Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចាប់ផ្តើម​កម្មវិធីសិក្សា​តាម​អន​ឡាញ​ស្តីពី​សង្វាក់​ផលិតកម្ម​បែប​ឌីជីថល​សម្រាប់​ឧស្សាហកម្ម​ ៤.០

spot_img

​ភ្នំពេញ ៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ស​ភ​ភព​) បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ DMG MORI ក្នុង​ការបើក​«​វគ្គ​សិក្សា​ស្តីពី​សង្វាក់​ផលិតកម្ម​បែប​ឌីជីថល​សម្រាប់​ឧស្សាហកម្ម​៤.០ តាម​អន​ឡាញ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកុម្ភៈ​នេះ​។​

​ឧស្សាហកម្ម ៤.០ គឺជា​កូនសោរ​ដែល​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​សម្រេច​គោលដៅ​រយៈពេល​វែង​រប​ស់​ខ្លួន​ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​អភិវឌ្ឍន៍​។ និន្នាការ​សំខាន់​មួយ​នៃ​ឧស្សាហកម្ម ៤.០ គឺ​ស្វ័យប្រវត្តិកម្ម​នៃ​ការផលិត​និង​ការអនុវត្ត​ឧស្សាហកម្ម ពី​បែប​ប្រពៃណី ទៅជា​ស្វ័យប្រវត្តិ ជំនួស​ឱ្យ​ដំណើរការ​ផលិត​បែប​ប្រពៃណី​ដែល​កម្លាំង​ពលកម្ម​របស់​មនុស្ស​ត្រូវ​បាន​ប្រើ​ជា​ចម្បង ការផលិត​បែប​ឌីជីថល​ថ្មី​នឹង​ត្រូវបាន​គាំទ្រ​ដោយ​កុំព្យូទ័រ និង​គ្រឿងយន្ត​រ៉ូ​បូត​។

ក្នុងនាម​ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​នៅ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​សំរេចចិត្ត​បោះជំហាន​ដំបូង​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុ​វិស័យនេះ ដោយ​ប្រើប្រាស់​ធនធាន​ដ៏​ទូលំទូលាយ និង​ពហុ​ជំនាញ​ដ៏​សម្បូរបែប​របស់ ខ្លួន​។​

​ដើម្បី​សំរេច​គោលដៅ​នេះ ស​ភ​ភព បាន​សហការ​ជាមួយ​ក្រុមហ៊ុន DMG MORI ដែលជា​ក្រុមហ៊ុន​លំដាប់​លេខ​មួយ​នៅលើ​ពិភពលោក​ខាង​ផលិត​គ្រឿង​ម៉ាស៊ីន​CNC ដែលជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដ៏​ទំនើប​គ្រប់គ្រង​ដោយ​កុំព្យូទ័រ សម្រាប់​ធ្វើការ​កាត់ ចោះ និង​ក្រឡឹង ដើម្បី​ផលិត​ជា​គ្រឿងបន្លាស់ និង​ផលិតផល​ផ្សេងៗ​។​

