការការពារ​សំបុក​សត្វ​អណ្តើក និង​កន្ធាយ​ដោយផ្ទាល់​ពី​សំណាក់​ប្រជាជន​មូលដ្ឋាន​។ បន្ថែម​ពីលើ​នេះ​ទៀត កិច្ចការ​អភិរក្ស​ក៏​ទាមទារ​នូវ​ការលើកកម្ពស់​ជីវភាព​សហគមន៍ ការអប់រំ​ផ្សព្វផ្សាយ​តាម​សាលារៀន និង​សហគមន៍ និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ការគ្រប់គ្រង​តំបន់​ការពារ​។ កិច្ចខិតខំ​ព្យាយាម​ទាំងនេះ គឺ​ដើម្បី​ជម្រុញ​ប្រជាជន​ទូទៅ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការងារ​អភិរក្ស​អណ្តើក និង​កន្ធាយ ក្នុងន័យ​ធ្វើឱ្យ​ពួកវា​អាច​រស់រានមានជីវិត និង​សាយ​ភាព​កូនចៅ​នៅក្នុង​ធម្មជាតិ​។

​ដោយឡែក នៅក្នុង​ជំនឿ​វប្បធម៌​ខ្មែរ សត្វ​អណ្តើក​តំណាង​ឲ្យ​អាយុ​យឺនយូរ និង​/​ឬ​ជីវិត​អមតៈ​។ ហេតុនេះហើយ​បានជា​ឋានៈ​របស់​សត្វ​អណ្តើក ក្នុង​ជំនឿ​សាសនា ត្រូវគេ​ចាត់ទុកថា​ជា​សត្វ​មានបុណ្យ​បារមី គួរ​ជាទីគោរព​សក្ការៈ​។ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកជា​តំណាង​ឲ្យ​ស្ថេរភាព​នៃ​ភពផែនដី ដោយសារ​សត្វ​ល្មូ​ន​នេះ អាច​រស់​នៅបាន​ទាំង​ក្នុង​ទឹក និង​នៅលើ​គោក​។ ប្រជាជន​ខ្មែរ​មានជំនឿថា ការលែង​សត្វ​អណ្តើក​-​កន្ធាយ​ចូលក្នុង ស្រះ ទន្លេ បឹងបួរ​គឺ​នាំមក​នូវ​បុណ្យ​កុសល និង​មាន​អាយុ​វែង​។ ដូច្នេះ ជារឿយៗ យើង​ប្រាកដជា​ធ្លាប់​ប្រទះឃើញ​នៅតាម​ស្រះ​វត្ត​អារាម​មួយចំនួន មាន​វត្តមាន​សត្វ​អណ្តើក និង​កន្ធាយ​ដែល​ប្រជាជន​បាន​យកទៅ​លែង ហើយ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​។

​ទោះជា​យ៉ាងណាក៏ដោយ លោក សោម ស៊ីថា មន្ត្រី​គ្រប់គ្រង​គម្រោង​ផ្នែក​អភិរក្ស​អណ្តើក នៅ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS) ប្រចាំ​នៅ​តំបន់​មេគង្គ និង​ស្រែអំបិល បាន​ពន្យល់ថា «​ការ​ព្រលែង​សត្វ​អណ្តើក ឬ​កន្ធាយ​ទៅក្នុង​ស្រះ​វត្ត គឺ​មិន​ត្រូវបាន​លើកទឹកចិត្ត​ដល់​ប្រជាជន​ឲ្យ​ធ្វើបែបនេះ​ទេ ដោយសារ​ស្រះ​វត្ត មិនមែនជា​ជម្រក​សមស្រប​តាម​មជ្ឈដ្ឋាន​រស់នៅ​របស់​ស​ត្វ​អណ្តើក និង​កន្ធាយ​ឡើយ​។ នៅតាម​ស្រះ​វត្ត មិនមាន​ចំណី​ធម្មជាតិ​គ្រប់គ្រាន់ មិនមាន​ទីតាំង​សម្រាប់​ពង​-​កូន គុណភាព​ទឹក​មិនល្អ​ដែល​ងាយ​ធ្វើ​ឲ្យ​អណ្តើក និង​កន្ធាយ​កើត​ជំងឺ និង​ឆ្លង​ប៉ា​រា​ស៊ីត​»​។ ដូចនេះ ជា​អនុសាសន៍​សម្រាប់​ប្រជាជន​ទាំងឡាយ លោកអ្នក​មិនគួរ​គប្បី​ព្រលែង​សត្វ​អណ្តើក និង​កន្ធាយ​ទៅក្នុង​ស្រះ​វត្ត​ឡើយ ប៉ុន្តែ​ជំនួស​មកវិញ​គឺ​លោកអ្នក​គប្បី​ស្វែងរក​ស្រះ​ទឹកធម្មជាតិ​ណាមួយ ដែល​អាច​ព្រលែង​សត្វ​អណ្តើក និង​កន្ធាយ​ទាំងអស់នេះ​វិញ ឬ​ទំនាក់ទំនង​មក​អ្នកជំនាញ​ផ្នែក​អណ្តើក និង​កន្ធាយ​ដើម្បី​ប្រឹក្សា​យោបល់​បន្ថែម​។

