Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១ ខែ នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា សម្រេចបាន​ការនាំចេញ​ជ័រកៅស៊ូ កើនឡើង ២២%

spot_img

​ភ្នំពេញ​៖ បើទោះបី​ជាមាន​មានការ​រាតត្បាត​ពី​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​បរិមាណ​នៃ​ការនាំចេញ​ជ័រកៅស៊ូ​ស្ងួត​របស់​កម្ពុជា កើន​ទាំង​បរិមាណ និង​តម្លៃ ដើម្បី​ផ្គត់ផ្គង់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​របស់​ទីផ្សារ​អន្តរជាតិ​។

​តួលេខ​ចុងក្រោយ ដែល​បង្ហាញ​ដោយ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ១១ ខែ​ឆ្នាំ​២០២០​នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​ជ័រកៅស៊ូ​ស្ងួត​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ប្រមាណ​ជាង ២៨,៥ ម៉ឺន​តោន កើនឡើង ២២% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​និង​ឆ្នាំទៅ​។​

​តម្លៃ​កៅស៊ូ​ជា​មធ្យម លក់​នៅលើ​ទីផ្សារ ១.៣៤១ ដុល្លារ​អាមេរិក ក្នុង​មួយ​តោន​។ កម្ពុជា អាច​បាន​រក​ចំណូល បាន​ពី​ការនាំចេញ​កៅស៊ូ​នេះ ក្នុង​រយៈពេល ១១​ខែ បាន​ប្រមាណ ៣៨៣ លាន ដុល្លារ ដោយបាន​កើនឡើង ២៣% បើ​ប្រៀបធៀប រយៈពេល ដូចគ្នា​នឹង​ឆ្នាំទៅ​។​

​មន្ត្រី​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញ​កៅស៊ូ​កើនឡើង​នេះ គឺ​ដោយសារតែ​មានការ​ជំរុញ​ពីក្រោយ​កត្តា​សំខាន់ៗ​មួយចំនួន​។ កត្តា​ដែល​ធ្វើ​ឲ្យ ការនាំចេញ​កៅស៊ូ ១១​ខែ ឆ្នាំ​២០២០​នេះ មានការ​កើនឡើង គឺ​ដោយសារតែ ទិន្នផល មានការ​កើនឡើង ខណៈ ផ្ទៃដី កៅស៊ូ​ដែល​អាច ជៀរ​ជ័រ​បាន មានការ​កើនឡើង​ដែរ​។ ទន្ទឹមគ្នានេះ កត្តា​ចម្បង​នៃ​ផ្ទុះ​រាលដាល​ឆ្លង​ជាស​កល​នៃ​កូ​វីដ​-១៩ ក៏បាន​ជួយ​ធ្វើ​ឲ្យ តម្លៃ​កៅស៊ូ មានការ​កើនឡើង​ផងដែរ​។​

​ឯកឧត្តម ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន លើកឡើងថា​« ក្នុង​រយៈពេល ពីរ​ខែ ចុងក្រោយ​នេះ បញ្ហា​កូ​វីដ​នេះ ធ្វើ​ឲ្យ​ប្រទេស​ផលិត​កៅស៊ូ​ធំៗ ខ្វះ​កម្លាំង​ពលកម្ម ធ្វើ​ឲ្យ​ការផ្គត់ផ្គង់ មិន​មានការ​គ្រប់គ្រាន់​។ ម្យ៉ាងទៀត ដោយសារ​ចិន​សង្គ្រោះ​កូ​វីដ​បាន ក៏​ធ្វើ​ឲ្យ​ផលិតកម្ម​ចិន ដំណើរការ​ឡើងវិញ ហើយ​ត្រូវការ​ផលិតផល​»​។ ឯកឧត្តម​រំពឹងថា នៅ​ឆ្នាំ​២០២១​ខាងមុខនេះ ផលិតផល​ជ័រកៅស៊ូ នឹង​នៅតែ​បន្ដ​កើនឡើង​។​

​គួរ​បញ្ជាក់ថា ទីផ្សារ​នាំចេញ​ជ័រកៅស៊ូ​របស់​ប្រទេស​កម្ពុជា មាន​ទៅ​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ចិន​ជាដើម​។ ដោយ​ក្នុងនោះ ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ប្រទេស​វៀតណាម មាន​ចំណែក ធំជាងគេ រហូតដល់​ប្រមាណ​ពី​៦០% ទៅ​៧០%​ឯណោះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×