Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នផ្សេងៗ នៅរាជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអង្គការភីន បង្កើតឲ្យមានសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នសម្រាប់រាជធានីភ្នំពេញ ហើយសៀវភៅនេះ ត្រូវបានធ្វើពិធីផ្សព្វផ្សាយកាលពីរសៀលថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី កែវ សុខពិសី អភិបាលរងរាជ​ធានីភ្នំពេញ ហើយមានការចូលរួមពីអាជ្ញាធរ មន្រ្តីក្រោមឱវាទ មន្ទីរពាក់ព័ន្ធ និងអង្គការភីន។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញនិងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ មានប្រសាសន៍ថា ការផ្តួចផ្តើមបង្កើតសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ដែលនឹងត្រូវដាក់ផ្សព្វផ្សាយនាពេលនេះគឺដោយសាររាជធានីភ្នំពេញ តែងតែទទួលរងនូវឥទ្ធិពលនៃគ្រោះមហន្តរាយធម្មជាតិជារៀងរាល់ឆ្នាំ ដូចជា ទឹកជំនន់ អគ្គិភ័យ ខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត និងបាក់ច្រាំងទន្លេជា​ដើម។ ទន្ទឹមនេះ ការបម្រែបម្រួលអាកាសធាតុសាកលនៃប្រព័ន្ធសម្ពាធទាប ក៏ជំរុញឲ្យរាជធានីភ្នំពេញប្រឈមនឹងគ្រោះអាសន្ននេះដែរ។

ដោយផ្អែកទៅតាមការណែនាំស្តីពីបច្ចេកទេសម្រាប់ការរៀបចំកសាងផែនការកន្លងមក និងក្នុងគោលបំណងដើម្បីជួយបង្កលក្ខណៈដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាពបង្កើតផែនការត្រៀមបម្រុងសម្រាប់ឆ្លើយ​តបទៅនឹងគ្រោះថ្នាក់មហន្តរាយនានា ដេលអាចនឹងកើតមានឡើងជាយថាហេតុ។ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអង្គការភីន ចុះសិក្សាពីស្ថានភាព និងទំហំនៃគ្រោះមហន្តរាយ រហូតដល់បានកៀរគរប្រមូលផ្តុំធនធានមនុស្ស ជំនាញបច្ចេកទេស ដើម្បីជួយពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ និងបានបង្កើតសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះឡើង។

លោកស្រី បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការបង្កើតសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះឡើង ដែលផែនការនេះគឺជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជន ជាពិសេសសម្រាប់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈផែនការយុទ្ធសាស្រ្តដែលមានចែងក្នុងសៀវភៅនេះ រាជធានីភ្នំពេញ នឹងអាចកាត់បន្ថយបាននូវគ្រោះអាសន្នដែលអាចនឹងកើតមានឡើងជាយថាហេតុ៕ ដោយ៖កូឡាប

spot_img
×