Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៩៤២លើក និងចំនួនអ្នកស្លាប់ថយចុះ៣៣៥នាក់ ស្មើ១៧ភាគរយ

spot_img

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

របាយការណ៍បង្ហាញថានៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ ពោលគឺនៅឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនសរុប៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៤១២១លើក។

ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ៣៣៥នាក់ ស្មើ១៧ភាគរយ។ កាលពីឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរ១៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ១៦៤៦នាក់ ប៉ុណ្ណោះ។

ចំណែកអត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំនួន១៤៥៥នាក់ ស្មើ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០មានអ្នករងរបួសស៤៦៨៦នាក់ នៅគ្រាដូចគ្នាកាលពីឆ្នាំ២០១៩មានអ្នករបួសចំនួន៦១៤១នាក់។

“ផ្អែកលើលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក”។

សម្តេច ស ខេង បានមានប្រសាសន៍ថា” ខ្ញុំក៏សូមអំពាវនាវនគរបាលចរាចរណ៍ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នដើម្បីយើងអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×