Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០​នេះ អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ បើក​ដំណើរ​ការសរុប ៩.៦០០​ទីតាំង និង​បិទទ្វារ​ជិត ៣​០០០ ទីតាំង

spot_img

​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ឯកឧត្តម សុង តុង​ហាប់ បានឱ្យដឹងថា រយៈពេល១០​ខែ នៅ​ឆ្នាំ​២០២០​នេះ អាជីវកម្ម​ទេសចរណ៍​បាន​បើក​ដំណើរ​ទូទាំងប្រទេស មាន​ចំនួន​សរុប ៩.៦០០​ទីតាំង រួមមាន សេវា​កម្សាន្ត​, ភោជនីយដ្ឋាន​, ផ្ទះសំណាក់ និង​សណ្ឋាគារ ក្នុងនោះ​មាន​បុគ្គលិក ដែល​បាន​បម្រើ​ការងារ​នៅក្នុង​វិស័យ នេះ មាន​ចំនួន ១១​ម៉ឺន​នាក់ ខណៈដែល​មាន​អាជីវកម្ម​ទេសចរណ៍​ចំនួន​ជិត ៣.០០០​ទីតាំង ត្រូវបាន​បិទទ្វារ ក្នុងនោះ​មាន​បុគ្គលិក​ចំនួន ៥១.០០០​នាក់ បាន​បាត់បង់​ការងារ​ធ្វើ​ផង ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម​បន្តថា វិស័យ​ទេសចរណ៍​នេះ រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ទាំងអស់ រយៈពេល ៣​ខែ​បន្ថែមទៀត ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២១ សម្រាប់​វិស័យ​សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប​, ខេត្ត​ព្រះសីហនុ​, កែប​, កំពត​, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​ជាដើម ពោលគឺ​មិន​ត្រូវបាន​បង់ពន្ធ​ថ្លៃ​អាជ្ញាប័ណ្ណ​ដែល​ត្រូវបាន​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​នោះឡើយ ប៉ុន្តែ​លើកលែងតែ​ពួកគាត់​ស្នើសុំ​បង្កើត​អាជ្ញាប័ណ្ណ​កន្លែង​ថ្មី​នោះ ទើបត្រូវ​បង់ពន្ធ​ជាធម្មតា​។

​មន្ត្រី​ក្រសួងទេសចរណ៍ សង្ឃឹមថា ការបន្ត​លើកលែង​ការបង់ពន្ធ​រយៈពេល​បី​ខែ​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា អាច​ងើប​ឡើងវិញ​ជា​បណ្តើរៗ ដើម្បីឱ្យ​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក បាន​បន្តដំណើរ​កម្សាន្ត​នៅតាម​រមណី​ដ្ឋា​ន និង​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ការបន្ត​លើកលែង​ការបង់ពន្ធ​ប៉ាតង់ និង​ពន្ធ​លើ​ស្លាក​យីហោ ចំពោះ​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅ​ភ្នំពេញ​, ខេត្តសៀមរាប​, ខេត្ត​ព្រះសីហនុ​, កែប​, កំពត​, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត ដោយ​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០២០ យ៉ាង​យឺត​បំផុត​ឱ្យបាន​មុន​ដំណាច់​ខែមីនា ឆ្នាំ​២០២១ ប៉ុន្តែ​មិន​តម្រូវឱ្យ​បង់ពន្ធ​គ្រប់​ប្រភេទ​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×