Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ ដល់​រដូវ​កាល​ជូនពរ​ទៀតហើយ​

spot_img

​ភ្នំពេញ​៖​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២​ខែមករា ឆ្នាំ​២០២១​នេះ​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ យើង​នាំគ្នា​សម្រប​ខ្លួន​ទៅតាម​គន្លង​នៃ​ទំនៀមទម្លាប់​ដែលមាន​អាយុកាល​រាប់រយ​ពាន់​ឆ្នាំ​មកហើយ​។ សម័យមុន តែ​ក៏​មិនយូរ​អី​ប៉ុន្មាន យើង​នាំគ្នា​សរសេរ​សំបុត្រ រចនា​ប័ណ្ណ ឬក៏​ជូនពរ​គ្នា​ដោយផ្ទាល់ អ្នកតូច​កាន់​កន្ត្រក់​ផ្កា ឬ​ផ្លែឈើ​ទៅជូន​អ្នកធំ​ក៏មាន​! សម័យ​ទូរស័ព្ទ​ឆ្លាត (Smart Phone) យើង​អាច​បន្ត​ទំនៀមទម្លាប់​នេះ​តាមរបៀប​ថ្មី ទំនើប ងាយស្រួល ផ្ញើ​ភ្លាម​ដល់​ភ្លែត ចង់​បានជា​Video Clip ជា​រូបភាព ជា​សារ​សម្លេង ឬ​អក្សរ​…​ក៏បាន អស់​លុយ​តិច ហើយ​ផ្ញើ​ម្តង​ដល់​រាប់រយ​នាក់​ទៀត​។

យប់​នេះ បើ​មិន​ដាក់​ទូរស័ព្ទ​ចូល silent mode ទេនោះ គឺ​មិនបាច់​ដេក​ទេ ព្រោះ​សារ​ជូនពរ​នឹង​ហូរ​ចូល​ទីង​តុងៗ​ត​កន្ទុយ​មិន​ដាច់​!​។​

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ឆ្នាំ​២០២០ នឹង​អស់​អាណត្តិ​។ គ្មាន​ពេលណា​ដែល​សារ​ជូនពរ​ឲ្យ​មាន​សុខ​ភាពល្អ មានន័យ​ជាង​ពេលនេះ​ទេ​។ Covid-19 បាន​បង្ក​នូវ​វិបត្តិ​សកល​ក្នុង​វិសាល​ភាពមិន​ធ្លាប់មាន ដែល​រាលដាល​ពី​វិស័យ​សុខាភិបាល​ដល់​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ទៀតផង​។ ការផ្ទុះ​ឡើង​នៃ​រលក​ទី​២, ទី​៣ និង​ការកើតចេញ​នូវ​វីរុស​ដែល​វិវត្តន៍​ថ្មី រឹតតែ​ធ្វើ​ឲ្យ​ពរ​សុខ​ភាពល្អ​នេះ​មាន​សារៈសំខាន់​ទៅទៀត​។ អ្នកខ្លះ​ថា គ្រាន់តែ​ជូនពរ​មិនអាច​យកឈ្នះ​លើ Covid-19 នេះ​បានទេ​។ ត្រូវមាន​វ៉ាក់សាំង មាន​ថ្នាំ​ព្យាបាល មាន គ្រូពេទ្យ​ថែទាំ មាន​ឧបករណ៍​ជួយសង្គ្រោះ ក្នុងករណី​ធ្ងន់ធ្ងរ ។​ល​។ ត្រូវ​ហើយ​! តែ​ពាក្យចាស់​លោក​ពោលថា “​អាគម​ផ្សំ​អាយុ​” មាន​ទៅ​ខាត​អី​គ្រាន់តែ​ជូន​និង​ទទួល​ពរ​នោះ យ៉ាងហោច​ក៏បាន​ចំរើន​កំលាំងចិត្ត​ដែរ​!

​យ៉ាងណាក៏ដោយ ក៏​ឆ្នាំ ២០២១ ចាប់ផ្តើម​ជាមួយនឹង​ការអនុម័ត និង​ការចាក់ វ៉ាក់សាំង​ដំបូងៗ និង​ច្រើន​ប្រភព នៅ​អាស៊ី អឺរ៉ុប និង​អាមេរិក ទោះបី​នៅមាន​ភាពមិនច្បាស់លាស់​ខ្លះ​ពាក់ព័ន្ធ​នឹង​អាយុកាល​ការការពារ​ខ្លួន​បាន ការចម្លង​វីរុស​ពី​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ទៅ​អ្នក​ដ៏​ទៃ ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង​ដែល​បានអនុម័ត​ហើយ​ចំពោះ​វីរុស វិវត្តន៍​ថ្មី ។​ល​។ ទោះ​យ៉ាងនេះ​ក៏ដោយ ក៏​វ៉ាក់សាំង​ជា​ក្តីសង្ឃឹម​ដ៏​ធំ​បំផុត​របស់​មនុស្សជាតិ​យើង​ក្នុងការ​យកឈ្នះ Covid-19 នេះដែរ​។

