Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែ​ល​កាត​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ជម្រុញ​ទឹកចិត្ត​ប្រជាជន​ខ្មែរ ក្នុងការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ដ៏​មាន​សេរី​សួស្តី 2021

spot_img

​ភ្នំពេញ​៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ដោយ​ការឈាន​ចេញ​ឆ្នាំ​ចាស់​ដ៏​លំបាក​ផ្លាស់​ចូលឆ្នាំថ្មី ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ឱ្យដឹង​នូវ​ការចាប់ផ្តើម​យុទ្ធនាការ​ថ្មី “​ប្រជាជាតិ​តែមួយ​” តាមរយៈ​គម្រោង​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដ៏​ធំ​បំផុត​របស់ខ្លួន ដើម្បី​ចូលរួម​ទទួលស្គាល់ ក៏ដូចជា​ស្ងើចសរសើរ​ដល់​ភាពរឹងមាំ អំណត់​អត់ធ្មត់ និង​សាមគ្គីភាព​របស់​បងប្អូន​ពលរដ្ឋ​ខ្មែរ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល កំពុង​ទន្ទឹងរង់ចាំ​ស្វាគមន៍​ឆ្នាំ​ថ្មី​ដ៏​មាន​សេរី​សួស្តី 2021 ខាងមុខនេះ​។​

​យុទ្ធនាការ​ផ្សព្វផ្សាយ ដែល​ត្រូវបាន​ថត​ឡើង​នៅក្នុង​បរិវេណ​នៃ​តំបន់​ប្រាសាទព្រះវិហារ​នេះ គ្រោង​នឹង​ចាក់ផ្សាយ​នា​រាត្រី​នេះ (​ថ្ងៃទី ៣១ ខែធ្នូ​) នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ធំៗ​ទាំងអស់​រួមមាន CTN, MYTV និង CNC និង​នៅតាម​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន​សែ​ល​កាត​។​

​ខ្សែ​វីដេអូ​ខ្នាត​ធំ​នេះ ត្រូវបាន​ផលិតឡើង​ដោយមាន​ការចូលរួម​ពី​បងប្អូន​ខ្មែរ​មកពី​គ្រប់​បណ្តា​រាជធានី​-​ខេត្ត មក​រួម​បង្ហាញ​នូវ​វប្បធម៌​ដ៏​សម្បូរបែប និង​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អមដោយ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ប្រាសាទព្រះវិហារ ខ្សែ​វីដេអូ​នៃ​ប្រធានបទ “​ប្រជាជាតិ​តែមួយ​” ដែលមាន​រយៈពេល ២​នាទី​នេះ បាន​ស្តែង​ឱ្យឃើញ​នូវ​ការគោរព និង​ការកោតសរសើរ​ចំពោះ​ប្រជាជន​ខ្មែរ ដែល​ពួកគាត់​បាន​រួបរួម និង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​អំឡុង​នៃ​វិបត្តិ​ជម្ងឺ​កូ​វីដ​-១៩ នេះ​។​

