Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ចេញ​លទ្ធផល​រយៈពេល ២២២​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​

spot_img

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា​៖ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន គ​.​យ​.​ក​.​ស​. ដោយមាន​ការ ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​, ប្រធាន​សាលាដំបូង , ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព និង​លទ្ធផល​រយៈពេល ២២២​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​។​

​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា ជា​លទ្ធផល​ក្នុង​រយៈពេល​២២២​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​កកស្ទះ​ទាំង​ដំណាក់កាល​អយ្យការ ទាំង​ដំណាក់កាល​ស៊ើបសួរ និង​ទាំង​ដំណាក់កាល​ជំនុំជម្រះ មាន​ចំនួន​សរុប​ជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩ % នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ (​សំណុំរឿង​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច​មាន​ចំនួន​ជាង ១២ ២០០ សំណុំរឿង ស្មើនឹង ៩៥ % នៃ​សំណុំរឿង​ទាំងអស់​ក្នុង ដំណាក់កាល​ជំនុំជម្រះ​)​។ បន្ថែម​ពីនេះ សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ចូល​ថ្មី ចំនួន​ជាង ៣៦ ៥០០ សំណុំរឿង ស្មើនឹង ៧៣% នៃ​សំណុំរឿង​ចូល​ថ្មី​សរុប​។

​ជាមួយនឹង​លទ្ធផល​នេះ គ​.​យ​.​ក​.​ស​. ក៏បាន​ប្រកាស​អំពី​ជោគជ័យ នៃ​ការអនុវត្ត​យុទ្ធនាការ​ដល់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន ១០ បន្ថែមទៀត រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី​, ខេត្តក្រចេះ​, ខេត្តកំពង់ចាម​, ខេត្តពោធិ៍សាត់ , ខេត្តបាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ​។

​គិត​មកដល់​បច្ចុប្បន្ន​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សរុប ចំនួន ១៥ ហើយ​ក្នុងចំណោម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត​ចំនួន ២៤ បានប្រកាស​បញ្ចប់​ដោយ​ជោគជ័យ នៃ​ការអនុវត្ត​យុទ្ធនាការ នៅក្នុង​ស្ថាប័ន​របស់ខ្លួន ដោយបាន​សម្រេច​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​កកស្ទះ បាន​យ៉ាងតិច ៩៥% និង​សំណុំរឿង​ដែល​ចូល​ថ្មី យ៉ាងតិច ៧០%​។ លទ្ធផល​លម្អិត និង​សង្ខេបនៃ​ការអនុវត្ត​យុទ្ធនាការ រយៈពេល ២២២​ថ្ងៃ មានភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​។​

​តាម​ការគ្រោងទុក យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត នឹងត្រូវ​ប្រើ​រយៈពេល ១​ឆ្នាំ ដោយ​ចាប់ផ្តើម​គិតពី​ថ្ងៃ​ប្រកាស​បើក​យុទ្ធនាការ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​។ ផ្អែកលើ​លទ្ធផល​ដែល​សម្រេចបាន​រយៈពេល ២២២​ថ្ងៃនេះ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត និង​ដោយមាន​ការគាំទ្រ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ គ​.​យ​.​ក .​ស​. មាន​ក្តី​រំពឹងទុក​យ៉ាង​មុតមាំ​ថា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ទូទាំងប្រទេស នឹង​អនុវត្ត យុទ្ធនាការ​សម្រេចបាន​លទ្ធផល​ជោគជ័យ ដោយ​ធ្វើការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​ទាំងអស់ ហើយ​ឈានទៅដល់​ការ ប្រកាស​បិទ​បញ្ចប់​នៃ​ការអនុវត្ត​យុទ្ធនាការ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ទន្ទឹមនឹង​ការសម្តែង​នូវ​អំណរ​សាទរ​ចំពោះ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ដែល​ត្រូវបាន​ប្រកាស​អំពី ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាកា​នាពេលនេះ គ​.​យ​.​ក​.​ស . ក៏​សូម​ឆ្លៀតឱកាស​នៃ​កិច្ចប្រជុំ​នេះ សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាល នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ទាំងអស់ ព្រមទាំង​ក្រុមការងារ​នៃ គ​.​យ​.​ក​.​ស​. ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ជំរុញ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ឱ្យសម្រេចបាន​នូវ​សមិទ្ធផល​មួយ​ល្អប្រសើរ​គួរ​ជាទី​មោ​ទក ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ធានាបាន​នូវ​ការអនុវត្ត​យ៉ាង​ត្រឹមត្រូវ នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​គឺ “​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​យុត្តិធម៌​ផងដែរ​។​

