Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំណត់​ការិយាល័យ​និពន្ធ អង្គភាព​ព័ត៌មាន CEN ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​នា​ថ្ងៃទី ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១)

spot_img

​ភ្នំពេញ​៖ អង្គភាព​ព័ត៌មាន CEN យើងខ្ញុំ​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ ដោយ​សូម​នាំយកមក​ជូន​ប្រិយមិត្ត​អ្នកអាន​ជាទីគោរព​នូវ​អត្ថបទ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទិន​នឹង​ព្រឹ​ត្ត​ការណ៍​ដ៏​មាន​អត្ថន័យ និង​ខ្លឹមសារ​ដ៏​ជ្រាលជ្រៅ ចាក់​ជ្រៅ​ទៅក្នុង​ជីវភាព​សង្គម​នៃ​ប្រជាជន​កម្ពុជា​យើង​ជាទូទៅ​មកទល់​បច្ចុប្បន្ន ហើយ ៧ មករា ២០២១ ដែល បន្ត​មកពី ៧​មករា ១៩៧៩ គឺជា ៧ មករា ថ្មី​សន្លាង​មួយ ពោលគឺ “៧​មករា ជាមួយនឹង​តំណក់​ប្រេង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ត្រូវបាន​ជូនដំណឹង​ជាដំបូង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៃ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នា​វេលា​ព្រឹក​ព្រហាម ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០” កន្លងទៅ​ថ្មីៗ​នេះ​។​

“​ដកស្រង់​សុន្ទរកថា លោក រស់ សម័យ អតីត​អគ្គលេខាធិការ​នៃ​មជ្ឈិម​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​១៩៧៩” បច្ចុប្បន្ន ឯកឧត្តម រស់ សម័យ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ប្រទេស​កម្ពុជា ពួក ប៉ុល ពត បាន​អនុវត្ត​នូវ​គោលនយោបាយ​ប្រល័យពូជសាសន៍​ប្រកបដោយ​សោកនាដកម្ម គាបសង្កត់​ប្រជាជន​ឲ្យ​ធ្វើ​ពលកម្ម​យ៉ាង​លំបាក​វេទនា ធ្វើទុក្ខបុកម្នេញ​យ៉ាង​សាហាវឃោរឃៅ មកលើ​ប្រជាជន​កម្ពុជា ប្រែក្លាយ​សាលារៀន វត្ត​អារាម​ទៅជា​គុក បង្កើតឡើង​នូវ​រណ្តៅ​សាកសព​ជា​សមូហភាព នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។​

​ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ចុងឆ្នាំ​១៩៧៨) របប ប៉ុល ពត បានសម្លាប់ ប្រជាជន​កម្ពុជា​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​អស់​ជាង​៣​លាន​នាក់ លុបបំបាត់ចោល​នូវ​រាល់​មូលដ្ឋាន​ផលិតកម្ម​សង្គម លុបបំបាត់ចោល​នូវ​ទីក្រុង​-​ប្រជុំជន លុបបំបាត់ចោល​ផលិតកម្ម​ឧស្សាហកម្ម និង​សិប្បកម្ម ទំនាក់ទំនង​រូបិយប័ណ្ណ ជំនួញ​ជួញដូរ និង​បាន​រុញច្រាន​កម្ពុជា​ដល់​មាត់ជ្រោះ​នៃ​វិនាសកម្ម​សម្លាប់​រង្គាល​។ របប​ងងឹតងងល់​អ​ន្ធ​ការ​ដ៏​គួរ​ឲ្យ​អាម៉ាស បាន​គ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ដ៏​ឈឺចាប់ “​កម្ពុជា​ដែល​គ្មាន​សេរីភាព​ក្នុងការ​ដើរហើរ ប្រជុំ​ប្រមូលផ្តុំ គ្មាន​សេរីភាព​បញ្ចេញមតិ សេរីភាព​ខាង​ជំនឿ​សាសនា គ្មាន​សេរីភាព​ក្នុងការ​សិក្សា សេរីភាព អាពាហ៍ពិពាហ៍ គ្មាន​មន្ទីរពេទ្យ គ្មាន​ចាយលុយ គ្មាន​ផ្សារផ្សោ គ្មាន​វត្ត​អារាម ហើយ​គ្មាន​ទាំង​ទឹកភ្នែក​សម្រាប់​យំសោក​នៅ​ចំពោះមុខ​នៃ​ការឈឺចាប់​របស់​ប្រជាជាតិ​ខ្លួនឯង​ផង ហើយ​នៅសល់តែ​ម្យ៉ាង​ប៉ុណ្ណោះ​គឺ គំនុំ​ចងកំហឹង និង​និរាស​ព្រាត់ប្រាស​” ។​

