Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វ៉ាន់ដេត បានដឹកនាំមន្ត្រី និងអ្នកជំនាញបច្ចេកទេសក្រសួង ទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសិក្សារៀបចំតភ្ជាប់បណ្តាញទូរគមនាគមន៍

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសក្រសួង ទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់បន្ថែមពីតម្រូវការនៃការតភ្ជាប់បណ្តាញទូរគមនាគមន៍ នៅទីតាំងពហុកីឡាដ្ឋាន អគាររដ្ឋបាល ភូមិកីឡា និងបរិវេណជុំវិញ ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសិក្សារួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការសាងសង់ ដើម្បីតភ្ជាប់ខ្សែកាប្លិ៍អុបទិក ប្រព័ន្ធចែកចាយ សេវាអ៊ីនធឺណិត សេវាទូរសព្ទ បំពាក់កាម៉េរាសុវត្ថិភាព និង បច្ចេកវិទ្យាឌីជីថលផ្សេងៗ ឱ្យគ្រប់គ្រាន់សម្រាប់បម្រើដល់អ្នកទស្សនា និងផ្សព្វផ្សាយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់នៃកីឡដ្ឋានធំ (Main Stadium) និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ថ្នាក់ដឹកនាំសាងសង់ វិស្វករ និងកម្មករទាំងភាគីចិន និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ ពិសេសក្រុមហ៊ុនសាងសង់ CSCEC តំណាងភាគីចិន រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ដោយបន្ដការសាងសង់ធម្មតា និងជំរុញឲ្យសំណង់ជាប្រវត្តិសាស្ដ្រលេចរូបរាងឡើង រហូតមកទល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងថា «ថ្ងៃនេះ គណៈកម្មការបច្ចេកទេសបានមកជួបជុំគ្នា ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ហើយអរគុណពួកគាត់ និងកោតសរសើរដល់កិច្ចខិតខំរបស់គាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសយើងសង្កេតឃើញក្នុងដំណាក់កាលកូវីដ-១៩ ការសាងសង់អត់មានឈប់ទេ គាត់គ្រប់គ្រងបានល្អណាស់ ទាំងកម្មករខ្មែរ និងកម្មករចិន»។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់បានមក តែត្រូវអនុវត្តវិធានក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារៈមួយចំនួន ត្រូវដឹកមកពីក្រៅប្រទេស ដូចជាដំបូល ដែលដឹកនាំពីប្រទេសអាល្លឺម៉ង់ជាដើម»។

ផ្អែកលើសមិទ្ធផលដែលកំពុងបង្ហាញរូបរាងដ៏ទាក់ទាញនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានចាត់ទុកនេះគឺជាមោនទភាពជាតិមួយសម្រាប់ចំណងមិត្តភាព សាមគ្គីភាពរវាងចិន និងកម្ពុជា ហើយក៏ជាសម្បត្តិដ៏អស្ចារ្យដែលជាអនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

 

spot_img
×