Wednesday, May 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ត្រូវបាន​ជ្រើសតាំង​គួរឱ្យកត់សម្គាល់ ៣​រូប សម្រាប់​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart

spot_img

​ភ្នំពេញថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១៖ អ្នករត់​រយៈ​ចម្ងាយ​ឆ្ងាយ អ្នក​ជួយ​សហ​គន៍​ខ្មែរ​អ៊ីស្លាម និង​អ្នកប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ផ្តល់​ការអប់រំ​ដល់​កុមារ​ក្រីក្រ ពលរដ្ឋ​ទាំងនេះ​គឺ​គ្រាន់តែ​ជា​បុគ្គល​មួយចំនួន​ប៉ុណ្ណោះ​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​ដ៏​គួរឱ្យកត់សម្គាល់​បំផុត​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​
​យុទ្ធនាការ​ស្វែងរក​ព​ល​រដ្ឋ​គំរូ​របស់​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​កាលពី​ខែ​មុន ហើយ​ថ្ងៃ​ផុតកំណត់​នៃ​ការជ្រើសតាំង​គឺ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។​

​អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នឹង​ឈ្នះ​រង្វាន់​ធំ​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។​
​លោក លី តុលា ដែល​បាន​ជ្រើសតាំង​លោក អួន បឋម ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ឈ្មោះ​ក្រៅ​ថា សាយ បាន​ថ្លែងថា​៖ “​ដោយសារតែ​សកម្មភាព​ដ៏​អស្ចារ្យ​របស់គាត់​នឹង​បង្ហាញ​ផ្ទាល់​ដល់​យុវជន​ថា​សកម្មភាព​ជួយ​ដល់​សង្គម​សំខាន់​ប៉ុណ្ណា​មិន​ថា​តូច​ឬ​ធំក្តី​។ ជា​ក្តីសង្ឃឹម​សម្រាប់​យុវជន​ជំនាន់​ក្រោយ ជាពិសេស​គឺ​កុមារ​ដើម្បីឱ្យ​ពួកគេ​ទាំងអស់​ទទួលបាន​ឱកាស​ដូចគ្នា ធំធាត់ មាន​សុខ​ភាពល្អ និង​ក្លាយជា​យុវជន​ជំនាន់​ក្រោយ​ដ៏​ល្អ​”​។​

​បន្ទាប់ពី​ដឹងថា​លោក​ត្រូវបាន​ជ្រើសតាំង លោក សាយ បាន​ថ្លែងថា នៅក្នុង​ខួបកំណើត​អាយុ ៣០​ឆ្នាំនេះ លោក​ចង់​ធ្វើអំពើ​ល្អ​មួយ​ដល់​ប្រទេសជាតិ​របស់គាត់​។​

​លោក សាយ បាន​ថ្លែងថា​៖ “​សម្រាប់​ខ្ញុំ​ផ្ទាល់ គឺមាន​អារម្មណ៍​សប្បាយចិត្ត​នៅពេលដែល​គេ​បានឃើញ​នូវ​អំពើ​ល្អ​របស់ខ្ញុំ​ហើយ​និង​ក្រុម​របស់ខ្ញុំ ដែល​យើង​កំពុងតែ​ស្វះស្វែង​ធ្វើ​ការរត់​ទូទាំងប្រទេស រៃអង្គាស​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែលជា​សកម្មភាព​សង្គម​មួយ​”​។​
​លោក សាយ បានបញ្ចប់​ការរត់​ចម្ងាយ​ផ្លូវ ២.២២០​គីឡូម៉ែត្រ​រួចហើយ​គិត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ជា​ផ្នែក​មួយ​នៃ​ចំណាយ​ផ្លូវ​សរុប​ចំនួន ២.៣៩១​គីឡូម៉ែត្រ ហើយ​លោក​គ្រោង​បញ្ចប់​ការរត់​ចម្ងាយ​ផ្លូវ​ដ៏​វែង​នេះ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ​។​