​ក្រោយពី​ការ​ងើបឈរ​ឡើង​នៃ​កងកម្លាំងប្រដាប់អាវុធ​បដិវត្ត​កម្ពុជា នៅ​ភូមិភាគ​បូ​ណ៌​នា​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​១៩៧៨ ទាំ​ហាន ប៉ុល ពត បាន​បង្កើត​ការ​រា​ត្បា​ត​កំទេច​ផ្ទៃក្នុង​ខ្លួនឯង​ផង និង​ត្រូវ​ប្រឈមមុខ​នឹង​កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា​ផង នៅតែ​បន្ត​ធើ្វ​សកម្មភាព តាម​កន្លែង​ជាច្រើន​។ ដើម្បី គាំពារ​កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍ កម្ពុ​ជាំ​អោយ​ស្ថិតស្ថេរ​គង់វង្ស និង រីកចម្រើន​ទៅបាន ទើប​ចាប់ពី​ថ្ងៃទី ១៤ ខែមិថុនា រហូតដល់ ៣០ ខែកញ្ញា ឆ្នាំ ១៩៧៨ វៀតណាម បាន​ប្រើប្រាស់​កម្លាំង​ទ័ព​នៃ​យោ​ភូមិភាគ​៣ , យោធភូមិភាគ​៤ និង​កម្លាំង​ពីរ​កងពល (​ចំណុះអោយ​យោធភូមិភាគ​៥) បើក​យុទ្ធនាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ទិស​ផ្លូវ លេខ​១៩ រាប់សិប​គីឡូម៉ែត្រ វាយកម្ទេច​បាន​នូវ​ផ្នែក​មួយចំនួន នៃ​កម្លាំង​សត្រូវ បណ្តាលអោយ​កម្លាំង​នៃ ទាហាន ប៉ុល ពត ចុះខ្សោយ​មួយ​ជំហាន​។​

​មិនមែន​ជាការ​ចៃដន្យ​នោះទេ តាំងពី​ពេលនោះ​មក កងទ័ព ប៉ុល ពត ធ្លាក់​ក្នុង​សភាព​រង្គោះរង្គើ​ហើយ កងពល​មួយចំនួន នៃ​កង​ទាហាន ប៉ុល ពត ត្រូវ​រង​បរាជ័យ​និង​បាក់ទ័ព ខ្ចាត់ខ្ចាយ ដោយ​ប្រឈមមុខ​ទៅនឹង​សមរភូមិ​ទាំងពីរ ទាំង​សមរភូមិ តាម​បណ្តា​យ​ព្រំដែន ទាំង​សមរភូមិ​នៅ​ផ្ទៃ​ប្រទេស​។ កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា​បាន​ក្រោកឈរឡើង បង្កើតបានជា​មូលដ្ឋានទ័ព នៅតាម​តំបន់​សំខាន់ៗ ជាច្រើន ហើយ​បាន​ពឹង​អាស្រ័យ​លើ​ប្រជាជន ដោយ​កសាង​សាច់​ទ័ព​បាន​ធើ្វ​អោយ ប៉ុល ពត ស្ថិត​នៅក្រៅ​រង្វង់​ប្រយុទ្ធ និង​ធ្វើអោយ​ទ័ពស្រួច ប៉ុល ពត ចុះថមថយ​កម្លាំង​យ៉ាងធ្ងន់ធ្ងរ​។​

