Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ ក្រោម​ទស្សនាទាន​ថ្មី​គឺ គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ នា​សម័យ​កូ​វីដ​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារលិខិត​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ ថ្ងៃ​ចន្ទ ទី ១១ ខែ មករា ឆ្នាំ ២០២១ ក្រោម​ទស្សនាទាន​ថ្មី​គឺ គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​។​

​ក្នុងឱកាស ដ៏​មាន​អត្ថន័យ​នៃ​ការប្រកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ ក្តី​សោមនស្ស​រីករាយ យ៉ាង​ក្រៃលែង និង​សូម​ចូលរួម​ប្រកបដោយ​ភាពស្និទ្ធស្នាល​ជាមួយ​បងប្អូន​ជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និស្សិត​ទាំងអស់​គ្រប់​ភូមិ​សិក្សា​ដែល​បាននិងកំពុង​សស្រាក់សស្រាំ​រៀបចំខ្លួន ដើម្បី​អបអរសាទរ ពិធី​នេះ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង ។​

​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល ទើប នឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ត្រឡប់​មកកាន់​សាលារៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្មួយៗ ជា​សិស្សានុសិស្ស និស្សិត និង​ជា​កុលបុត្រ កុលធីតា​ជាទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នា បន្ទាប់ពី​បាន​ឆ្លងកាត់ និង​ទទួល​នូវ​បទពិសោធន៍​នៃ​ការអប់រំ​ក្នុងសម័យ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបី ក្នុង​រូបភាព​ខុសៗ​គ្នា​យ៉ាងណាក៏ដោយ ។ សម្តេច​តេ​ជោ សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈ​គ្រប់គ្រង​សាលារៀន ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុងការ​គាំទ្រ និង​ផ្តល់នូវ​ការរៀនសូត្រ​ដល់​សិស្សានុសិស្ស និស្សិត​តាម​គ្រប់​រូបភាព ក្នុងអំឡុងពេល​នៃ​ការប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩​។​

​ថ្វី​ត្បិត​ឆ្នាំនេះ ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​-១៩ និង​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រារព្ធ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដ៏​មាន​សារៈសំខាន់​នេះ ក្រោម​ទស្សនាទាន​ថ្មី​គឺ គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ ។​

​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ ដ៏​មាន​ប្រសិទ្ធភាព ឆ្លើយតប​នឹង​ការបង្ការ​និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្តោតលើ​៖ ១).​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ២) . ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់​អនាម័យ និង​ទឹកស្អាត​នៅតាម​សាលារៀន ៣) .​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក និង​ការផ្តល់សេវា​រៀនសូត្រ​ពី​ចម្ងាយ និង ៤).​ការអនុញ្ញាតឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា​បី​ដំណាក់កាល​។ វិធានការ​ទាំងអស់នេះ​បាន​ធានា​ឱ្យ​សិស្សានុសិស្ស និស្សិត​នៅ​គ្រប់​ភូមិ​សិក្សា​នៅតែ​បន្ត​ទទួលបាន​សេវា អប់រំ​តាម​រូបភាព “​ការអប់រំ​តាមបែប​ចម្រុះ​” មានន័យថា សិស្ស​រៀន​នៅក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង និង​ធ្វើ​ស្វ័យ​សិក្សា​ផង ជាពិសេស​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ខិតខំ​ជំរុញ​ការអប់រំ​តាមបែប​ឌីជីថល ឬ​ការសិក្សា ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការអប់រំ​ពី​ចម្ងាយ​តាមបែប​ប្រពៃណី​ដោយ​ប្រើប្រាស់​សន្លឹក​កិច្ចការ និង មេរៀន​សង្ខេប ដោយបាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ ដូចជា​ការរៀបចំ​ផលិត និង​ផ្សព្វផ្សាយ វីដេអូ​បង្រៀន ការបង្កើត​ប្រព័ន្ធ​ទូរទស្សន៍​តេ​ជោ​ធី​វី “ ទ​ទក​២” និង​ការផ្សព្វផ្សាយ​វីដេអូ​បង្រៀន​តាម​បណ្តាញ ផ្សព្វផ្សាយ​ផ្លូវការ​ដទៃទៀត​។​

​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក៏បាន​អនុវត្ត​វិធាន​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ជា​បណ្តោះអាសន្ន នៅ​កន្លែង​ណា​ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​-១៩ និង​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​ជា​ដំណាក់កាលៗ ដែល ប្រការនេះ​អាច​ធានាបាន​ទាំង​សុវត្ថិភាព​សុខភាព​របស់លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ធានាបាន​នូវ​ការរៀន សូត្រ​របស់​សិស្សានុសិស្ស និស្សិត រហូតដល់​ឆ្នាំ​សិក្សា​២០១៩-២០២០ ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​នៅ​ចុង ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នេះ ដើម្បីឱ្យ​ដំណើរការ ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សូម​លើកឡើង​នូវ​ចំណុច​មួយចំនួន​ដូចតទៅ​៖