​យោងតាម​ភស្តុតាង​ផ្នែក​ខាង​បុរាណវិទ្យា ក្នុងសម័យ​អង្គរ គឺមាន​ចម្លាក់​អណ្តើក​ជាច្រើន​នៅតាម ជញ្ជាំង​ប្រាសាទ​នានា និង​មានការ​កប់​រូបសំណាក​សត្វ​អណ្តើក​ធ្វើ​ពី​ថ្មភក់ នៅ​បាត​ក្រោម​ប្រាសាទ​ផងដែរ​។ នេះ​ស​បញ្ជាក់ថា ទឹកដី​រុងរឿង​មួយ​នេះ​មាន​វត្តមាន​របស់​សត្វ​អណ្តើក ហើយ​ស្ថិតក្នុង​អំណាច នៃ​ការការពារ​របស់​សត្វ​អច្ឆរិយៈ​នេះ​ជា​រៀងរហូត​។​

​យោងតាម​លោក​បណ្ឌិត ជា សុជាតិ បុរាណ​វិទូ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកដឹកនាំ​កិច្ចការ​កំណាយ​ស្រាវជ្រាវ​ផ្ទាល់ នៅលើ​ទួលប្រាសាទ​កណ្តាល​ស្រះស្រង់​ចន្លោះ​ខែមេសា និង​ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហាញថា កំណាយ​នេះ​បាន​ប្រទះឃើញ​រូប​អណ្តើក​ធ្វើ​ពី​ថ្មភក់ មាន​គម្រប​បិទ​ជិត​ចំនួន​២​។ រូបសំណាក​អណ្ដើក​មួយ​ធំ និង​មួយទៀត​តូច ត្រូវបាន​គេ​បញ្ចុះ​មុននឹង​ចាប់ផ្តើម​សាងសង់​ប្រាសាទ​។

