Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ការផ្សព្វផ្សាយ​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ហេតុផល​ច្បាស់លាស់​ផ្ទុយ​ពី​ការពិត បំភ័ន្ត​សាធារណៈមតិ​ជាតិ​-​អន្តរជាតិ ឲ្យ​មានការ​យល់ច្រឡំ

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​
​នាពេល​ថ្មីៗ​កន្លងទៅនេះ ពិនិត្យឃើញថា​មាន​បណ្តាញសារព័ត៌មាន​មួយចំនួន ពិសេស​វិទ្យុ​បរទេស​ផ្សាយ ជា​ភាសា​ខ្មែរ បាន​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​នូវ​បទសម្ភាសន៍ និង​ធ្វើ​អត្ថាធិប្បាយ​នូវ​ព័ត៌មាន ផ្តល់​ដោយ​បុគ្គល​ដែល​តាំងខ្លួន​ជា​សកម្មជន ជា​គ្រួសារ នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ ធ្វើការ​ប្រកាស​ក្តែ​ងៗ អំពី​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា ឬ​ការគំរាមកំហែង​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​អំពី​ការមិនជឿ​ទុកចិត្ត​ចំពោះ​ច្បាប់ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាជរដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​ច្បាប់ និង​វិធាន​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយបាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​គាំទ្រ ដល់​ពួកគេ​ទៀតផង​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ទាំងនោះ បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ហេតុផល​ច្បាស់លាស់​ផ្ទុយ​ពី​ការពិត មាន​ចរិត​គុំកួន និង​មាន​ចេតនា​ទុច្ចរិត បំភ័ន្ត​សាធារណៈមតិ​ជាតិ​-​អន្តរជាតិ ឲ្យ​មានការ​យល់ច្រឡំ និង​បាត់បង់​ទំនុកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​និង​រាជរដ្ឋាភិបាល ដើម្បី​កេង​យក​ផលប្រយោជន៍​ផ្នែក​នយោបាយ​។​

​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ព័ត៌មាន​អកុសល​ខាងលើ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណមតិ​ជាតិ​-​អន្តរជាតិ​ជ្រាបថា​៖

១. ជន​គ្រប់រូប​ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ត្រូវគោរព​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការបែងចែក​ឋានៈ ពណ៌​សម្បុរ ជាតិ​សាសន៍ ឬ​សាសនា​នោះឡើយ​។ ទោះជា​យ៉ាងណាក្តី បុគ្គល​គ្រប់រូប​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន និង​សហការ​ជាមួយ​សមត្ថកិច្ច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ពីព្រោះថា​នៅលើ​សកលលោក​នេះ ពុំមាន​ប្រទេស​ណាមួយ​អះអាងថា​ប្រទេស​របស់ខ្លួន​ពុំមាន​បទល្មើស ឬ​អំពើហិង្សា​កើតឡើង​នោះឡើយ​។​

ចំណុច​នេះ​បានបញ្ជាក់​ឲ្យ​ឃើញថា ការលើកឡើង​រប​ស់បុ​គ្គល​ដែល​តាំងខ្លួន​ជា​សកម្មជន ជា​គ្រួសារ​នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ គឺ​ផ្ទុយ​ពី​ការពិត​ពីព្រោះ គ្មាន​បុគ្គល​ណា​ម្នា​ក់មាន​សិទ្ធិ ឬ​អាទិភាព​ពិសេស មិន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ក្នុងការ​អនុវត្ត​ច្បាប់​នោះទេ បើទោះបីជា​បុគ្គល​នោះ​មាន​ឋានៈ តួនាទី ពិសេស​យ៉ាងណាក៏ដោយ​។ ក្នុងករណី​មាន​បទល្មើស ឬ​អំពើហិង្សា​កើតឡើង ជនរងគ្រោះ​ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​សហកា​រ​ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដោយ​ត្រូវដាក់​ពាក្យបណ្តឹង ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ហេតុការណ៍ និង​ភស្តុតាង​ផ្សេងៗ​ទៀត ដែលជា​មូលដ្ឋាន​បម្រើ​ឲ្យ​ការងារ​ស៊ើបអង្កេត​។ ផ្ទុយទៅវិញ នាពេល​កន្លងមក ក្រុមមនុស្ស​មួយចំនួន​តូច​នោះ​តែងតែ​ប្រកាសថា​ខ្លួន​ជា​ជនរងគ្រោះ ប៉ុន្តែ​បាន​ព្យាយាម​គេចវេស មិន​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​ខំប្រឹង​បំប៉ោង​សម្លេង​តាមរយៈ​បណ្តាញ​ព័ត៌មាន​ក្រៅប្រទេស បកស្រាយ​តាមបែប​អគតិ បង្វែរ​ហេតុការណ៍​នៃ​អំពើហិង្សា ទៅជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​។​

២. បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្រាល​គ្រប​ដោយ​សុខសន្តិភាព គ្មាន​សង្គ្រាម​ប្រដាប់អាវុធ ឬ​អំពើ​ភេរវកម្ម ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១៦​លាន​នាក់ កំពុង​រស់នៅ​ដោយ​គ្មាន​ការព្រួយបារម្ភ និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដោយ​ភាពកក់ក្តៅ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត មានការ​ជឿជាក់​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ និង​ចូលរួម​សហការ​គាំទ្រ​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់​បុគ្គ​ល​ដែល​តាំងខ្លួន​ជា​សកម្មជន ជា​គ្រួសារ​នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ ដែល​បង្ហាញ​អំពី​ការភ័យខ្លាច ការគំរាមកំហែង ការបាត់បង់​ជំនឿ​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មិន​ទទួលស្គាល់​ស្ថានភាព ពិត​នៃ​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​ទៅវិញ​។ ការលើកឡើង​ទាំងនោះ​បានបង្ហាញ​អំពី​ចរិត​រើសអើង ចង្អៀតចង្អល់ មាន​ទស្សនៈ ទុ​ទិ្ទ​ដ្ឋិ​និយម និង​អាច​វាយតម្លៃ​បាន​ថា ពួកគេ​ជា​ជំពូក​មនុស្ស​នៅក្រៅ​សង្គម​កម្ពុជា​។​

៣. តាមរយៈ​ការអនុវត្ត​គោលនយោបាយ​«​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»​បានធ្វើ​ឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​នៅតាម​សហគមន៍​មាន​ភាពល្អប្រសើរ​។ សកម្មភាព​បទល្មើស​គ្រប់​ប្រភេទ​ប្រមាណ​ជា ៩០​ភាគរយ ដែល បានកើត​ឡើង រួមទាំង​អំពើហិង្សា ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ស៊ើបអង្កេត​និង​បង្ក្រាប ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ បរិយាកាស​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការវាយតម្លៃ​ដោយ​ងងឹតងងល់ របស់​បុគ្គល​ដែល​តាំងខ្លួន​ជា​សកម្មជន ជា​គ្រួសារ​នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ ពីព្រោះ​គេ​មិនអាច​លើកយក​ករណី​រងគ្រោះ​ដោយ​អំពើហិង្សា​របស់​បុគ្គល មួយចំនួន​តូច ដែល​គ្មាន​សញ្ញាណ​ច្បាស់លាស់ ឬ​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត មក​ប្រៀបធៀប​និង​ដោះដូរ​ជាមួយ​សេចក្តីសុខ​របស់​មនុស្ស​រាប់សិប​លាន​នាក់ ឬ​លុបបំបាត់​នូវ​លទ្ធផល​នៃប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​របស់​សមត្ថកិច្ច បានឡើយ​។​

៤. ក្នុង​សុច្ឆន្ទៈ​ឆ្លុះបញ្ចាំង​អំពី​សច្ចភាព​ក្នុងសង្គម ក៏ដូចជា​ដើម្បី​លុបបំបាត់​នូវ​ការភ័ន្តច្រឡំ​ពី​សំណាក់​សាធារណមតិ​ជាតិ​-​អន្តរជាតិ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ​ថែរក្សា​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ យើងខ្ញុំ​សូម​អំពាវនាវ​ដូចខាងក្រោម​៖

– សូម​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​សហការ​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក្នុងការ​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ជាពិសេស​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​នូវ​រាល់​ហេតុការណ៍​នានា ដែល​បាន​កើតឡើង និង​បាន​ជួបប្រទះ​ដោយផ្ទាល់ ។​

– រាល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន ឬ​ហេតុការណ៍​នានា​ដែល​ពាក់ព័ន្ធ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ស្នើ​គ្រប់​បណ្តាញសារព័ត៌មាន រួមទាំង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ត្រូវ​ជៀសវាង​ការធ្វើ​អត្ថាធិប្បាយ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន​ពិតប្រាកដ ធ្វើការ​សន្និដ្ឋាន​ដោយ​អត្តនោម័តិ មាន​លក្ខណៈ​លំអៀង ខ្វះ​តម្លាភាព បំពុលបរិយាកាស សន្តិសុខ បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ និង​កិត្តិយស​របស់​នីតិបុគ្គល និង​បុគ្គល​សាធារណៈ​ទៀតផង​។ ទន្ទឹមគ្នានេះ មិនត្រូវ​លើកយក​បញ្ហា​ទំនាស់​ជា​ឯកជន​ក្នុងសង្គម អំពើ​ល្មើស អំពើហិង្សា ឬ​ហេតុការណ៍​គ្រោះថ្នាក់​នានា ធ្វើការ​បកស្រាយ​បង្វែរ​ទៅជា​រឿង​នយោបាយ ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ អន្តរជាតិ មានការ​ភ័ន្តច្រឡំ ចំពោះ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​នោះទេ ។​

​អ្នកនាំពាក្យ បាន​បញ្ជាក់ថា ក្នុងនាម​កងកម្លាំង​អនុវត្ត​ច្បាប់ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ទទួលយក​រាល់​ការទិតៀន កែលម្អរ​ក្នុងន័យ​ស្ថាបនា ព្រមទាំង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ទទួលយក​កិច្ចសហការ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បុព្វហេតុ​សន្តិសុខ​ជាតិ និង​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×