​ក្នុងអំឡុងពេល​ពី​ខែ ឧសភា ដល់ វិច្ចិកា ១៩៧៨ វៀតណាម​បាន​ជួយ​កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍​កម្ពុជា ពង្រីក​ខ្លួន​បាន​ដល់​ទៅ ៥ កងវរៈសេនាធំ , ៥ កងវរៈសេនាធំ ធ្វើជា​ជំនួយ​ដល់ ២៤​ក្រុម ក្នុងពេលនោះ យោធា​សកម្ម​កសាងបាន​នូវ​អង្គភាព ចាត់តាំង​បក្ស ត្រៀម​បង្កើត​អង្គការ​រណសិរស្ស និង​រចនាសម្ព័ន្ធ​ដឹកនាំ​។ ដោយមាន​ការជួយ​ទំនុកបម្រុង​ពី​វៀតណាម រណសិរស្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​០២ ខែធ្នូរ ឆ្នាំ​១៩៧៨ នៅ​ឃុំ​ជើង​ឃ្លូ ស្រុក​ស្នូល ខេត្តក្រចេះ ប្រទេស​កម្ពុ​ជាំ ។​រណសិរស្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បានប្រកាស​បង្ហាញមុខ ជា​ឱ​ឡា​ឫក ព្រមទាំង​បានប្រកាស​ចេញ​នួវ គោលនយោបាយ ១១ ខ ដែល​ក្នុងនោះ​បានបញ្ជាក់​យ៉ាងច្បាស់​នូវ​ការ​បេ្ត​ជ្ញា សាមគ្គីភាព ប្រមូលផ្តុំ​រាល់​កម្លាំង​ស្នេហា​ជាតិ វាយ​ផ្តួលរំលំ បន​ប្រតិកិរិយា​ប៉ុល ពត លុបបំបាត់ចោល​នូវ​របប​ប្រល័យពូជសាសន៍ សាហាវព្រៃផ្សៃ បង្កើតឡើង​នូវ​របប​ប្រជាធិបតេយ្យ​។

​រណសិរស្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏បាន​បង្កើន​សាមគ្គីភាព រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​វៀតណាម និង​ប្រជាជន​ស្នេហា​សន្តិភាព និង​សច្ចៈ​ធម៌​លើ​ពិភពលោក អំពាវនាវ​ដល់​រដ្ឋាភិបាល អង្ការ​អន្តរជាតិ​នានា​លើ​ពិភពលោក អោយជួយ​កម្ពុជា លើ​គ្រប់​វិស័យ ដើម្បី​បុព្វហេតុ តស៊ូ​ដ៏​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា​។ ស្ថិតនៅ​ចំពោះមុខ អំពើ​ឈ្លានពាន​របស់​ទាហាន ប៉ុល ពត និង​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​រួម​ជាមួយនឹង​កងកម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា បាន​បើក​យុទ្ធនាការ​វាយប្រហារ នៅតាម​ខ្សែបន្ទាត់​បណ្តោយ​ព្រំដែន ។ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​១៩៧៨ ខ្សែត្រៀម​ការពារ​ជួរមុខ របស់​ទាហាន ប៉ុល ពត ត្រូវបាន​បំផ្លិច​​បំផ្លាញ​ហើយ​មកដល់ ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​១៩៧៨ កងទ័ព និង​ប្រជាជន​យើង បានសម្រេច​នូវ​ភារកិច្ច​វាយ​ផ្ដួលរំលំ​ទាហាន ប៉ុល ពត និង​ដណ្តើមបាន​កាន់កាប់​វិញ​នូវ​បូរណភាព​ទឹកដី​នៃ​មាតុភូមិ ដែល​សត្រូវ​ដណ្តើមយក​ទៅកាន់​កាប់​អស់​ជាង​៣​ឆ្នាំ​។​