​លោក​បាន​រៀបរាប់ថា គេ​តែងតែ​ដាក់​គ្រឿង​រណ្តាប់​ផ្សេងៗ​នៅក្នុង​ស្នូកអណ្តើក ប៉ុន្តែ​នៅក្នុង​ស្នូកអណ្តើក​ទាំងពីរ​នេះ មិនមាន​គ្រឿង​រណ្តាប់​សម្រាប់​ដាក់​បញ្ចុះ​ទេ​។ គ្រឿង​រណ្តាប់​ទាំងអស់នេះ ទំនងជា​ត្រូវបាន​គេ​យកចេញ​នៅក្នុង​ដំណាក់កាល​រុះរើ និង​កែប្រែ​សំណង់​ប្រាសាទ​កណ្តាល​ស្រះស្រង់ (​មិនទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​)​។ រូប​សត្វ​អណ្ដើក​ត្រូវបាន​គេ​បញ្ចុះ​ជាទូទៅ នៅ​កណ្ដាល​បាត​ប្រាង្គ​ប្រាសាទធំ ជួនកាល​នៅ​ទិសខាងកើត​ប្រាសាទ​។ លោក​លើកឡើង​បន្ថែមទៀតថា រូប​សត្វ​អណ្តើក​នេះ​ធ្វើឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (​គ​.​ស​.១១៨១ ដល់​១២១៨)​។ មិន​ខុសពី​ការបង្ហាញ​ខាងលើ អណ្តើក​គឺជា​សត្វ​ពិសិដ្ឋ ដែល​ត្រូវបាន​គេ​បញ្ចុះ​នៅមុន​ការសាងសង់​ប្រាសាទ ដើម្បី​ធ្វើជា​ទម្រ​ប្រាសាទ​។
​ក្នុងន័យ​ធ្វើ​ឲ្យ​ប្រាសាទ​ដែល​នឹង​សាងសង់ឡើង​នេះ ស្ថិតនៅ​ឈ​ត្រង់ និង​ស្ថិតនៅ​គង់វង្ស​បានយូរ​អង្វែង ។
​បន្ថែម​ពីលើ​រូប​សត្វ​អណ្តើក​ធ្វើ​ពី​ថ្មភក់​ទាំងពីរ​ខាងលើនេះ ក្រុមការងារ​កំណាយ​បាន​រកឃើញ​សំណល់​បុរាណវិទ្យា​ជាច្រើន​ប្រភេទ ដែលមាន​ដូចជា​៖ គ្រាប់​ខ្វាត ឧបករណ៍​ដែល​ធ្វើ​ពី​លោហៈ (​ត្រីសូល៍ និង​បញ្ច​សូល៍​) រូប​សត្វ​នាគ​ធ្វើ​ពី​ថ្មភក់ បំណែក​ក្បាល​គ្រុឌ បំណែក​ថ្មភក់​តូចៗ​ជាច្រើន ធ្នឹម​ឈើ បង្គោល​សសរឈើ និង​ធ្យូង​។
​ក្រោយ​បញ្ចប់​កំណាយ​បាត​ក្រោម​ប្រាសាទ​កណ្តាល​ស្រះស្រង់​នេះ ក្រុមការងារ​នឹង​រៀបចំ​ផ្គុំ​សំណង់​ប្រាសាទ​ស្រះស្រង់​នេះ​ឡើងវិញ អោយស្រប​ទៅតាម​កំណត់​ហេតុដែល​សរសេរ​ដោយ​ដៃ​របស់​អ្នក​អភិរក្ស​បារាំង​ឈ្មោះ ហង់​រី ម៉ា​ហ្សា​ល់ (Henri Marchal) មាន​ចំណងជើង​ថា Journal de fouilles ក្នុងអំឡុង​នៃ​ការស្រាវជ្រាវ​របស់គាត់​នៅ​ចន្លោះ​ឆ្នាំ​១៩១៨ និង​១៩៣២​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​បញ្ចប់​ការដ្ឋាន​កំណាយ​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២០ សត្វ​អណ្តើក​ទាំងពីរ​នេះ និង​របស់របរ​មួយចំនួនទៀត បាន​យកទៅ​រក្សាទុក​នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ស្ថិតក្នុង​ខេត្តសៀមរាប ដើម្បី​ទុក​តាំង​បង្ហាញ​ដល់​សាធារណជន ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មានបំណង​ស្វែងយល់​ពី​វត្ថុ​បុរាណ សាសនា វត្ថុ​សិល្បៈ កុលាលភាជន៍​ដែល​កំណាយ​ស្រាវជ្រាវ បាន​ពី​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។
​ដោយសារតែ​អណ្តើក​ថ្មភក់​ទាំង​២ ត្រូវបាន​ប្រជាជន​ទូទៅ​គោរពបូជា​ចំពោះ​បារមី នៅក្នុង​ប្រាសាទ​កណ្តាល​ស្រះស្រង់​នេះ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ជាង​ធ្វើ​អណ្តើក​ថ្មី​ដោយ​ចម្លង​គម្រូ​ពី​អណ្តើ​កចាស់ ហើយ​យកមក​បញ្ចុះ​នៅ​កន្លែង​ដើម​ជំនួស​វិញ ដើម្បីឱ្យ​ទីតាំង​នេះ​នៅតែ​ស័ក្តិសិទ្ធិ​ដដែល​។

​ក្នុង​មួយ​សប្តាហ៍​កន្លងមកនេះ យើង​បាន​ផ្សាយ​ចេញ​នូវ​អត្ថបទ​ស្តីពី​សារសំខាន់​នៃ​សត្វ​អណ្តើក និង​កន្ធាយ​ចំពោះ​ជំនឿ​វប្បធម៌​ខ្មែរ​។ យើង​សូម​បូកសរុប​រឿងរ៉ាវ​ឡើងមក​វិញ​ដោយ​សង្ខេប​ថា មិន​ថា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ឬ ភស្តុតាង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា សត្វ​អណ្តើក​-​កន្ធាយ គឺជា​ប្រភេទ​សត្វ​ល្មូ​ន​ដែលមាន​អាយុ​វែង សត្វ​ដែល​នាំ​សំណាង សត្វ​អច្ឆរិយៈ ដែល​យើងទាំងអស់គ្នា​គួរ​ចូលរួម​គោរព ថែរក្សា ការពារ​សត្វ​អណ្តើក​-​កន្ធាយ​ទាំងអស់នេះ​អោយ​រស់នៅ​គង់វង្ស​ក្នុង​ធម្មជាតិ​។ ចូលរួម​ការពារ​ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ដែល​ងាយ​រងគ្រោះ ស្មើនឹង​ការលើកតម្កើង​វប្បធម៌​ជាតិខ្មែរ​។​

​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​បំណង​ព្រលែង​សត្វ​អណ្តើក និង​កន្ធាយ ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​អភិរក្ស​ក្តី និង​/​ឬ បួងសួង​សូម​សេចក្តីសុខ​ក្តី សូមមេត្តា​លែង​ពួកវា ទៅក្នុង​ជម្រក​ធម្មជាតិ​ដូចជា​ទន្លេ បឹងបួរ ត្រពាំង ដើម្បី​ពួកវា​អាច​រស់នៅ បង្ក​កំណើត​កូនចៅ បន្ត​វដ្ត​ជីវិត​របស់​ពួកវា​អោយ​ស្ថិតស្ថេរ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×