​លោក អែល ម៉ាត់ ក៏​ត្រូវបាន​ជ្រើសតាំង​ផងដែរ​ដោយសារ​មានការ​ទទួលស្គាល់​លើ​ការងារ​ជំនួយ​សប្បុរសធម៌​ដែល​គាត់​បាន​ផ្តល់ទៅឱ្យ​សហគមន៍​របស់គាត់​។ លោក អែល ម៉ាត់ បាន​រៃអង្គាសប្រាក់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា និង​មនុស្ស​ចាស់ជរា​។​
​លោក កូប ហាសាន់ ដែលជា​អ្នក​ជ្រើសតាំង​លោក អែល ម៉ាត់ បាន​ថ្លែងថា​៖ “​ខ្ញុំ​ជ្រើស​រើសយក​គាត់ [​អែល ម៉ាត់​] នឹង​គឺ​ដោយសារ​គាត់​ធ្វើការ​អត់​ចង់បាន​អ្វី​ទាំងអស់ សូម្បីតែ​ប្រាក់ខែ​ក៏​គាត់​អត់​មាន​ដែរ​។ តែ​ខ្ញុំ​ឃើញ​គាត់​ប្រឹងប្រែង​ធ្វើ​មែនទែន​”​។​
​បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ការជ្រើសតាំង​រូបគាត់ លោក អែល ម៉ាត់ បាន​ថ្លែងថា​៖ “​ការពិត​ខ្ញុំ​គ្មាន​លុយកាក់​ទេ ប៉ុន្តែ​មាន​ទឹកចិត្ត មានគំនិត​មួយ​ចង់អោយ​អ្នកភូមិ​អ្នកស្រុក​ឲ្យ​មាន​ជីវភាព​ធូរធារ មានការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​ឲ្យ​មាន​”​។​

​លោក​បាន​បន្ថែមថា​៖ “​បើសិនជា​ខ្ញុំ​បាន​ជ័យជំនះ ទីមួយ​លុយ​នឹង​ខ្ញុំ​មិន​យក​ខ្លួនឯង​ទាំងអស់​ទេ គឺ​ខ្ញុំ​ចែក​ជួយ​អ្នកក្រីក្រ ក្មេង​កំព្រា ចាស់ជរា​មួយផ្នែកធំ​”​។​
​អ្នក​ត្រូវបាន​ជ្រើសតាំង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ផ្សេងទៀត​គឺ​លោក អ៊ុក យុទ្ធ រស់នៅ​ខេត្តក្រចេះ​។ អ្នក​ជ្រើសតាំង​ចំនួន ៥​នាក់ បាន​ជ្រើសតាំង​រូបគាត់​ដោយសារ​ការងារ​ដែល​គាត់​ធ្វើ​ជាមួយ​កុមារ​ក្រីក្រ​។​
​និយាយ​អំពី​មូលហេតុ​ដែល​គាត់​បាន​ជ្រើសតាំង​លោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុក​ចរិយា បាន​ថ្លែងថា​៖ “​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​លោក យុទ្ធ ធ្វើជា​ពលរដ្ឋ​គំរូ គឺ​ដោយសារតែ​គាត់​ជួយ​សម្រួល​ដល់​កុមារ​នៅក្នុង​សហគមន៍​ឱ្យមក​សិក្សា​ដោយ​មិនចាំបាច់​បង់ប្រាក់​ទៅលើ​មុខវិជ្ជា​ភាសា​អង់គ្លេស​”​។​
​លោក អ៊ុក យុទ្ធ ដែលជា​អ្នកសម្របសម្រួល​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ន៏​តាម​ជនបទ ដែលជា​អង្គការ​សហគមន៍​មួយ​ប្រតិបត្តិការ​ក្នុង​ខេត្តក្រចេះ​បាន​ថ្លែងថា​៖ “​យើង​ផ្ដោតទៅលើ​កុមារ​ដែល​ក្រីក្រ កុមារ​ដែល​មកពី​តំបន់​ជិតខាង ដូចជា​នៅ​តំបន់​ចុង​ជ្រោយ ក្នុងភូមិ​អូរ​ឬ​ស្សី​១​នេះ​។ ដោយសារ​មើលឃើញ​ពី​ការលំបាក​ផ្នែក​ភាសា និង​ការលំបាក​ក្នុង​វិស័យ​អប់រំ អញ្ចឹង​ទើប​សម្រេចចិត្ត​ធ្វើ​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយ​ដល់​ក្មេង​ទាំងនោះ ជាពិសេស​ក្មេង​ដែល​មកពី​គ្រួសារ​ក្រីក្រ ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ ហើយ​និង​ពិបាក​ក្នុង​ការអាន​”​។​