​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៧៩ កងពលធំ​ទ័ពស្រួច​របស់ ប៉ុល ពត ចំនួន​៥ ដែល​ក្នុងនោះ មួយ​កងពលធំ​ទ័ពស្រួច​រួមមាន ៥​កងពល បានធ្វើការ​រារាំង​ដំណើ​រ​ទៅមុខ​នៃ​ក្បួនទ័ព​ឆ្ពោះទៅ​ភ្នំពេញ (​តាមផ្លូវ​ជាតិ​លេខ​១ លេខ​៧ និង​លេខ​២) ត្រូវបាន​ទ័ព​យើង​កម្ទេច និង​រត់​បាក់ទ័ព​ខ្ចាត់ ខ្ចាយ​អស់​គ្មាន​សល់​។​

​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងកម្លាំងប្រដាប់អាវុធ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចាប់ផ្តើម​ប្រមូលផ្តុំ​បើក​យុទ្ធនាការ​វាយ​សម្រុក​ឆ្ពោះទៅកាន់ រដ្ឋធានី​ភ្នំពេញ ហើយពីរ​ថ្ងៃ​ក្រោយមក ពោលគឺ នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ រដ្ឋធានី​ភ្នំពេញ​ត្រូវបាន​រំដោះ​ទាំងស្រុង​ពី​បន​ប្រល័យពូជសាសន៍ ប៉ុល ពត ។​

​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​១៩៧៩ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយមាន​សេចក្តីថ្លែងការណ៍​ជាអាទិ៍​ថា លុបបំបាត់ចោល​ទាំងស្រុង​នូវ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​, បង្កើត​ឡើងវិញ​នូវ​របប​នយោបាយ​សាធារណរដ្ឋ​ប្រជា​មា​តិ​តុ​កម្ពុជា ។ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​ត្រូវបាន​រំដោះ​ទាំងស្រុង ទាហាន ប៉ុល ពត ភាគច្រើន​ត្រូវបាន​វាយកម្ទេច​និង​រត់​បាក់ទ័ព​ខ្ចាត់ខ្ចាយ រីឯ​ចំនួន​ដែល​នៅ​សេសសល់ បានរ​ត់ទៅ​ជ្រក​ពួន​នៅឯ​ព្រំដែន​ខាងលិច និង​ខាង​ទិសពាយ័ព្យ​នៃ​កម្ពុជា​។​

​ពីថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​១៩៧៨ ដល់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងទ័ព​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​កម្ទេច និង​ធ្វើអោយ​កងទ័ព ប៉ុល ពត ចំនួន ១៨​កងពល​រត់​បាក់ទ័ព​ខ្ចាត់ខ្ចាយ , កងទ័ព ប៉ុល ពត ១២,០០០​នាក់​ស្លាប់ ចាប់រស់ ៨,៨០០​នាក់ ចុះចូល​សារភាព ៣,២០០​នាក់ និង​បាក់ទ័ព​ខ្ចាត់ខ្ចាយ​នៅនឹងកន្លែង ៤៤,០០០​នាក់ រំដោះ ប្រជាជន​កម្ពុជា​បាន​ជាង ៤​លាន​នាក់ រឹបអូស​បាន​ទាំងស្រុង​នូវ​មូលដ្ឋាន​សម្ភារ​:​សឹក និង​មធ្យោបាយ​បច្ចេកទេស​របស់​ទាហាន ប៉ុល ពត វាយកម្ទេច​ក្បាលម៉ាស៊ីន​ត្រួតត្រា​របស់​បន​ប្រតិកិរិយា ប៉ុល ពត ទាំងពី​ម​ជ្ឃិ​ម​រហូតដល់​មូលដ្ឋាន​។​