​ទី​១. រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​អាទិភាព​ទី​១ លើ​វិស័យ​អប់រំ និង​សុខាភិបាល បន្ទាប់ពី​កម្ពុជា​ទទួលផល​ពី​ដំណក់​ប្រេង​ដំបូង ស្របពេល​នៃ​ខួប​លើក​ទី​២២​ឆ្នាំ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ក្នុងការ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា និង​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ ឯកភាព​ជាតិ​ទាំងស្រុង ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជាតិ​ទាំងមូល​នៅក្នុង​រយៈពេល​២២​ឆ្នាំ មកនេះ​។​

​ទី​២. សូម​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​ក្នុង​បរិបទ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​អភិក្រម “៣​ការពារ ៣​កុំ​” ជាពិសេស​ការចូលរួម​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ក្នុង​គ្រឹះស្ថានសិក្សា ការអប់រំ​អំពី​សុវត្ថិភាព សុខភាព​សិក្សា ការរក្សា​គម្លាត​១,៥​ម៉ែត្រ និង​សុវត្ថិភាព​ចំណីអាហារ ។​

​ទី​៣. ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​បន្ត​ដឹកនាំ និង​អនុវត្ត​នូវ​ទស្សនាទាន​ថ្មី “​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ ” ដោយ​គិតគូរ​អំពី​ជម្រើស​ឱ្យបាន​ច្រើន​ក្នុង​ការផ្តល់សេវា​អប់រំ ជាពិសេស​ដំណើរការ​បង្រៀន អប់រំ និង​រៀន​ដែលមាន​ភាពទន់ភ្លន់ និង​ធ្វើ​វិមជ្ឈការ​នៃ​សេវា​អប់រំ អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​នៃ​ហានិភ័យ​ឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ និង​ស្ថានភាព​អប់រំ ។ ក្រសួង​អប់រំ​យុវជន​និង កីឡា​ត្រូវ​បន្ត​ជំរុញ “​ការអប់រំ​ឌីជីថល​” ឱ្យទាន់​សភាពការណ៍​ជាតិ តំបន់ និង​សកលលោក​។​

​ទី​៤. ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​រៀបចំ​និង​អនុវត្ត កម្មវិធីសិក្សា​បំ​ព្រួញ ដោយ​កំណត់​ជា​មុខវិជ្ជា កាតព្វកិច្ច និង​មុខវិជ្ជា​ជម្រើស មេរៀន​សិក្សា​ក្នុង​ថ្នាក់រៀន និង​មេរៀន​ស្វ័យ​សិក្សា ដើម្បី​ធានាថា ការរៀនសូត្រ​របស់​សិ​ស្សានុសិស្ស បាន​ពេញលេញ​ផ្តោតលើ​ចំណុច​សំខាន់ៗ​និង​ស៊ីជម្រៅ ជាពិសេស ។ មេរៀន​សម្រាប់​ថ្នាក់​ទី​៩ និង​ទី​១២ និង​ការកំណត់​មេរៀន​សម្រាប់​ការប្រឡង​សញ្ញាបត្រ​។​

​ទី​៥. ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ​ឱ្យស្រប​នឹង​បរិបទ​ថ្មីៗ ដែល​តម្រូវឱ្យមាន ភាពរស់រវើក និង​កាន់តែ​ធានាបាន​នូវ​ភាព​ស័ក្តិសិទ្ធិ​នៃ​ការដឹកនាំ និង​គ្រប់គ្រង​របស់​បុគ្គលិក​នៅ គ្រប់លំដាប់​ថ្នាក់ រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​គ្រូបង្រៀន ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង វិស័យ​អប់រំ និង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការអនុវត្ត​វិមជ្ឈការ​និង​វិសហមជ្ឈការ​ក្នុង​វិស័យ​អប់រំ និង​ការអភិវឌ្ឍ​សមត្ថភាព និង​វិជ្ជាជីវៈ​ជាប្រចាំ​ដល់​អ្នកគ្រប់គ្រង នាយក​សាលា និង គ្រូបង្រៀន​។​

​ទី​៦. ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​ផ្តោតលើ​ការឆ្លើយតប​ទៅនឹង​ទីផ្សារការងារ ដោយ​អនុវត្ត​វិធីសាស្ត្រ បង្រៀន​តាមបែប​ការ​រិះរក និង​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ក្នុង​សតវត្សរ៍​ទី​២១ ដែលជា​វិធីសាស្ត្រ​តាមបែប​ចម្រុះ ដោយ​សិស្ស​ត្រូវអនុវត្ត​ក្នុង​ថ្នាក់រៀន និង​ការធ្វើ​ស្វ័យ​សិក្សា និង​ការ​ផ្តោតលើ​ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជា​ជំនាញ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង សេដ្ឋកិច្ច​ឌីជីថល ជាពិសេស​សិស្ស​មាន​បំ​ណិ​ន​សតវត្សរ៍​ទី​២១ ។ ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ រួមទាំង​វគ្គ​វិ​ក្រឹ​ត​ការ​តាម​គ្រប់​រូបភាព ដើម្បី​លើកកម្ពស់​គុណ​វុ​ឌ្ឍ និង​សមត្ថភាព​របស់​គ្រូបង្រៀន​គ្រប់​កម្រិត ជាពិសេស​ការបង្រៀន និង​រៀន​តាមបែប​បច្ចេកវិទ្យា ទំនើប ។ ក្រសួង​ត្រូវ​បន្ត​កែលម្អ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដល់​សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ និង​បន្ទប់​សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង​របស់ សាលារៀន សម្រាប់​បម្រើ​ដល់​ការបង្រៀន​និង​រៀន​បែប​ថ្មី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​បរិបទ កូ​វីដ​-១៩​។​

