Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្តីពី “​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​”

spot_img

​ភ្នំពេញៈ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម និង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើកសវនាការ​ពិនិត្យ​ធម្មនុញ្ញភាព​លើ​អត្ថបទ​ច្បាប់​ស្តីពី “​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​” តាម​សំណើ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ៣០​ខែធ្នូ​ឆ្នាំ​២០២០ ។

​អត្ថបទ​ច្បាប់​ស្តីពី “​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​” មាន​ចំនួន ៥​ជំពូក និង​២៥​មាត្រា ។
​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ពិនិត្យ​លើ​អត្ថបទ​ច្បាប់​ទាំងស្រុង​ដោយ​ពិនិត្យឃើញថា អត្ថបទ​ច្បាប់​នេះ មាន​៥​ជំពូក និង​២៥​មាត្រា រួមទាំង​ខ្លឹមសារ​ច្បាប់​សុទ្ធតែ​ស្រប​និង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​អត្ថបទ​ច្បាប់​ស្តីពី “​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​” មាន​ចំនួន ៥​ជំពូក​និង​២៥​មាត្រា ត្រូវបាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​សម័យប្រជុំ លើក​ទី​៥ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ព្រឹទ្ធសភា​បាន​ពិនិត្យ​និង​ឲ្យ​យោបល់​ទាំងស្រុង​លើ​ទំរង់​និង​គតិ​ច្បាប់ ដោយ​ឥត​កែប្រែ​នា​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​សេចក្ដីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ ត្រូវបាន​អន​ម័ត ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាល​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានឱ្យដឹងថា វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នៅ​កម្ពុជា បាននិងកំពុង​មា​នស​ន្ទុះ​រីកចម្រើន​យ៉ាង​ស្វាហាប់​។ បច្ចុប្បន្ន​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ស្ថិតក្រោម​សមត្ថកិច្ច​របស់​និយ័ត​ករ​ចំនួន​ពីរ​គឺ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (​គ្រប់គ្រង​លើ​វិស័យ​ធានារ៉ាប់រង​និង​សោធន​ឯកជន វិស័យ​សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ​និង​សវនកម្ម និង វិស័យ​អចលនវត្ថុ វិស័យ​បញ្ចាំ​និង​ប្រាតិភោគ​ដោយ​អនុប្បទាន​) និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ្រប់គ្រង​លើ​វិស័យ​មូល​ប​ត្រ​)​។ នៅក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម សេវា​និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​ត្រូវបាន​បង្កើតឡើង​ដោយ​បញ្ញត្តិ​ករ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការលំបាក​ក្នុងការ​កំណត់​ដែន​សមត្ថកិច្ច​របស់​ប​ញ្ញត្តិ​ករ​ហិរញ្ញវត្ថុ​នីមួយៗ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្តថា ក្នុងន័យនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង និង​ដោយ​យល់ឃើញ​ពី​សារៈសំខាន់​នៃ​ការច្របាច់បញ្ចូលគ្នា​ជា​និយ័ត​ករ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នេះ រាជរដ្ឋាភិបាល​បានរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នេះ​ឡើង ដើម្បី​ធ្វើ​សមាហរណកម្ម​យន្តការ​នៃ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ជាអាទិ៍ វិស័យ​ធានារ៉ាប់រង​និង​សោធន​ឯកជន វិស័យ​មូល​ប​ត្រ វិស័យ​សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ​និង​សវនកម្ម និង វិស័យ​អចលនវត្ថុ វិស័យ​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​និង​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ ព្រមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​វិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​គុណប្រយោជន៍​ជាច្រើន​រួមមាន ១) ឆ្លើយតប​នឹង​ការវិវឌ្ឍ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​យន្តការ​ស្ថាប័ន​។ ២) បញ្ញត្តិ​ករ​តែមួយ​អាច​មើលឃើញ​ពី​ទិដ្ឋភាព​រួម និង​អាច​ធានាបាន​នូវ​សង្គតិភាព​នៃ​ការដាក់ចេញ​បទ​ប្បញ្ញត្តិ​និង​អាច​កាត់បន្ថយ​ភាព​ចន្លោះប្រហោង​ក្នុង​បទ​ប្បញ្ញត្តិ ដែល​ពាក់ព័ន្ធ​នឹង​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​។ ៣) បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​នីមួយៗ តាមរយៈ​ការបែងចែក​ព័ត៌មាន​និង​ការសម្របសម្រួល​ក្នុង​ការដាក់ ចេញ​បទ​ប្បញ្ញត្តិ​ឆ្លង​វិស័យ និង ៤) អាច​កាត់បន្ថយ​ចំណាយ​នានា តាមរយៈ​ការទាញយក​អត្ថប្រយោជន៍​ពី​សហ​ថាមពល​នៃ​ការដាក់​ស្ថាប័ន​និយ័ត​ករ​ឱ្យ​ស្ថិតនៅក្រោម​បញ្ញត្តិ​ករ​តែមួយ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល​។​

​គួរ​បញ្ជាក់ដែរថា សេចក្ដីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ មាន​ចំនួន​៥​ជំពូក​និង​២៥​មាត្រា​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×