​ក្នុង​រយៈពេល​តតាំង​សង្គ្រាម​ជិត​ពីរ​ឆ្នាំ ទាហាន ប៉ុល ពត បានសម្លាប់ និង​ចាប់​ប្រជាជន វៀតណាម​នៅតាម​ឃុំ​នានា តាម​បណ្តោយ​ព្រំដែន​ជាង ៣​ម៉ឺន​នាក់ , ប្រជាជន​វៀតណាម ៤០០,០០០​នាក់ គ្មាន​ផ្ទះសម្បែង​ជ្រកកោន ផ្ទះសម្បែង​ជាង ៣​ពាន់​ខ្នង ត្រូវបាន​ពួកវា​បំផ្លាញ ចោល (​យោងតាម​ស្ថិតិ​នៃ​សៀវភៅ​ពហុ​វចនាធិប្បាយ យោធា​វៀតណាម​ភាគ​I ហាណូយ ២០១៥ ទំព័រ​៣៦១) ។​

​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ជ័យជម្នះ​
ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩ មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​ចំពោះ​ជោគវាសនា​នៃ​ប្រទេស​កម្ពុជា ទិវា​នេះ​បាន​លុបបំបាត់ចោល​ទាំងស្រុង​នូវ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បង្កើតឡើង​នូវ​របប​សាធារណរដ្ឋ​ប្រជា​មា​តិ​តុ​កម្ពុជា សង្គ្រោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​គ្រោះមហន្តរាយ​នៃ​អំពើ​ប្រល័យពូជសាសន៍ (​ឈាម​ហូរ​ជា​ស្ទឹង ឆ្អឹង​គរ​ជា​ភ្នំ​) ដណ្តើមបាន​មកវិញ​នូវ​សិ​ទិ្ធ​រស់រាន​មាន​ជិវិត សិ​ទិ្ធ​ធ្វើជា​មនុស្ស និង​ឈានចូល​ទំព័រ​សករាជ​ថ្មី ឯករាជ្យ និង​សេរីភាព​ពិតប្រាកដ ធ្វើ​ឲ្យ​ប្រទេសជាតិ និង ប្រជាជន បាន​រស់​ឡើងវិញ កសាង​ជីវភាព​រស់នៅក្នុង​សន្តិភាព​ដ៏​ស្រស់បំព្រង​។​

​ទិវា​មហា​ជ័យជម្នះ ៧ មករា ១៩៧៩ គឺជា​ជ័យជម្នះ​រួម​របស់​ប្រជាជន​ទាំងពីរ ប្រទេស​វៀតណាម និង​កម្ពុជា ដែល​ស្តែងចេញ​នូវ​កម្លាំង​នៃ​ស្មារតី​សាមគ្គីភាព​ដ៏​ស្មោះសរ រួម​ធ្លុង​តែមួយ អស់ពី​វាចា​ចិត្ត​រវាង​ប្រជាជាតិ​ទាំងពីរ វៀតណាម​-​កម្ពុជា ពូន​ជ្រុំ​ចំណង​សាមគ្គីភាព មិត្ត​ភាពជា ប្រពៃណី និង​សហការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ដោយ​ឈរលើ​គោលការណ៍​សន្តិភាព គោរព​ឯករាជ្យ បូរណភាព​ទឹកដី រវាង​គ្នា និង​គ្នា​ទៅវិញទៅមក គោរព​ផលប្រយោជន៍​ត្រឹមត្រូវ សមរម្យ​ទៅវិញទៅមក ដើម្បី​វឌ្ឍនភាព និង​ភាពសំបូររុងរឿង​នៃ​ប្រទេស​នីមួយៗ ។​

​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បានរួម​ចំណែក​វិភាគទាន​ដល់​ស្ថិរភាព ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅលើ​សាកលលោក​ផង ដែល​តស៊ូ​បកអាក្រាត​របប​ប្រកាន់​ពូជ សាសន៍ ពណ៌​សម្បុរ របប​ផ្តាច់ការ ព្រមទាំង​បាន​ផ្ញើ​សារ​ដល់​មនុស្សជាតិ​លើ​ពិភពលោក​យើង ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះមុខ​នៃ​គ្រោះមហន្តរាយ​នៃ​លទ្ធិ​ជាតិនិយម ចង្អៀតចង្អល់ និង​លទ្ធិ​ហ្វា​ស៊ី​សបែប​ថ្មី ៕ រក្សា​សិទ្ធិ ដោយ CEN​

spot_img
×