​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​រយៈពេល ២២២​ថ្ងៃ ។ ក្រសួងយុត្តិធម៌ លេខាធិការដ្ឋាន គ​.​ម​.​ក​.​ស​. នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​ថ្ងៃទី​១៨ ខែឧសភា ដល់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០) គឺ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន គ​.​យ​.​ក​.​ស . បានប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដោយមាន​ក្រុម ការងារ​ចំនួន ៤ និង​លេខាធិការដ្ឋាន​ជា​សេនាធិការ ។ ក្រុមការងារ​ទាំងអស់​បានចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​នេះ​ជា​បន្ត បន្ទាប់​តាម​តំបន់​ទទួលខុសត្រូវ​នៅ​សាលាដំបូង​ទូទាំងប្រទេស​។ ក្នុង​ស្មារតី និង​ឆន្ទៈ​ប្រកបដោយ​ការទទួលខុសត្រូវ របស់ខ្លួន ក្រុមការងារ​ទាំង​៤ នៃ គ​.​យ​.​ក​.​ស​. ដោយមាន​ការគាំទ្រ​បច្ចេកទេស រដ្ឋបាល និង​ហិរញ្ញវត្ថុ​របស់​លេខាធិការដ្ឋាន ក្រុមការងារ​នីមួយៗ បានរៀបចំ​បែងចែក​តួនាទី ភារកិច្ច កម្មវិធី​ការងារ និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ព្រមទាំង​បាន អនុវត្ត​យុទ្ធនាការ​ជា​បន្តបន្ទាប់ គិត​មកដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃទី​២២២ នៃ​ការអនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដោយ​ទទួលលទ្ធផល​ជា​ផ្លែផ្កា និង​សមិទ្ធផល ការងារ​ជាច្រើន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​។​

​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល ២២២​ថ្ងៃ​នៃ​យុទ្ធនាការ គឺ​យោងតាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ គ​.​យ​.​ក​.​ស​. ការប្រកាស​អំពី​ជោគជ័យ​នៃ​យុទ្ធនាការ​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​នីមួយៗ ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន នៃ​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​ចាស់​ឱ្យបាន​យ៉ាងតិច​ចំនួន ៩៥% និង​សំណុំរឿង​ថ្មី​ចំនួន ៧០% នៃ​សំណុំរឿង​ទាំង ៣​ដំណាក់កាល​បញ្ចូល​គ្នា (​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ​)​។​

​ដោយ​ផ្អែក​តាម​ទិន្នន័យ​សំណុំរឿង ដែល​បាន​បូកសរុប​ទូទាំងប្រទេស នៅក្នុង​ដំណាក់កាល​ទាំង​៣ សម្រាប់ រយៈពេល ២២២​ថ្ងៃ នៃ​យុទ្ធនាការ យើង​អាច​កត់សម្គាល់​ឃើញថា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចំនួន ៥ ដែល​បានប្រកាស​ជោគជ័យ​រួចរាល់ ក្នុង​រយៈពេល ១៥០​ថ្ងៃ​នៃ​យុទ្ធនាការ​គឺ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពត ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ ។ គិត​ត្រឹម​រយៈពេល​២២២​ថ្ងៃ នៃ​យុទ្ធនាការ មាន​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន ១០ បន្ថែមទៀត​ដែល​ត្រូវបាន​ប្រកាស​ជោគជ័យ​នៃ​យុទ្ធនាការ រួមមាន ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្ត​ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

)​

spot_img
×