Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​កណ្ដាល​ឃុំខ្លួន​យោធា​ផ្កាយ​មួយ​ម្ចាស់ គ្លីនិក សុខ ម៉េង ដែល​ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ ព្រោះ​ខឹង​រឿង​បាត់​ស្បែកជើង​មួយគូ​

spot_img

​កណ្តាល​៖ លោក ថោង ផល្លារ​ង្ស៉ី ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​ដីកា​បង្កា​ប់​ឃុំខ្លួន មន្ដ្រី​យោធា​ផ្កាយ​មួយ​ម្ចាស់ គ្លីនិក សុខ ម៉េង ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ចៅក្រម​ស៉ើ​ប​សួរ ថោង ផល្លារ​ង្ស៉ី បាន​ចោទប្រកាន់​មន្ដ្រី​យោធា​ខាងលើ ចំនួន​ពីរ​បទល្មើស រួមមាន ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​និង ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​ក្រមព្រហ្មទណ្ឌ ។​

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឆ្លើយតប​ជូន​បណ្តាញសារព័ត៌មាន សាធារណជន និង​ម្ចាស់​គណនី​ហ្វេ​ស​បុក ឈ្មោះ Sien San ដែល​បាន​ផ្សព្វផ្សាយ​មាន​ខ្លឹមសារ ថា «​សូម​ឯកឧត្តម ប្រធាន មេត្តាជួយ​មាន​វិធានការ​ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ម្ចាស់​មន្ទីរពេទ្យ​បាន​ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​យើងខ្ញុំ​ផង​» ។​

​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ចាត់​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ជា​លទ្ធផល​បានឱ្យដឹងថា​៖​ជា​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​អាវុធខ្លី​) ដែល​កើតហេតុ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១២​និង​៣០​នាទី ចំណុច​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ច្រឹ​ក ស៊ីណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង គា​ហុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ម​ន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េង (​គ្លី​និ​ច​ឯកជន​) និង​ជា​យោធា នៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

​ផលប៉ះពាល់​លើ​ជនរងគ្រោះ គឺ​របួស​បែកក្បាល​ផ្នែក​ខាងឆ្វេង លើ​ត្រចៀក ១​កន្លែង ដេរ​៣​ថ្នេរ ហើយ​វត្ថុតាង​ចាប់យក អាវុធខ្លី​មួយ​ដើម​ម៉ាក​CF98 លេខ​006009 មាន​បង់​ចំនួន​មួយ និង គ្រាប់​ចំនួន​មួយ​។​

​នគរបាល​ខេត្ត បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៨​និង​០០​នាទី ជនរងគ្រោះ​បាន​ទៅ​យាម​ជំនួស​គេ​មួយ​យប់​នៅ​គ្លី​និ​ច សុខ ម៉េង (​កន្លែងកើតហេតុ​)​។ នៅពេល​យាម​ម៉ោង​ប្រហែល​ប្រាំ​ទៀបភ្លឺ ក៏មាន​មនុស្ស​ប្រុស​ម្នាក់ មក​សួរ​ជនរងគ្រោះ​ថា ពូ​សន្តិសុខ​យាម​នៅ​ហ្នឹង​រាល់ថ្ងៃ​ទៅណា​ហើយ ជនរងគ្រោះ​ឆ្លើយថា គាត់​សម្រាក​មួយថ្ងៃ​ហើយ ដោយ​ខ្ញុំ​យាម​ជំនួស​វិញ ពេលនោះ​មនុស្ស​ប្រុស​ម្នាក់​នោះ បាន​ខ្ចីលុយ​ពី​ជនរងគ្រោះ​ចំនួន ៣,០០០៛
(​បី​ពាន់​រៀល​) ជនរងគ្រោះ​ក៏​ឱ្យ​លុយ​ខ្ចី​ចំនួន​បី​ពាន់​រៀល ហើយ​មនុស្ស​ប្រុស​នោះ ក៏​ដើរចេញ​ទៅវិញ
​ដោយ​ឃើញ​មាន​ពាក់​ស្បែកជើង​ចេញទៅ​ដែរ​។ លុះដល់​ម៉ោង​៦​ព្រឹក ទើប​ជនរងគ្រោះ​ចេញទៅ​ផ្ទះ​វិញ​ទៅ​។​

​រហូតដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​ព្រឹក ជនសង្ស័យ​បាន​បាត់​ស្បែកជើង​ស៊ក​ស្បែក​ចំនួន​មួយគូ
​ដែល​ដោះ​ទុក​នៅ​មាត់ទ្វារ​ចូល​គ្លី​និ​ច​របស់ខ្លួន​ធ្វើការ ដោយ​ជនសង្ស័យ​គិតថា​បងប្អូន​អ្នកជំងឺ​យក​ពាក់​សិន​ទើប​មិន​រក​។
​រហូតដល់​ម៉ោង​ប្រាំបី​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ មិនឃើញ​ស្បែកជើង​ទៀត ក៏បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល
​ឃើញ​បុរស​ម្នា​ក់បាន​ឈរ​និយាយ​ជាមួយ​ជនរងគ្រោះ និង​ហុច​លុយ​ឱ្យ​ជនរងគ្រោះ ហើយ​បុរស​នោះបាន​ពាក់​យក​ស្បែកជើង​របស់​ជនសង្ស័យ​ដើរ​ចេញទៅ​។ បន្ទាប់ពី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ហើយ ជនសង្ស័យ​បាន​ទាក់ទង​ទៅខាង​ក្រុមហ៊ុន​សន្តិសុខ ដើម្បី​ហៅ​ជនរងគ្រោះ​មក​ជជែក​គ្នា​ឱ្យដឹង​សាច់រឿង​។ រហូតដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក ជនសង្ស័យ​បាន​ណាត់​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ ឱ្យ​នាំ​ជនរងគ្រោះ​មក​ជជែក​គ្នា​នៅក្នុង​គ្លី​និ​ច
​តែ​មិនឃើញ​មក​សោះ ទើប​ជនសង្ស័យ​ខឹង​ក៏​ជិះឡាន​ទៅផ្ទះ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន រាជធានី​ភ្នំពេញ​វិញ​ទៅ​។ រហូតដល់​ម៉ោង​១២​រសៀល ទើប​ក្រុមហ៊ុន​សន្តិសុខ​ទៅដល់​គ្លី​និ​ច មិនឃើញ​ជនសង្ស័យ ក៏​តេ​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​មក​ជជែក​គ្នា​វិញ​។ លុះដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​ទៅដល់​គ្លី​និ​ច ឃើញ​ជនរងគ្រោះ​ឈរ​នៅមុខ ហើយក៏​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​ខោ មក​វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាលឱ្យ​ដួល ហើយ​ជនសង្ស័យ ក៏​ដើរចូល​ក្នុង​គ្លី​និ​ច​បាត់ទៅ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បុគ្គលិក​ពេទ្យ​យកទៅ​លាង​របួស និង​ដេរ​ចំនួន​បី​ថ្នេរ​។ បន្ទាប់មក​ជនរងគ្រោះ បាន​ទូរស័ព្ទ​រាយការណ៍​ឱ្យ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ដើម្បី​សាកសួរ​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​ទៅ​វាយ​ជនរងគ្រោះ​ពិតមែន
​ដោយសារ​ខឹង​ជួល​ឱ្យមក​យាម បែរជា​ត្រូវ​គ្នា​ជាមួយ​ចោរ​ទៅវិញ​។​

​សូមបញ្ជាក់​ជូន​ថា​៖ តាម​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព ឃើញថា​មាន​មនុស្ស​ប្រុស​ម្នាក់ បានមក​ហុច​លុយ​ឱ្យ​ជនរងគ្រោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×