​យើង​បាន​អនុវត្ត​គម្រោង​នេះ តាម​គំរូ​ម៉ូ​ឌែ​ល​ជប៉ុន​ដ៏​មានកេរ្តិ៍ឈ្មោះ​សម្រាប់​ន​វា​នុ​វត្ត (​សាន់ កាន កាក​គុ​) ឬ​គំរូ​ម៉ូ​ឌែ​ល Triple Helix នៃ​ការច្នៃប្រឌិត ដែល​ជម្រុញ​សហប្រតិបត្តិការ​ត្រីភាគី រវាង​សាកលវិទ្យាល័យ ឧស្សាហកម្ម និង​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ព្រោះ​វា​គាំទ្រ​ខ្សែសង្វាក់​ផលិតកម្ម​ពេញលេញ ចាប់តាំងពី​ការធ្វើផែនការ រហូតដល់​ផលិតផល​ចុងក្រោយ​។ នេះ​បើ​យោងតាម​លោក បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​លោក​បណ្ឌិត​ថា នាបច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ចំនួន ៣ គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ជប៉ុន និង​អាឡឺម៉ង់​កំពុង​ពិចារណា​ជួយ​យើង​។ លើសពីនេះ​ទៀត UNDP​ក៏​កំពុង​ពិចារណា​ចូលរួម​ដែរ​។ លោក​បន្តថា​ចំពោះ​វិស័យ​ឧស្សាហកម្ម​ឬ​ផ្នែក​ឯកជន ក្រុមហ៊ុន​ធំ​ដែល​ប្រតិបត្តិការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ចំនួន​ពីរ​គឺ Minebea និង Denso កំពុងមាន​ទំនាក់ទំនង​ជាមួយ​ពួកយើង នាពេល​បច្ចុប្បន្ននេះ​។ យើង​នឹង​ពង្រីក​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បណ្ឌិត​ថ្លែងថា​៖« ពិភពលោក​កំពុង​ឆ្ពោះទៅរក​បដិវត្ត​ឧស្សាហកម្ម​ថ្មី​មួយ គឺ ឧស្សាហកម្ម​៤.០ ពីព្រោះ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ជឿថា​បដិវត្ត​នេះ​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​របស់​ពួកគេ​។ ដូច​បដិវត្ត​ឧស្សាហកម្ម​មុនៗ​ដែរ ឥទ្ធិពល​នៃ​បដិវត្ត​នីមួយៗ​មាន​វិសាលភាព​ធំធេង​ខ្លាំងណាស់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​»

​លោក​ថា បដិវត្ត​ឧស្សាហកម្ម​លើក​ទី​៤ នឹង​ធ្វើឱ្យ​ឧស្សាហកម្ម​៣.០​បច្ចុប្បន្ន​ភាគច្រើន លែង​ប្រើ​កើត ដោយសារ​វា​បាត់បង់​សមត្ថភាព​ប្រកួត ប្រជែង​។ លោក​បណ្ឌិត​បន្តថា​ទោះជា​ប្រទេស​កម្ពុជា​នៅ​ឆ្ងាយ​ពី​ឧស្សាហកម្ម​៤.០​ក៏ដោយ រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ក្រសោប​យក​ចក្ខុ​វិស័យនេះ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ឆ្នាំ ២០៣០ និង​២០៥០ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាច្រើន ដូចជា​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម គោលនយោបាយ​ពិពិធ​កម្ម​សេដ្ឋកិច្ច យុទ្ធសាស្ត្រ​អប់រំ STEM និង ការលើកកម្ពស់​ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និង​នវានុវត្តន៍​។

​ចំណែក​ខាង​សាកលវិទ្យាល័យ​វិញ​យើង​ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា​ទាំងអស់​ដែល​ស្ថិតក្នុង​ក្រុម​ចង្កោម​(cluster)​របស់​យើង រួមមាន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។

លោក​បណ្ឌិត ម៉ី កល្យាណ​ថា​៖ យើង​នឹង​ពង្រីក​ទៅ​សាកលវិទ្យាល័យ​បន្ថែមទៀត ប្រសិនបើ​មាន​តម្រូវការ​។ បច្ចុប្បន្ន យើង​រំពឹងថា​និស្សិត​បញ្ចប់​ការសិក្សា​របស់​យើង​នឹង​ធ្វើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​សហការ​ជាមួយ​យើង​បច្ចុប្បន្ននេះ​។ នៅពេល​អនាគត ពួកគេ​ក៏​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ដល់​ឧស្សាហកម្ម​ដទៃទៀត​នៅក្នុង​ប្រទេស​ដើម្បី​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​ផលិតកម្ម​ស្វ័យប្រវត្តិ​ឆ្លាត​វៃ​ថ្មី​នេះ ដែល​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​កម្មន្តសាល​របស់​ប្រទេស ហើយ​នៅ​ទីបំផុត​លើកកម្ពស់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​យើង​ទាំងមូល​។​»

