Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ករណី​លោក​ផ្កាយ​មួយ ហេង គា​ហុង ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង វាយ​សន្ដិសុខ​រយះ​ក្បាល

spot_img

​កណ្ដាល ៖ ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល ដែល​ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ បណ្ដាល​ឲ្យ​ដួលសន្លប់ គឺ​ឈ្មោះ ហេង គា​ហុង ពាក់​ផ្កាយ​មួយ ជា​មន្ត្រី​យោធា​នៅ​តុលាការយោធា ចំណុះ​ក្រសួងការពារជាតិ ហើយ​ករណីនេះ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មន្ដ្រី​យោធា​រូបនោះ ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ​បណ្ដាល​ឲ្យ​បែក​ដួលសន្លប់​ក្នុង​ថ្លុកឈាម គឺ​ផ្ដើមចេញពី​រឿង​បាត់​ស្បែកជើង​មួយគូ​របស់​ជនបង្ក ហើយ​ជនបង្ក​ហៅ​ប្រធាន​សន្ដិសុខ​មក​ដោះស្រាយ តែ​ប្រធាន​នោះ​ពន្យារពេល​មិន​ព្រម​មក ទើប​ធ្វើ​ឲ្យ​ជនបង្ក​ខឹងសម្បារ​តែម្ដង​។ រហូតមកដល់​ពេលនេះ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ ហេង គា​ហុង ពាក់​ផ្កាយ​មួយ ជា​មន្ត្រី​យោធា​នៅ​តុលាការយោធា ចំណុះ​ក្រសួងការពារជាតិ ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​សន្ដិសុខ​ម្នាក់ បណ្ដាល​ឲ្យ​ដួលសន្លប់​ក្នុង​ថ្លុកឈាម​។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Sien San» ដែលជា​សន្តិសុខ​រួម​ការងារ​ជាមួយ​ជនរងគ្រោះ​បាន​បង្ហោះ​រូបភាព​ជនរងគ្រោះ​រងរបួស​បែ​ក​ក្បាល និង​ជនដៃដល់​ឈរ​កាន់​កាំភ្លើងខ្លី​១​ដើម​ជិត​នោះ ព្រមទាំង​អម​ជាមួយ​សារ​ខ្លី​នៅវេលា​ម៉ោង​ជា​១​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​នេះ​ថា «​សូម​ឯកឧត្តម​ប្រធាន មេត្តាជួយ​មាន​វិធានការ ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ម្ចាស់​មន្ទីរពេទ្យ​បាន​ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​យើងខ្ញុំ​ផង​»​។

​មន្ត្រីនគរបាល​ស្រុក​អង្គស្នួល​បាន​បង្ហើប​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េង ដក​កាំភ្លើងខ្លី​វាយ​ក្បាល​សិ​ន្តិ​សុខ​បណ្ដាល​ឲ្យ​រងរបួស​បែក​ហូ​ម​ឈាម​មែន ដោយ​ផ្ដើមចេញពី​រឿង​តូច​មួយ​គឺ​ជនដៃដល់​ផ្ទុះ​កំហឹង ខណៈ​បាត់​ស្បែកជើង​ភ្ញៀវ ហើយ​ជនរងគ្រោះ​ដែលជា​សន្តិសុខ​យាម​នៅ​ទីនោះ​អត់​ដឹង​តែប៉ុណ្ណោះ​។ ក្រោយ​បង្កហេតុ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​យកទៅ​សួរនាំ​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×