Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំឡូងមីគឺជាដំណាំមួយ មានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ

spot_img

ភ្នំពេញ៖ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញរបាយការណ៍មួយថា ក្រៅពីដំណាំស្រូវ ដំឡូងមីគឺជាដំណាំមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ហ.ត បរិមាណផលសរុបជាង ១២លានតោន/ឆ្នាំ (របាយការណ៍របស់អគ្គនាយកដ្ឋឆនកសិកម្មចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។

ឯកឧត្តមវេង សាខុនបានបន្តទៀតថា ដើម្បីរក្សានិរន្តរភាពផលិតកម្មដំណាំដំឡូងមី បងប្អូនប្រជាកសិករគួរយល់ដឹងអំពីកត្តាជាអាទិភាពសំខាន់ៗមួយចំនួនដែលអាចជួយបង្កើនទិន្នផលដំឡូងមី ក្នុងនោះមានជាអាទិ៍៖ – ការរៀបចំដី – ការប្រើប្រាស់ពូជល្អគ្មានជំងឺ និងមានប្រភពច្បាស់លាស់ – ការគ្រប់គ្រងជីជាតិដី និង – ការគ្រប់ គ្រងសមាសភាពចង្រៃ។ របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំសេដ្ឋកិច្ចមួយនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយសារជំងឺម៉ូសាអ៊ិក ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ថ្មីៗនេះបានដឹកនាំក្រុម ការងារចុះទៅពិនិត្យលើការដាំសាកពិសោធន៍ដំឡូងមីពូជ KU៥០ ពូជ៨១ ពូជ៨៩ និងពូជរ៉ាក់យ៉ង៩ លើផ្ទៃដី១៥០ហ.ត នៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃភាពធន់នឹងសមាសភាពសត្វល្អិតចង្រៃ និងជាពិសេសជំងឺឆ្លងម៉ូសាអ៊ិក របស់ពូជទាំង ៤ប្រភេទនេះ។ ជាលទ្ធផល ក្នុងចំណោមពូជទាំង ៤ប្រភេទនេះ ឃើញថាមានតែពូជ KU៥០ និងពូជ ៨១ មានដងដើមលូតលាស់ល្អ ស្ទើរតែគ្មានវត្តមានជំងឺឆ្លងម៉ូសាអ៊ិក និងគ្មានរោគសញ្ញាដែលបណ្តាលមកពីការបំផ្លាញដោយសមាសភាពចង្រៃផ្សេងៗឡើយ ដែលអាចសន្និដ្ឋានបានថាជាពូជមានសក្តានុពលខ្ពស់។ ផ្ទុយទៅវិញ ចំពោះពូជ ៨៩ និងពូជរ៉ាក់រ៉ង ៩ មានវត្តមានជំងឺឆ្លងម៉ូសាអ៊ិកប្រមាណពី ២០-៣០% លើផ្ទៃដីដាំដុះសរុប។ យោងទៅលើលទ្ធផលនេះ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងធ្វើការប្រមូលផល និងការប្រមូលដើមពូជ KU50 និងពូជ ៨១ យកទៅចែកជូនបងប្អូនប្រជាកសិករនៅអំឡុងខែមិនា-មេសា ឆ្នាំ២០២១ ដែលចាត់ទុកថាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី។

ការប្រើប្រាស់ដើមពូជដំឡូងមីមានសុខភាព និងគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ ធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ធន់ជំងឺ និងសត្វល្អិតចង្រៃ គឺជាកិច្ចការចាំបាច់ និងសំខាន់បំផុតសម្រាប់ប្រជាកសិករយកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន ប្រុងប្រយ័ត្នខ្ពស់ សមស្របតាមលក្ខណ:បច្ចេកទេស ដើម្បីបង្កើនទិន្នផល ប្រាក់ចំណេញ ធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងជាជំហានៗជំរុញការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មមួយនេះឲ្យមានការរីកចម្រើនដោយឈរលើគោលការណ៍ “ពូជល្អ កំណើនទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ច” ។ ដូច្នេះ អគ្គនាយកដ្ឋានកសិកម្មសូមធ្វើការណែនាំអំពីវិធានការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ការប្រើប្រាស់ពូជKU៥០ និងពូជ ៨១ ជាជម្រើសដ៏ល្អសម្រាប់កសិករយកទៅដាំដុះ។

២- កសិករគួរជ្រើសរើសដើមពូជដំឡូងមីមានប្រភពច្បាស់លាស់ ពោលគឺពូជដែលផ្តល់ទិន្នផលខ្ពស់ គ្មានផ្ទុកជំងឺ និងជាពិសេសជំងឺម៉ូសាអ៊ិច។

៣- ការធ្វើអនាម័យចម្ការឲ្យបានត្រឹមត្រូវល្អក្រោយពេលប្រមូលផល គឺជាកត្តាសំខាន់ និងចាំបាច់ បំផុតដើម្បីចៀសវាងជំងឺឆ្លង និងជាពិសេសបំផ្លាញប្រភពសត្វល្អិតចង្រៃ ដែលជាភ្នាក់ងារចម្លង ជំងឺ។ បើមានលទ្ធភាពកសិករគួរភ្ជួរដីហាលចោលឲ្យបានច្រើនសារក៏ជាការល្អដែរ។

៤- ករណីមានការបំផ្លាញធ្ងន់ធ្ងរពីសមាសភាពចង្រៃ ជាពិសេសជំងឺម៉ូសាអ៊ិក នៅរដូវបន្ទាប់កសិករគួរដាំដំណាំផ្សេងជំនួស ដូចជាសណ្ដែក ពោត ឬដំណាំផ្សេងៗវិញ ហើយបើអាចកសិករមិនគួរដាំ ដំណាំដំឡូងមីជាប់ៗគ្នាច្រើនឆ្នាំទេ ព្រោះនាំឲ្យបាត់បង់ជីជាតិដី ដីអាចមានមេរោគ មានផ្សិតចង្រៃ និងសមាសភាពសត្វល្អិតចង្រៃ ដំណាំនេះអាចនឹងប្រឈមហានីភ័យខ្ពស់។

៥- ការប្រើប្រាស់ថ្នាំពុលកសិកម្មជាជម្រើសចុងក្រោយ ប៉ុន្តែកសិករគួរពិភាក្សា ឬសុំយោបល់ពីមន្រ្តីជំនាញ ឬពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តសាមី ជាមុនសិន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×