Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម​ ស ខេង ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ចំណាយថវិកាជាតិជាង២០០០លានដុល្លារ

spot_img

ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលហៅកាត់ថា “គ.ជ.អ.ប” បានឲ្យដឹងថា ក្នុងរយៈពេលជិត២ទសវត្សរ៍ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ទេរថវិកាសរុបប្រមាណជាង២.០០០លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែង ប្រើប្រាស់សម្រាប់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ។

ថ្លែងនៅក្នុងពិធីបើកសន្និសីទជាតិក្រោមប្រធានបទ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖មេរៀនបទពិសោធន៍ បញ្ហាប្រឈមនិងចក្ខុវិស័យទៅអនាគត នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការកែទម្រងវិមជ្ឈការ និងវិសហមជ្ឈការនឹងធ្វើឲ្យប្រទេសជាតិទាំងមូលកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងការគ្រប់គ្រងថ្នាក់ក្រោមជាតិកាត់នែមានប្រសិទ្ធភាព និងគណនេយ្យភាពជាងមុន ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា បានលើកឡើងទៀតថា កំណែទម្រង់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋានផ្សេងៗគ្នា ដែលប្រការនេះបានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការលើកស្ទួយជីវភាពរស់នៅ គុណភាពជីវិតរបស់សហគមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គមជាដើម ។

សម្ដេចប្រធាន គ.ជ.អ.ប គូសបញ្ជាក់ថា ផ្អែកលើធនធានទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដខ្នាតតូចជាច្រើន ដូចជាផ្លូវលំជនបទ ប្រព័ន្ធស្រោចស្រព សំណងអនាម័យជនបទ សំណងផ្គត់ផ្គង់ទឹកស្អាត និងសំណង់ផ្សេងៗទៀតជាដើម និងគម្រោងមិនមែន ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការផ្ដល់សេវាសង្គមនានដូចជា អនាម័យជនបទ ការគាំពារមាតា និងទារក យេនឌ័រ ការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការចងក្រងសហគមន៍តាមមូលដ្ឋាន ដើម្បីលើកស្ទួយផលប្រយោជន៍របស់ក្រុមជនងាយរងគ្រោះ គម្រោងបង្កើនប្រាក់ចំណូល លក្ខណៈគ្រួសារ និងគម្រោងអភិរក្សធន​ធាន​ធម្មជាតិជាដើម។

របាយការណ៍ គ.ជ.អ.ប ដដែលបានឲ្យដឹងទៀតថា ផ្អែកលើធនធានទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្ត​គម្រោមហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្នាតតូចជាច្រើនដូចជាផ្លូវលំជនបទ (ផ្លូវដី ផ្លូវ ក្រួសក្រហម ផ្លូវបេតុង និងស្ពាន) ប្រពន្ធស្រោចស្រប (ប្រឡាយ ទំនប់ទឹក និងសំណង់សិល្បៈការផ្សេងៗ) សំណង់អនាម័យជនបទ ( លូទឹក បង្គន់ និងប្រព័ន្ធបង្ហូរទឹក) សំណង់ផ្គត់ផ្គង់ទឹក ស្អាត (ស្រះទឹក អណ្តូងទឹក និងបណ្តាញទុយោទឹកស្អាត) សំណង់ផ្សេងៗទៀត (អគារសាលារៀនអគារសុខាភិបាល អគារសង្គម សំណង់ផ្សារ និងសំណង់សម្រាប់ការពារទឹកជំនន់បណ្តាញបង្ហូរសំណល់រាវតាមទីប្រជុំជន និងគម្រោងមិនមែនហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា ការលើកកម្ពស់ការផ្តល់សេវាសង្គមនានា ដូចជាអនាម័យជនបទ ការគាំពារមាតានិងទារក យេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការចងក្រងសហគមន៍តាមមូលដ្ឋានដើម្បីលើកស្ទួយផលប្រយោជន៍ក្រុមជនងាយរងគ្រោះជាដើម) ។

របាយការណ៍បានបញ្ជាក់ថា ទោះបីកំណែទម្រង់នេះមានការវិវឌ្ឍទៅមុខជាលំដាប់ស្របតាមដំណាក់កាលនីមួយៗដូចបានកំណត់ក្នុងកម្មវិធីជាតិ រួមជាមួយនិងការបង្កើតបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏បច្ចុប្បន្នកំណែទម្រង់នេះបាននិងកំពុងឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញ៉ាំទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេសដែលទាមទារឲ្យបន្តពង្រឹងការប្តេជ្ញារចិត្តខាងនយោបាយក្នុងរាជរដ្ឋាភិបាលទាំងមូល និងការពង្រឹងកិច្ចសហការ ការចូលរួម និងការគាំទ្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការបន្តអនុវត្តកិច្ចដំណើរការកំណែទម្រង់ក្នុងដំណាក់កាលទី៣នៃកម្មវិធីជាតិដើម្បីធានាឲ្យប្រព័ន្ធគ្រប់គ្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព កាន់តែឆ្លើយតប និងកាន់តែមានគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឈសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋទាំងមូលផងដែរ៕​ ដោយ៖បញ្ញាស័ក្តិ

spot_img
×