​ក្រុមហ៊ុន​សែ​ល​កាត បាន​ចូលរួម​បង្កើត​គោល​គំនិត​សម្រាប់​យុទ្ធនាការ​នេះ​ឡើង ជាមួយនឹង Hanuman Films ដែលជា​ផលិតកម្ម​ខ្សែភាពយន្ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការដឹកនាំ​ថត​សម្តែង​ដោយ​អ្នកស្រី សូ​ថូ គូលី​កា ដែលជា​ផលិតករ​ដ៏​ឆ្នើម​មួយរូប ធ្លាប់​ទទួលបាន​នូវ​ពានរង្វាន់​ជាច្រើន​នៅក្នុង​វិស័យ​មួយ​នេះ​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែង​អបអរសាទរ​ដល់​ផលិតកម្ម Hanuman Films និង​សហការី​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​ផលិត​ខ្សែ​វីដេអូ​នេះ​ឡើង ដោយ​លោក​បាន​ថ្លែងថា នេះ​គឺជា​មធ្យោបាយ​ដ៏​ល្អប្រសើរ​បំផុត ដើម្បី​បង្ហាញឱ្យឃើញ​ច្បាស់​នូវ​ការប្តេជ្ញាចិត្ត ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ការគាំទ្រ​របស់​ក្រុមហ៊ុន​សែ​ល​កាត ចំពោះ​បងប្អូន​ពលរដ្ឋ​ខ្មែរ ខណៈដែល​ឆ្នាំ ២០២០ បាន​ឈាន​ជិត​មកដល់​ទីបញ្ចប់​។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍​បន្តថា​៖ “​យើង​ចង់​ផលិត​នូវ​ស្នាដៃ​យ៉ាង​ពិ​សេសមួយ​សម្រាប់​ឆ្នាំនេះ ដើម្បី​ជាការ​ចងចាំ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​យើង​បាន​ឆ្លងកាត់​កន្លងមក​។ នេះ​គឺជា​វប្បធម៌​នៃ​ការបង្ហាញ​ពី​ភាព​មោទន​របស់​សែ​ល​កាត ពោល​យើង​គឺជា​ក្រុមហ៊ុន​ដែលជា​មោទនភាព​របស់​ជាតិខ្មែរ និង​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដែលមាន​វត្តមាន​យូរ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​តែងតែ​ខិតខំ​ផ្តល់នូវ​សេវា​បម្រើ​ដ៏​ល្អឥតខ្ចោះ​ជូន​ដល់​អតិថិជន ក៏ដូចជា​ការចូលរួម​ទទួលស្គាល់​នូវ​ការរួមចំណែក​របស់​ប្រជាជន​កម្ពុជា​ផងដែរ​”​។​

​សែ​ល​កាត ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ឋិត​នៅក្រោម​ទស្សនវិស័យ​នៃ​ការដឹកនាំ​របស់​អ្នកឧកញ៉ា គិត ម៉េង គឺជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​តែមួយគត់ ដែលមាន​កម្មសិទ្ធិ​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ទាំងស្រុង​។​

​សែ​ល​កាត គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅលើ​ទីផ្សារ ដែល​បាន​ពាំ​នាំនូវ​នវានុវត្តន៍​ជាច្រើន​រាប់មិនអស់ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ហើយក៏​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​នូវ​ពានរង្វាន់​ជាតិ និង​អន្តរជាតិ​ជាង ៣០ លើ​ផ្នែក​បណ្តាញ 4G LTE និង​ប្រតិបត្តិការ​ប្រកបដោយ​ឧត្តមភាព​ផងដែរ​។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍ថា​៖ “​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​សែ​ល​កាត តែង​នៅចាំ​បម្រើ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ជានិច្ច ពោលគឺ​ក្រុមហ៊ុន​បានរៀបចំ​ដំឡើង​សេវា​គ្របដណ្តប់​គ្រប់​ច្រកល្ហក​នៅក្នុង​ប្រទេស​កម្ពុ​ជា ដើម្បី​អនុញ្ញាតឱ្យ​ក្រុមគ្រួសារ មិត្តភក្តិ និង​ពលរដ្ឋ​នៅតាម​សហគមន៍ អាច​ទំនាក់ទំនង​គ្នា ក៏ដូចជា​រួបរួមសាមគ្គី​គ្នា​ជា​ប្រជាជាតិ​តែមួយ​។ គ្រប់​សមាជិក​ទាំងអស់​របស់​ក្រុម​សែ​ល​កាត តែងតែ​ចូលរួម​ជួយ​គិតគូរ​ដល់​ប្រទេសជាតិ ប្រកបដោយ​ភាព​មោទន ក្តីសង្ឃឹម និង​ភាពក្លាហាន ស្រប​ពេលដែល​ពួកយើង​ទាំងអស់ កំពុង​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ ២០២១​។​

​លោកអ្នក​អាច​ចូល​ទស្សនា​ខ្សែ​វីដេអូ​នេះ​បាន នៅលើ​ទំព័រ​យូ​ធូប​របស់​សែ​ល​កាត​៖ https://youtu.be/D3aAqdHfgkw​។​

​លោកអ្នក​ក៏​អាច​ស្វែងរក​បទ​ភ្លេង “​ប្រជាជាតិ​តែមួយ​” ដែលជា​បទ​ភ្លេង​ទទួល​ការ​បំផុសគំនិត​ដោយ​បទ​ភ្លេង​ជាតិខ្មែរ នៅលើ Cellcard’s Calltunes និង​សេវាកម្ម Music Streaming ជាច្រើន​ទៀតផង​ដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×