Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ដីឡើងថ្លៃ ត្រូវប៉ាន់ សូម្បីតែដីម៉ុង ក៏មានវិវាទដែរ

spot_img

ភ្នំពេញ៖ លោកដួង តារា ជំនួយការសម្តេចតេជោហ៊ុន សែន និងរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងសារលើហ្វេសប៊ុក នៅថ្ងៃទី៣០ធ្នូនេះថា “កាលពីពេលថ្មីៗកន្លងទៅ ខ្ញុំបានជួយដោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ លើករណីទំនាស់ដីម៉ុងមួយកន្លែង ស្ថិតនៅភូមិសំបួរ ខណ្ឌដង្កោ ភ្នំពេញ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តេង សារិទ្ធិ បានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើសុំបើកផ្លូវចូលទៅកាន់ដីម៉ុងរបស់គាត់ (ផ្នូរកប់សព) ដោយសារគ្មានផ្លូវចូល ព្រោះម្ចាស់ដីជុំវិញបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេអស់រៀងៗខ្លួន ដែលធ្វើឲ្យម្ចាស់ម៉ុងគ្មានផ្លូវចូលទៅកាន់ទីនោះ ជាពិសេសក្នុងរដូវបុណ្យទានម្តងៗ”។

ករណីវិវាទនេះគឺស្ថិតនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ម៉ុងឈ្មោះ ១)ឃុន សុធារី ,២)ឈ្មោះ តេង សារិទ្ធ ជាមួយនឹងភាគីម្ចាស់ដីជាប់ព្រុំដីម៉ុង គឺ ១)អ៊ុក សុវណ្ណ និង ២)ឈ្មោះ ហ៊ី រ៉ុង ។ ភាគីទាំង២ធ្លាប់បានប្ដឹងផ្តល់គ្នាទៅតុលាការ និងទៅអាជ្ញាធរពាក់ព័ន្ធកន្លងមក ដែលបានធ្វើឲ្យបញ្ហានេះ កើតមានជិត១ឆ្នាំមកហើយ។ ដោយសារអស់សង្ឃឹមភាគីម្ចាស់ម៉ុង ក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍ មកសម្តេចតេជោតែម្តង។

លោកបានបន្តថា នៅថ្ងៃទី ៣ធ្នូ ២០២០ ខ្ញុំបានចុះទៅពិនិត្យស្ថានភាពទីតាំងដីផ្ទាល់ គឺឃើញមានផ្លូវដើរចូលតាមច្រកផ្សេង (ដើរចូលពីលើលូបង្ហូរទឹកស្អុយ) ដែលអាចចូលទៅកាន់ដីម៉ុងបាន គឺល្មមតែមួយតួខ្លួន។ ចំពោះរថយន្តគឺមិនអាចបើកចូលរួចទេ។ ប៉ុន្តែមានប្រជាពលរដ្ឋដែលគ្មានជម្រករស់នៅ គឺពួកគាត់បានសង់ផ្ទះបិទលើផ្លូវចេញចូល ទៅកាន់ដីម៉ុងនេះ ទើបធ្វើឲ្យម្ចាស់ដីម៉ុង គ្មានផ្លូវចេញចូល។

ក្រោយពីបានឃើញសភាពដូច្នេះហើយ ខ្ញុំបានពិភាក្សាជាមួយលោកមេភូមិសំបូរ វ៉ាន់ សារឿន លោកចៅសង្កាត់ និងភាគីម្ចាស់ដីដោយបានសម្របសម្រួល សុំបើកផ្លូវចូលទៅកាន់ដីម៉ុង ដើម្បីដោះស្រាយបញ្ចប់វិវាទ។ ក្នុងនោះភាគីប្រជាពលរដ្ឋជិតខាង ក៏បានលើកឡើងថា ពេលដីនៅថោក ម្ចាស់ម៉ុងមិនព្រមទិញដីទុក ច្រកចូលទេ ទាល់តែគេទិញអស់ ហើយពេលនេះដីក្បែរៗម៉ុង ក៏កាន់តែឡើងថ្លៃទើបម្ចាស់ម៉ុងរត់រកជំនួយ។

ដោយមានការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងយោគយល់ចំពោះដំណោះស្រាយ ឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ទើបភាគីម្ចាស់ដី លោក អ៊ុក សុវណ្ណ បានយល់ព្រមកាត់ជញ្ជាំងរបងស៊ីម៉ងត៍ ដែលខ្លួនបានសង់ព័ទ្ធដីដែលខ្លួនបានទិញហើយ ដើម្បីបើកច្រកផ្លូវទំហំល្មមរថយន្តចេញចូលបាន ឱ្យ លោក តេង សារិទ្ធ និង ឃុន សុធារី ម្ចាស់ដីម៉ុងបានប្រើប្រាស់ជាច្រកចេញចូល ។ ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀង សះជា បញ្ចប់វិវាទដែលមានការដឹងឮ និងចូលរួមពីមេភូមិសំបួរ នៃសង្កាត់ដង្កោផងដែរ ។ ទន្ទឹមនឹងនេះ ភាគីទាំងសងខាងបានបានយល់ ដកពាក្យបណ្ដឹងផ្សេងៗ ដែលធ្លាប់ប្ដឹងផ្តល់គ្នាកន្លងមក ទាំងនៅអាជ្ញាធរ និងនៅតុលាការ ហើយបានរាប់អានគ្នាឡើងវិញ ជាអ្នកជិតខាងល្អ។

លោកបានលើកឡើងថា ខ្ញុំសប្បាយចិត្តចំពោះភាគី មានវិវាទទាំងពីរ ដែលបានជ្រើសរើសយក ដំណោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការ ដោយសន្តិវិធីឈរ លើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ប្រកបដោយទឹកចិត្ត ចែករំលែកដើម្បីសេចក្តីសុខទាំងអស់គ្នា។

លោកដួង តារា បានថ្លែងថា “ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឲ្យខ្ញុំបាទ បានចូលរួមជួយដោះស្រាយ បញ្ហាវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរបស់សម្តេច”។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្ត អាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×