​ទី​៧. គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ត្រូវខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ទាំង​សេវា​បង្រៀន និង​រៀន ដើម្បីឱ្យ​សាលារៀន​របស់​យើង​ក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍន៍​ជា​សាលារៀន​ជំនាន់​ថ្មី និង​ជា​សាលារៀន​ដែលមាន​ប្រសិទ្ធភាព​។ គ្រឹះស្ថានសិក្សា ត្រូវ​បន្ត​កសាង​បរិស្ថាន​សាលារៀន​ស្អាត សាលារៀន​បៃតង មាន​ទឹកស្អាត មាន​បង្គន់​អនាម័យ កន្លែង​លាង​និង​សួន​ធម្មជាតិ ។ ល ។ ឱ្យ​ស័ក្តិ​សមជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ករណី​មាន​ប្រធាន​ស័ក្តិ កើតឡើង ដូចជា​អាកាសធាតុ​ក្តៅ​ហួតហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់ និង​ការ​រាតត្បាត​នៃ​ជំងឺ​នានា ។​

​ទី​៨. លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​បន្ត​ដើរតួ​ជា​បុគ្គល នាំមុខ ជា​ឪពុក ម្តាយ​ទី​២ ជា​មគ្គុទ្ទេសក៍ ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ព្រមទាំង​ត្រូវខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជាប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ គរុកោសល្យ​ថ្មីៗ​មក​បង្ហាត់បង្រៀន​ដល់​សិស្ស និស្សិត​ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ និង​អភិវឌ្ឍ​ខ្លួន​ទៅជា​ពលរដ្ឋ​សកល និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត ។​

​ទី​៩. ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន យុវនារី​ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ​និង​ស្រាវជ្រាវ​ឱ្យ បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុង “​អំពើ​ល្អ​” ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ​យើង​ទាំងមូល​។ ជាមួយគ្នានេះដែរ សូម​ក្មួយៗ​ចងចាំ​ជានិច្ច​ថា បើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុកម្តាយ និង​សង្គមជាតិ​យើង គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ទី​១០. មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប សូម​នាំ​កូន នាំ​ចៅ​មក​ចុះឈ្មោះ​ចូលរៀន និង​បន្ត​ផ្តល់​គាំទ្រ ការលើកទឹកចិត្ត និង​ការបង្រៀន​បន្ថែម​ដល់​កូន ដល់​ចៅ​តាម​គ្រប់​រូបភាព​។​

​ទី​១១. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់ និង​ចូលរួម​គាំទ្រ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សាលារៀន ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​និង​ការគាំទ្រ​ផ្សេងទៀត​តាម​គ្រប់​លទ្ធភាព ជាពិសេស​ការចូលរួម​សហការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ធានា​នូវ​សុវត្ថិភាព​សុខភាព ការអប់រំ​អំពី​អនាម័យ និង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ សិក្សា​។ -១៩ ឱ្យបាន​ម៉ឺងម៉ាត់ ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឱ្យ​មាន​ឆ្លង​ជំងឺ​កូ​រី​៥-១៩ នៅក្នុង​គ្រឹះស្ថាន​

​ទី​១២. គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត សូម​បន្ត​ជួយ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​យុទ្ធនាការ​នៃ​ការប្រមូល​កុមារ​ចូលរៀន និង​សារៈសំខាន់​នៃ​ការអប់រំ ជាពិសេស​ការផលិត​ក​ម្ម​វិធី​អប់រំ និង​វីដេអូ​បង្រៀន ដើម្បីឱ្យ​សេវា​អប់រំ​កាន់តែ​បាន​ឈានទៅដល់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹង​ទស្សនាទាន​នៃ​ការអប់រំ​ពេញ​មួយជីវិត ។​

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់ ព្រះអង្គ សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​សប្បុរសជន​នានា ដែល​តែងតែបាន​រួមចំណែក​ក​សាង និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឱ្យមាន​ដំណើរ​ការរីក​ចម្រើន​គួរ​ជាទី​មោទនៈ ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ផ្តល់នូវ​កិច្ចសហការ​ល្អ​តទៅទៀត ដើម្បី​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​  

spot_img
×