​លោក​បាន​បន្ថែមថា​៖ “​បើសិនជា​មានឱកាស​ឈ្នះ​ពិតប្រាកដ​មែន យើង​នឹង​យក​ថវិកា​នេះ​មក​អភិវឌ្ឍ​កន្លែង​របស់​យើង អភិវឌ្ឍ​កុមារ​នៅទីនេះ ឲ្យ​បាន​ប្រសើរ​ជាង​មុន​”​។​
​អ្នក​ជ្រើសតាំង​យ៉ាងច្រើន​បាន​ផ្ញើ​ការជ្រើសតាំង​របស់​ពួកគេ​សម្រាប់​មនុស្ស​ដែល​ពួកគេ​ជឿថា​បានធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬ​ខេត្ត​របស់ខ្លួន​។​
​អ្នក​ជ្រើសតាំង​ត្រូវបាន​អនុញ្ញាតឱ្យ​ជ្រើស​តាំងតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​។ ហើយ​អ្នក​ជ្រើសតាំង​ទាំងនោះ​ត្រូវ​ផ្តល់ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ត្រូវបាន​ជ្រើសតាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពី​អំពើ​ល្អ ដែល​ជួយ​ឱ្យ​បុគ្គល​រូបនោះ​ត្រូវបាន​ជ្រើសតាំង​។​
​អ្នក​ជ្រើសតាំង​ក៏ត្រូវ​បានស្នើ​សុំឱ្យ​ផ្តល់​រូបថត​ឌីជីថល ឬ​វីដេអូ​ទៅតាម​ជម្រើស​របស់​ពួកគេ​ផងដែរ​។ អ្នក​ត្រូវបាន​ជ្រើសតាំង​សាក​សម​បំផុត នឹង​ត្រូវបាន​ទាក់ទង​ដោយ​អ្នករៀបចំ​កម្មវិធី ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​សាវ​តា​របស់​ពួកគេ ព្រមទាំង​អំពើ​ល្អ​ដែល​ជួយ​ឱ្យ​ពួកគេ​ត្រូវបាន​ជ្រើសតាំង​។ ក្រោយមក អ្នក​រៀប​កម្មវិធី នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​របស់​អ្នក​ត្រូវបាន​ជ្រើសតាំង​នោះ​។ រាល់​ការផ្សាយ​គឺជា​ឆន្ទានុសិទ្ធិ​របស់​អ្នករៀបចំ​ការ​កម្មវិធី​។​
​អ្នក​របៀប​ចំ​កម្មវិធី គ្រោង​នឹង​ជម្រុះ​បេក្ខជន​មក​នៅត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ ដែល​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជ័យលាភី នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ ដែលមាន​សមាសភាព​បី​រូប​។ ឈ្មោះ​សមាសភាព​របស់​គណៈកម្មកា​រ​នឹងត្រូវ​បានប្រកាស​នៅ​ដើមឆ្នាំ​២០២១​។​
​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ​មានបំណង​បង្ហាញឱ្យឃើញ​នូវ​អំពើ​ចេះ​ជួយ​យកអាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia​ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​
​អំពី​ក្រុមហ៊ុន Smart
​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​
​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​
​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​ ​
-​ចប់​-

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A មហាវិថី​ព្រះមុនីវង្ស ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ី​ម៉ែ​ល​៖​ ​koam.tivea@smart.com.kh៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×