​គួរ​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នឹងត្រូវ​ធ្វើ​ឡើងជា​២​ដំណាក់កាល​គឺ​វគ្គ​ទី​១ និង​វគ្គ​ទី​២​។ វគ្គ​ទី​១ ដែលមាន​ឈ្មោះថា «​សង្វាក់​ផលិតកម្ម​បែប​ឌីជីថល​សម្រាប់​ឧស្សាហកម្ម ៤.០» នឹងត្រូវ​បើក​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ចាប់ពី​ខែកុម្ភៈ ឆ្នាំ ២០២១​។ ការបង្រៀន​ទាំងអស់​នឹងត្រូវ​ផ្តល់​ដោយផ្ទាល់​ពី​អ្នកជំនាញ​មកពី​ក្រុមហ៊ុន​DMG MORI អាល្លឺម៉ង់​ដែលមាន​បទពិសោធ​ន៏ ក្នុងការ​បណ្តុះបណ្តាល​បែប​បែបនេះ​នៅ​ជុំវិញ​ពិភពលោក​។ នៅ​ចុងបញ្ចប់​នៃ​វគ្គ​សិក្សា​ការប្រឡង​នឹងត្រូវ​រៀបចំឡើង ហើយ​វិញ្ញាបនបត្រ​នឹងត្រូវ​ផ្តល់ជូន​ដល់​និស្សិត​។ ការទទួលស្គាល់​វិ​ញ្ញាប​ន​ប័ត្រ​ដោយ​DMG MORI ត្រូវបាន​រៀបចំឡើង ដើម្បី​ធានា​គុណភាព​កម្មវិធី​អប់រំ​លំដាប់​ពិភពលោក​ដល់​និស្សិត និង​ឧស្សាហកម្ម​របស់​យើង​។​

សម្រាប់​វគ្គ​ទី​២ ការរៀនសូត្រ​នឹងត្រូវ​បានធ្វើ​ឡើងជា​មួយ​ម៉ាស៊ីន​ពិតប្រាកដ ដើម្បីឱ្យ​សិស្ស​របស់​យើង​អាច​ទទួលបាន​ទាំង​ចំណេះដឹង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​លើកកម្ពស់​គុណភាព​បន្ថែម​មួយកម្រិត​ទៀត ដោយ​អនុញ្ញាត​មានការ​បញ្ចូល​បញ្ហា​ឧស្សាហកម្ម​ជាក់ស្តែង​នៅក្នុង​ការបណ្តុះបណ្តាល​។ ។ តំណាក់កាល​នេះ​នឹង​ជួយ​ឱ្យ​កម្មវិធី​សមត្ថភាព​ក្នុងការ​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ឧស្សាហ​កម្មពិតៗ​។

​ទោះជា​យ៉ាងនេះ​ក្តី លោក​បណ្ឌិត​កល្យាណ​ថ្លែងបន្តថា​៖«​ការព្រួយបារម្ភ​ចម្បង​របស់​យើង​នៅពេលនេះ​គឺ​ការអនុវត្ត​ជាក់ស្តែង​ដំណាក់កាល​ទី ២ ពីព្រោះ RUPP មិនទាន់មាន​ធនធាន​សម្រាប់​សាងសង់​ទីកន្លែង ទិញ​ម៉ាស៊ីន និង​សម្ភារៈ និង​ផ្តល់​មូលនិធិ​ដល់​ប្រតិបត្តិការ​នេះ​នៅឡើយ​ទេ​។ ក្រុមការងារ​របស់​យើង​កំពុងធ្វើការ​អំពាវនាវ​រក​ការគាំទ្រ​បន្ថែមទៀត​នៅពេលនេះ​។ ហើយ​យើង​ត្រូវការ​ការគាំទ្រ​ពី​ដៃគូ​សប្បុរស​ទាំងអស់​ស​ម្រា​ប់​បុព្វហេតុ​ដ៏​ថ្លៃថ្នូ​នេះ​។ ភាពជោគជ័យ​នៃ​គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​ទាំង​មូល ព្រោះ​វា​នឹង​ដើរតួ​ជា​គំរូ​ជោគជ័យ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ ឧស្សាហកម្ម និង​រដ្ឋាភិបាល​ឆ្ពោះទៅរក​ឧស្សាហកម្ម ៤.០​។​៕» រក្សាសិទ្ធដោយ ៖ CEN

spot_img
×