Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្ត​ផែនការ​ផ្លាស់ប្តូរ​ការផ្សាយ​ទូរទស្សន៍​ពី​ប្រព័ន្ធ អាណា​ឡូ​ក ទៅជា​ប្រព័ន្ធ​ឌីជីថល ឱ្យបាន​មុន​ឆ្នាំ ២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោ​លន​យោ​-​បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សំណើសុំ​គោល​-​ការណ៍​អនុញ្ញាត “​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្រសួង​ព័ត៌មាន​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​, នា​ព្រឹក​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០, នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ស្របតាម​បរិបទ​នៃ​ការវិវឌ្ឍ​ជាក់ស្តែង​នៃ​ឌី​ជី​ថ​លូ​ប​នីយកម្ម​របស់​កម្ពុជា​, កិច្ចប្រជុំ​នេះ មាន​គោលបំណង​ប្រមូល​ធាតុ​ចូល​បន្ថែម និង​ផ្លាស់ប្តូរ​ទស្សនទាន ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន , វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង ការផ្លាស់ប្តូរ​ការផ្សាយ​ទូរទស្សន៍ ពី​ប្រព័ន្ធ​អាណា​ឡូ​ក​ទៅជា​ប្រព័ន្ធ​ឌីជីថល ។ អង្គប្រជុំ ក៏បាន​ពិភាក្សា​ពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​នូវ​បន្ទារ​ហ្វេ​កង់​ស៍ ៧០០ MHz ដែលមាន​ភាព​បន្សំ​គ្នា​ទៅនឹង​ការបង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​ផងដែរ ។ កិច្ចប្រជុំ បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ចំនួន ៤ រួមមាន​៖ ១. ការអនុវត្ត​ផែនការ​ផ្លាស់ប្តូរ​ការផ្សាយ​ទូរទស្សន៍​ពី​ប្រព័ន្ធ អាណា​ឡូ​ក​ទៅជា​ប្រព័ន្ធ​ឌីជីថល​ឱ្យបាន​មុន​ឆ្នាំ ២០២៣, ២. ការគ្រប់គ្រង​នូវ​ការប្រើប្រាស់​បន្ទារ​ហ្វេ​កង់​ស៍ ៧០០ MHz ក្នុង​វិស័យ​សោតទស្សន៍ រួមមាន​ទូរទស្សន៍​ឌីជីថល​, ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ទូរស័ព្ទ​ចល័ត , ៣, យន្តការ​គ្រប់គ្រង និង​វិនិយោគ លើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី និង ៤. ការធ្វើ​បច្ចុប្បន្ន​កម្ម​លើ​វឌ្ឍនភាព​ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​ការគ្រប់គ្រង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ប្រព័ន្ធ​ឌីជីថល​ក្នុង​រយៈពេល​មធ្យម និង​វែង ក៏ដូចជា​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​គំរូ​ពាណិជ្ជកម្ម​សម្រាប់ ការវិនិយោគ​ក្នុង​វិស័យ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ឌីជីថល ។​

​ជា​លទ្ធផល , ចំពោះ​យន្តការ​គ្រប់គ្រង និង​ការវិនិយោគ​លើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​,​អង្គ​ប្រជុំបាន​ពិនិត្យ ពិភាក្សា និង​ប្រៀបធៀប​នូវ​ជម្រើស​យន្តការ​ចំនួន ៣ (​បី​) ផ្សេងគ្នា រួមមាន​៖ ១. យន្តការ​គ្រប់គ្រង និង​វិនិយោគ​ដោយ​វិស័យ​ឯកជន​ទាំងស្រុង​, ២. យន្តការ​សហការ​ចម្រុះ​រវាង​វិស័យ​រដ្ឋ​-​ឯកជន និង ៣. យន្តការ​គ្រប់គ្រង និង​វិនិយោគ​ដោយ​រដ្ឋ​ទាំងស្រុង ។​

​ជាមួយគ្នានេះ​, អង្គប្រជុំ​ក៏បាន​ថ្លឹងថ្លែង​លើ​អត្ថប្រយោជន៍ និង​បញ្ហា​ប្រឈម​នៃ​ជម្រើស​នីមួយៗ និង​បាន​ឯកភាព ថា​៖ កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន គឺជា​ធាតុ​ផ្សំ​គន្លឹះ និង​ចាំបាច់ សម្រាប់​ការអភិវឌ្ឍ​ក្នុង​វិស័យ​សោតទស្សន៍​របស់​កម្ពុជា ។ ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ប្រព័ន្ធ​សោតទស្សន៍ ប្រកបដោយ​ជោគជ័យ គឺជា​កិច្ចការ ដ៏​មាន​សារ សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងមូល ដែល​ការណ៍​នេះ​មិន​ត្រឹមតែ​អាចជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​ឱ្យមាន​ភាព រីកចម្រើន តាមរយៈ​ការបង្កើន​ភាព​ប្រកួតប្រជែង ដែល​ទ្រទ្រង់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តែប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​លើកកម្ពស់​យន្តការ​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​ប្រព័ន្ធ​ឃោសនាការ​ក្នុងប្រទេស ក្នុងន័យ ធានាបាន​នូវ​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សង្គម -​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ និង វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ក្រសួង​ព័ត៌មាន​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​បាន​ខិតខំ សម្របសម្រួល​ការងារ​ដ៏​មាន​សារសំខាន់​នេះ និង​បាន​ណែ​នាំឱ្យ​ក្រុមការងារ​រៀបចំ​អនុសាសន៍​ស្របតាម​ស្មារតី​នៃ​អង្គប្រជុំ ដើម្បី​បន្ត​នីតិវិធី​គោរព​ស្នើសុំ​ការអនុម័ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×