រឿង​ធំ​មួយទៀត​ដែល​យើង​នាំគ្នា​ដាក់​ក្តីសង្ឃឹម​ទៅលើ​នោះ​គឺ ការបន្ថយ​ភាព​តានតឹង​ដែល​បាន​កើន​ឡើងដល់​កំរិត​គួរ​ឲ្យ​បារម្ភ​ខ្លាំង​មែនទែន​ក្នុងឆ្នាំនេះ​រវាង​មហាអំណាច​កំពូល​ទាំង​២ ដែល​អ្នក​សង្កេត​ទូទៅ​ឲ្យ​ឈ្មោះថា​ជា​សង្គ្រាមត្រជាក់​ថ្មី​។ ជាមួយនឹង​ការចូល​កាន់ដំណែង​រប​ស់លោក Joe Biden គេ​នាំគ្នា​សង្ឃឹមថា អាមេរិក​នឹង​វិល​មករក​គន្លង នៃ​ពហុភាគី​និយម ដែលជា​មាគ៌ា​នយោបាយ​ប្រសើរ​បំផុត​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​។​

យើង​ក៏​សង្ឃឹមថា ការគ្រប់គ្រង​Covid-19​បាន គួបផ្សំ​នឹង​ការសម្រួល​ឡើងវិញ​ទំនាក់ទំនង​រវាង​មហាអំណាច​ពិភពលោក​នឹង​បើកផ្លូវ​និង​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាជាតិ​នានា​ស្តារ​សេដ្ឋកិច្ច​ខ្លួន​ឡើងវិញ និង​ដកខ្លួន​ផុតពី​ការជាប់​ផុង​ក្នុង​ឱនភាព​ដែល​អាច​ជ្រៅ​ទៅៗ បើ​នយោបាយ​មោហ៍បាំង​យកឈ្នះ​-​ចាញ់​ដាច់ខាត​នៅតែ​នាំមុខ​…

​ហេតុនេះហើយ យើង​ក៏​នាំគ្នា​ជូនពរ​ទៅវិញទៅមក​ពពាក់ពពូន ហូរហែ​តទៅ​ជា​ទម្លាប់​។ ពរ​ទាំងនោះ​ពុំមាន​អ្វី​ប្លែក​ប៉ុន្មាន​ទេ គឺ​សុខ​ភាពល្អ កំលាំង​ពលំ​មាំមួន ជ័យជំនះ និង​សុភមង្គល​។ តែ​អ្វីដែល​សំខាន់​គឺ​ទឹកចិត្ត​ស្មោះស ដែល​យើង​នាំគ្នា​ជូនពរ​ឲ្យ​អ្នក​ដែល​យើង​រាប់អាន​ស្រឡាញ់ មាន​សុខ​ភាពល្អ កុំបី​ឈឺ​ថ្កាត់ រឹងមាំ សម្រេច​ជោគជ័យ​ក្នុង​គ្រប់​កិច្ចការ​តូចធំ​ទាំងពួង ហើយ​ពិសេស​គឺមាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ សុភមង្គល​គ្រប់ពេលវេលា ទាំងយប់​ថ្ងៃ​។ មិនចាំបាច់​ប្រឹងប្រែង​កោង​ខ្នង​ស្វែងរក​សុភមង្គល​នៅឯ​ចុង​ផ្លូវ​នោះទេ ព្រោះ​សុភមង្គល​នៅតែ​តាម​ដងផ្លូវ​ដែល​យើង​ធ្វើដំណើរ​នោះ​ហើយ​។​

​អ្នកការទូត​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​បរទេស​ជា​យុទ្ធជន​ឈរជើង​នៅ​សមរភូមិ​ជួរមុខ​បំផុត​។ សម្រាប់​ឆ្នាំនេះ ពាក្យ​នេះ​មានន័យ​ទ្វេ គឺ​សមរភូមិ​ការទូត​ផង សមរភូមិ​កូ​វីដ​ផង​។ ប្រទេស​ដែល​អ្នកការទូត​យើង​កំពុងស្នាក់នៅ​ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​រហូតដល់​រាប់លាន អ្នកស្លាប់​រាប់ម៉ឺន ដែល​មានន័យថា​បេសកកម្ម​របស់​អ្នកនោះ​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់បំផុត​។ ខ្លះ​បាន​ឆ្លង​កូ​វីដ តែ​សំណាងល្អ​ទាំងអស់គ្នា​បានជា​សះស្បើយ​វិញ​ហើយ​។ ខ្ញុំ​សូម​ជូនពរ​ដល់​អ្នក​ទាំ​ង​នោះ ព្រមទាំង​ក្រុមគ្រួសារ សូម​ឲ្យ​មាន​សុខ​ភាពល្អ ចៀសផុត​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​ពរ​ទាំងនេះ​ក៏​សូម​ជូន​ដល់​មន្ត្រី បុគ្គលិក​ទាំង​អស់នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រុមការងារ​ចុះជួយ​ស្រុក​ស្អាង សហសេវិក សហការី មិត្តភក្តិ និង​បងប្អូន​ទាំងអស់​។ សូម​ឆ្នាំ​ថ្មី ២០២១ នាំមក​នូវ​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ ដល់​អ្នក​គ្រប់គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×